កម្ពុជា-ច្បាប់

ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីជាង១ពាន់ទីតាំងបានរើចេញពីផ្ទៃទន្លេរាជធានីភ្នំពេញ

សកម្មភាពនៃការរុះរើផ្ទះលើទឹក
សកម្មភាពនៃការរុះរើផ្ទះលើទឹក AP - Heng Sinith

ផ្ទះបណ្តែតទឹក​ បែចិញ្ចឹមត្រី​ និងសំណង់​មិនរៀបរយ​តាមដងទន្លេ​ក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ប្រមាណជាង១៧០០ទីតាំង​ បានរើចេញពីផ្ទៃទឹក​ នៅខណៈឱសានវាទ​រុះរើបានផុតកំណត់​តាំងពីថ្ងៃទី១២មិថុនាមក​។​ នេះបើតាម​ការបញ្ជាក់ពីលោក​ សាន សុខសីហា ​អ្នកនាំពាក្យ​ស្នងការ​រាជធានីភ្នំពេញ។​ ​ដោយឡែកសម្រាប់សំណង់​មួយចំនួនដែលមិនទាន់រើចេញ​ កម្លាំងសមត្ថកិច្ច​នៅបន្ត​ចុះទៅត្រួតពិនិត្យ​និងណែនាំឲ្យអនុវត្ត​បានសេចក្តី​សម្រេច​របស់​សាលារាជធានីភ្នំពេញ​។

ផ្សាយពាណិជ្ជកម្ម

ផ្ទះបណ្តែតទឹកជាង៨០០ខ្នង បែចិញ្ចឹមត្រីជាង៨០០ទីតាំង និងសំណង់មិនរៀបរយមួយចំនួន ក្នុងខណ្ឌចំនួន៦ បានរើចេញរួចរាល់ពីផ្ទៃទឹកនៃដងទន្លេចតុមុខរាជធានីភ្នំពេញ។ ក៏ប៉ុន្តែក៏នៅមានផ្ទះបណ្តែតទឹកមួយចំនួនទៀត នៅមិនទាន់រុះរើរួចរាល់នៅឡើយ ស្របពេលដែរឱសានវាទរបស់សាលារាជធានីភ្នំពេញ ទុកពេលឲ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹករុះរើចេញ បានផុតកំណត់បីថ្ងៃមកហើយ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារនេះថា សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់បានរុះរើចេញ អាជ្ញាធរសមត្ថកិច្ចនៅតែបន្តចុះទៅអប់រំនិងក្រើនរំលឹកឲ្យរុះរើចេញពីផ្ទៃទន្លេជាបន្ទាន់ ហើយឱសានវាទជាបន្តសម្រាប់ប្រជាពលរដ្ឋដែលសេសសល់នេះ នៅមិនទាន់មានការប្រកាសណាមួយនោះទេ ដោយត្រូវរង់ចាំការសម្រេចពីសាលារាជធានីភ្នំពេញជាមុន។

បើតាមអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញរូបនេះ ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកបានស្ម័គ្រចិត្តរុះរើផ្ទះ និងបែចិញ្ចឹមត្រីខ្លួនជាបន្តបន្ទាប់គ្នា ដោយមិនមានការថ្នាំងថ្នាក់ណាមួយកើតឡើងជាមួយអាជ្ញាធរសមត្ថកិច្ច និងការប្រើប្រាស់វិធានការក្តៅណាមួយឡើយ។ ជាគោលការណ៍ការរុះរើនេះ នឹងកំណត់ឲ្យប្រជាពលរដ្ឋទាំងនោះចេញពីផ្ទៃទឹកនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០២មិថុនា។

សេចក្តីសម្រេចបានប្រកាសទុកពេល១សប្តាហ៍ពេញ ដើម្បីឱ្យប្រជាពលរដ្ឋរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ​​ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការធ្វើបែបនេះ គឺដើម្បីថែរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ។

ការទុកពេលមួយសប្តាហ៍នេះ ត្រូវបានឯកអគ្គរដ្ឋទូតវៀតណាមចេញមកឆ្លើយតបតាមបណ្តាញសង្គមហ្វេសប៊ុកវិញថា មិនអាចធ្វើទៅរួច និងស្នើសុំពន្យារពេល។

ក្រោយមកសាលារាជធានីភ្នំពេញ ក៏លើកឱសានវាទរុះរើមកថ្ងៃទី១២មិថុនាវិញ។ យ៉ាងនេះក្តី ឱសានវាទនេះបានផុតកំណត់រយៈពេល៣ថ្ងៃហើយ តែផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយ ក្នុងភូមិសាស្រ្តខណ្ឌចំនួន៦ មួយចំនួនទៀតនៅមិនទាន់រុះរើអស់ទាំងស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI