កម្ពុជា-សង្គម

អាជ្ញាធរជំរុញឲ្យរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ខណៈប្រជាជនមួយចំនួនភ្លេចការពារខ្លួនពីកូវីដ១៩

ទិដ្ឋភាពទូទៅនៃការធ្វើដំណើររបស់ប្រជាជនកំឡុងពេលកូវីដ១៩
ទិដ្ឋភាពទូទៅនៃការធ្វើដំណើររបស់ប្រជាជនកំឡុងពេលកូវីដ១៩ AP - Heng Sinith

សាលា​រាជធានីភ្នំពេញ​កាល​ពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម​​ស្តីពីការ​រឹត​បន្តឹង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ ចំពោះ​សកម្មភាព​ការងារ មុខ​របរ ឬអាជីវកម្ម និង​ការជួបជុំ ​ឬ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​នៅទីក្រុង​ភ្នំពេញ។ សេចក្តី​ណែនាំនេះ​​គឺ​ធ្វើ​ឡើង​ដោយសារតែ​អាជ្ញាធរ​បានកត់​សំគាល់​ឃើញថា ប្រជាពលរដ្ឋមួយចំនួន ហាក់​មាន​ការ​ធ្វេស​ប្រហែស ភ្លេច​ការពារ​ខ្លួន និង​មិនបាន​អនុវត្ត​នូវ​វិធាន​សុខាភិបាល​ដើម្បី​ការពារកូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ប្រជាជន​មួយចំនួនហាក់ដូចជា​ធ្វេស​ប្រហែស ភ្លេច​ការពារ​ខ្លួនពីជំងឺកូវីដ១៩​ នៅពេលនេះគឺជា​ហានិភ័យអាច​បណ្តាល​ឲ្យ​មានការ​ឆ្លង​រាលដាលធ្ងន់​ធ្ងរ​ទៅ​ដល់​សហគមន៍ ហើយ​នាំឲ្យ​ភូមិ​សាស្ត្រ​មួយ​ចំនួន​ត្រូវ​បិទ​ខ្ទប់ជាថ្មីទៀត។ នេះគឺជាការព្រមាន​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​តាម​រយៈ​សេចក្តី​ណែនាំ​ចុះថ្ងៃទី១១មិថុនា។

​បើតាម​អាជ្ញាធរ​ដដែល ការ​ធ្វេស​ប្រហែស​របស់​ប្រជាជន​មួយចំនួន ​ក្នុង​ការ​ការពារ​ខ្លួន​ពីជំងឺ​កូវីដ១៩​ នៅពេលនេះ គឺស្របពេល​ដែល​វិធានការ​របស់​អាជ្ញាធរ​ត្រូវបាន​បន្ធូរ​បន្ថយ។

នៅចំពោះមុខ​ ហានិភ័យ​នៃការ​ឆ្លង​រាលដាល​កូវីដ១៩​នេះ អាជ្ញាធ​រ​ក្រុង​ភ្នំពេញ​បានដាក់ចេញ​នូវ​វិធានការ​ចំនួន​១០​ចំណុច ឲ្យម្ចាស់​អាជីវកម្ម សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានហិរញ្ញវត្ថុ ភោជនីដ្ឋាន អាហារដ្ឋាន ​​ផ្សារទំនើប និង​មន្ត្រីរាជការ ព្រម​ទាំងបុគ្គិលជាប់​កិច្ចសន្យា​អនុវត្ត ​ឲ្យបាន​តឹងរឹងឡើងវិញ​ពីវិធានសុខាភិបាល។

វិធានការចាំបាច់​​ដែល​ត្រូវអនុវត្តនោះ រួមមាន ត្រូវប្រកាន់​ខ្ជាប់នូវការពាក់ម៉ាស់ ការ​រក្សា​គម្លាត១,៥​ម៉ែត្រ ហាម​ដាច់​ខាត​ការជួបជុំ​ទទួលទានអាហារ ឬការជួបជុំ​ណាដែល​មិនមាន​ការ​រក្សាគម្លាត​សុវត្ថិភាព។

លើស​នេះទៀត សាលារៀន រោងភាពយន្ត  ក្លឹបកំសាន្ត ខារ៉ាអូខេ ហាងម៉ាស្សា និង​សួនកំសាន្ត ជាដើម គឺ​ត្រូវ​បន្តបិទ​រហូត​ដល់​មានការ​ជូនដំណឹងជាថ្មី ខណៈ​ប្រជាជន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ស្នាក់​នៅតែ​ក្នុង​ផ្ទះ ប្រសិន​បើ គ្មាន​ការចាំបាច់ត្រូវ​ចេញទៅ​ខាងក្រៅ។

ជាមួយនឹងការ​ដាក់ចេញនូវវិធានការ​ទាំងនេះ អភិបាល​រាជធានីភ្នំពេញ ក៏បាន​ដាក់​បញ្ជាឲ្យ​រដ្ឋ​បាល​ខណ្ឌ​ទាំង​១៤ និងអង្គភាព​ពាក់ព័ន្ធ ត្រូវចុះ​ពិនិត្យ​គ្រប់​ពេល នូវ​សកម្មភាព មុខរបរ ឬអាជីវកម្ម​​ដែល​ត្រូ​វ​បាន​លើក​លែង។ ក្នុងករណី​ដែល​មានសកម្មភាព​ល្មើស​ គឺត្រូវ​ចាត់​វិធានការរដ្ឋបាល និងវិធានការ​ផ្លូវច្បាប់ ហើយ​ផ្សព្វផ្សាយជាសាធារណៈចំពោះ​បុគ្គលល្មើស ស្រប​តាម​វិធានច្បាប់​ស្តីពីការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កូវីដ១៩៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI