កម្ពុជា-សេដ្ឋកិច្ច

អ្នកជំនាញថាសេដ្ឋកិច្ចកម្ពុជាអាចពិបាកងើបឡើងវិញ ប្រសិនបើព្រឹត្តិការណ៍២០កុម្ភៈអូសបន្លាយដល់ត្រីមាសទី៣

ទិដ្ឋភាពទីក្រុងភ្នំពេញ (វិមានសន្តិភាព)
ទិដ្ឋភាពទីក្រុងភ្នំពេញ (វិមានសន្តិភាព) © RFI/Soeung Phearak

សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ពិបាក​ងើប​ឡើង​វិញ​ ឬ​មាន​កំណើន​០%​ ប្រសិន​បើ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅ​បន្ត​អូសបន្លាយ​រហូត​ដល់​ខែ​កញ្ញា ​ឬ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២១​។ នេះ​បើ​តាម​ការ​ព្យាករណ៍​ពី​សំណាក់​លោក​បណ្ឌិត គី សិរីវឌ្ឍន៍ ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៣​នេះ​។ តាម​លោក​ គី សិរីវឌ្ឍន៍ ​ការ​ឈាន​ទៅ​បិទ​បញ្ចប់​បាន​នូវ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ជា​រឿង​សំខាន់​ ដែល​អាច​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​មក​វិញ​។

ផ្សាយពាណិជ្ជកម្ម

រយៈពេលជាង៤ខែដែលព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ សហគមន៍២០កុម្ភៈបន្តអូសបន្លាយ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាហាក់នៅចំណុចមួយដែលមិនទាន់អាចងើបឡើងមកវិញបាន។ លោក គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១ស្ថិតក្នុងសភាពមួយត្រដងត្រសងនឹងសេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២០ នៅពេលជំងឺកូវីដ-១៩ចាប់ផ្តើមវាយលុក។ ការអះអាងដូច្នេះ ក៏ព្រោះតែវិស័យសេវាកម្ម និងវិស័យសហគ្រាសធុនតូចនិងមធ្យមកម្ពុជា នៅមិនទាន់អាចកំរើកបាននៅឡើយ។

ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ លើកឡើងដែរថា ការនាំចេញនូវផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២១នេះ ជាការជំនួសបានមកវិញនិងទ្រទ្រង់នូវលំហូរសេដ្ឋកិច្ចកម្ពុជា ដែលកកស្ទះលើការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ និងឧស្សាហកម្ម។

បើតាមលោក គី សិរីវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជានឹងមានសញ្ញាណល្អមកវិញ ប្រសិនបើព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ជាសហគមន៍នៅកម្ពុជាបានបញ្ចប់ជាស្ថាពរ។ ពោលគឺប្រសិនបើព្រឹត្តិការណ៍សហគមន៍អាចបញ្ចប់ត្រឹមខែមិថុនា នោះកម្ពុជានឹងមានពេលវេលាល្អមួយ ក្នុងការស្តារសេដ្ឋកិច្ចខ្លួនត្រលប់មករង្វង់១ទៅ២%។ តែក្នុងករណីអូសបន្លាយដល់ត្រីមាសទី៣ ឬខែកញ្ញា នោះកម្ពុជានឹងមានពេលវេលាតិចតួចក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

កាលពីចុងខែឧសភាកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ីADB បានព្យាករថាសេដ្ឋកិច្ចកម្ពុជាអាចមានកំណើន៤%នៅឆ្នាំ២០២១ និង៥.៥%នៅឆ្នាំ២០២២ខាងមុខ។ ស្រដៀងគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏ធ្លាប់ព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងរង្វង់ប្រមាណ៤.២%នៅឆ្នាំ២០២១ និង៦%នៅឆ្នាំ២០២២។ បើ​តាម​ស្ថាប័ន​អន្តរជាតិ​ទាំង​២​នេះ ​កំណើន​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ពិភពលោក ​ជា​ពិសេស ​ប្រទេស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា បាន​ងើប​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI