កម្ពុជា-ច្បាប់

លោក ផាន អូន៖ បើម្ចាស់អាជីវកម្មណាមិនមានភាពសុចរិតលើកទី២ ពួកគេប្រឈមនឹងចំណាត់ការទៅតុលាការ

សកម្មភាពនៃការចុះទៅដល់ទីតាំងរបស់មន្ត្រីដើម្បីត្រួតពិនិត្យផលិផលរបស់អាជីវករ
សកម្មភាពនៃការចុះទៅដល់ទីតាំងរបស់មន្ត្រីដើម្បីត្រួតពិនិត្យផលិផលរបស់អាជីវករ © FB

អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង​ និងបង្ក្រាប​ការក្លែងក្លា​យ (ក.ប.ប) នឹងចាប់ផ្តើមធ្វើការពិន័យ​អន្តរការណ៍​យ៉ាងជាក់លាក់​ ចាប់ពីថ្ងៃទី១​ ខែកក្កដា ​ឆ្នាំ២០២១ ​តទៅចំពោះអាជីវករ​ ពាណិជ្ជករ​ ផលិតករ​ និងម្ចាស់ក្រុមហ៊ុនណា ​ដែលប្រកបរបរអាជីវកម្ម​របស់ខ្លួន​ដោយមិនមាន​ភាពសុចរិត​។ ​លោក ផាន អូន​ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ ក.ប.ប​ ក្រសួងពាណិជ្ជកម្ម ​ថ្លែងប្រាប់វិទ្យុបារាំង​អន្តរជាតិ RFI ​នៅថ្ងៃចន្ទនេះថា​ សមត្ថកិច្ច​របស់លោក​ទុកឱកាសរយៈពេល​ជិត១ខែ ​ដើម្បីផ្សព្វផ្សាយ​ដល់អាជីវករ​ ពាណិជ្ជករ​ ឬក្រុមហ៊ុនទាំងអស់​ ឲ្យបាន​ទទួលព័ត៌មាន​ទាំងអស់នេះ  ហើយត្រូវ​អនុវត្តតាមច្បាប់​ ពោលគឺត្រូវធ្វើអាជីវកម្ម​ដោយភាពសុចរិត​។ ​លោក ផាន អូន ​ព្រមានថាបើ​ម្ចាស់អាជីវកម្មណា​មិនគោរពតាមខ្លឹមសារ​នៃច្បាប់នេះចំនួន​ ២លើក ​នោះនឹងប្រឈម​ចំណាត់ការ​តាមផ្លូវតុលាការ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ផាន អូន រៀបចំជូនដោយ ញឹម សុផល៖

សូមបញ្ជាក់ថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសដាក់ឲ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ច្បាប់នេះត្រូវបានដាក់ឲ្យប្រើប្រាស់ផង និងអប់រំផ្សព្វផ្សាយផង ខណៈដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩។ ក៏ប៉ុន្តែកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសអន្តរក្រសួងមួយស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ តាមរយៈការចាប់ផ្តើមរឹតបន្តឹងនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅពេលនេះ ត្រូវបានអ្នកតាមដានសង្គមនានាមើលឃើញថា នឹងអាចជួយដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានអត្ថប្រយោជន៍ពេញលេញជាពិសេសអតិថិជន ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នតែងទទួលរងនូវការធ្វើពាណិជ្ជកម្មបោកប្រាស់គ្រប់រូបភាព និង យ៉ាងអនាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI