កម្ពុជា-សង្គម

អភិបាលខេត្តកណ្តាល៖ សំណង់មិនរៀបរយលើទឹកដែលកិលមកពីភ្នំពេញត្រូវបានបណ្តេញចេញភ្លាមៗ

កម្លាំងសមត្ថកិច្ចកំពុងធ្វើការទប់ស្កាត់ និងបានធ្វើការបណ្តេញចេញផ្ទះមិនរៀបរយលើផ្ទៃទឹក
កម្លាំងសមត្ថកិច្ចកំពុងធ្វើការទប់ស្កាត់ និងបានធ្វើការបណ្តេញចេញផ្ទះមិនរៀបរយលើផ្ទៃទឹក © សហការី

ថ្ងៃ​សៅរ៍ទី​១២​មិថុនា​នេះ​ ជា​ថ្ងៃ​ឱសានវាទ​ដែល​សាលា​រាជធានីភ្នំពេញ​អោយ​​ផ្ទះ​បណ្តែត​ទឹក​ បែចិញ្ចឹមត្រី​និង​សំណង់​មិន​រៀបរយ​ត្រូវ​​រុះរើ​ចេញ​អោយ​អស់​នៅ​លើ​ផ្ទៃទន្លេ​ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ​។ ទន្ទឹមគ្នា​នេះ ​សំណង់​មិន​រៀបរយ​លើ​ទឹក​ទាំងនោះ​មួយ​ចំនួន​ បាន​បណ្តែត​ចេញ​ពី​រាជធានីភ្នំពេញចូល​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​កណ្តាល​។ អភិបាល​ខេត្ត​កណ្តាល ​បាន​គូសបញ្ចាក់​ថា ​កងកម្លាំង​សមត្ថកិច្ច​ខេត្ត​កំពុង​ធ្វើការ​ទប់ស្កាត់​ និង​បាន​ធ្វើការ​បណ្តេញ​ចេញ​ភ្លាមៗ​តែ​ម្តង​នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១២​មិថុនា​នេះ​។

ផ្សាយពាណិជ្ជកម្ម

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនាថ្ងៃទី១២មិថុនានេះ បានប្រាប់វិទ្យុបារាំង ថាមាន​ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយមួយចំនួនទើប​បានបណ្តែតខ្លួនចូល​ភូមិសាស្ត្រខេត្តកណ្តាលត្រង់​ស្រុកកៀនស្វាយដែលកិល​​មក​ពីរាជធានីភ្នំពេញ។ វត្តមានសំណង់​បណ្តែតទឹកថ្មីៗនេះ គឺជា​សកម្មភាពរុញមកពីរាជធានី​ភ្នំពេញដែលកំពុងចាត់វិធានការក្តៅលើ​​ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយជាដើម។

បើតាមលោកអភិបាលខេត្ត គិតត្រឹមព្រឹកនេះ សំណង់មិនរៀបរយបណ្តែត​ចូលមកនោះ គឺមានចំនួនតិចតួចនោះទេ ហើយអាជ្ញាធរខេត្តបាន​ទប់ស្កាត់​ និងជុំរុ​ញអោយសំណង់មិនរៀបរយទាំងនោះ​បណ្តែត​ត្រឡប់ទៅវិញ ឬក៏រើចេញពីផ្ទៃទឹកទៅទីតាំងត្រឹមត្រូវវិញ។ ​

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល​ បានបញ្ជាក់ទៀតថា ខណៈពេលដែលរដ្ឋបាលខេត្តកណ្តាលមិនទាន់មានចំណាត់ការចំពោះ​ផ្ទះ​បណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយក្នុងភូមិសាស្ត្រខ្លួន វត្តមាន​សំណង់មិនរៀបរយនៅលើផ្ទៃទឹកចាស់ៗ​ ពោលអ្នកចាស់បន្តនៅធម្មតា ក៏ប៉ុន្តែហាម​​អ្នកថ្មីដែលកិលចូលនៅ​ជាដាច់ខាត់ ​បើទោះបី​ជាមកពីភូមិសាស្ត្រណាក៏ដោយ។

សូមរំព្ញកថា ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក សោភ័ណ្ឌភាពរាជធានីភ្នំពេញ និងលុបបំបាត់បាតុភាពអសកម្ម រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១សប្ដាហ៍ ពោលគឺត្រឹមថ្ងៃទី​៩មិថុនា។ ប៉ុន្តែ សាលារាជធានីភ្នំពេញ បានពន្យារពេលបន្ថែមដល់ពួកគេរហូតត្រឹមថ្ងៃទី១២ខែមិថុនានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI