កម្ពុជា-កូវិដ១៩

ផ្សាររដ្ឋនៅភ្នំពេញចាប់ផ្តើមបើកឡើងវិញហើយ ជាមួយសកម្មភាពមិនសូវអ៊ូអរ

ការទិញបន្លែនៅតាមទីផ្សារកម្ពុជា
ការទិញបន្លែនៅតាមទីផ្សារកម្ពុជា © សហការី

ផ្សាររដ្ឋទាំងអស់​នៅក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បានបើកដំណើរការ​ឡើងវិញ​ហើយនៅថ្ងៃទី១៥ ​ខែមិថុនានេះ ​ក្រោយពីបានបិទ​អស់រយៈពេលជិត​ ២ខែកន្លងទៅ។​ ការប្រកាស​អនុញ្ញាត​ឲ្យបើកដំណើរការ​ផ្សាររដ្ឋ​ឡើងវិញពេលនេះ ​ទំនង​ស្ថានភាព​នៃការឆ្លង​ជំងឺកូវីដ-១៩​ នៅរាជធានី​ហាក់មានការធូរស្រាល ​តាមរយៈតួលេខ​អ្នកឆ្លងរយៈពេល​២ថ្ងៃចុងក្រោយនេះ។​ ក៏ប៉ុន្តែការបើក​ឲ្យដំណើរ​ការអាជីវកម្ម​ផ្សាររដ្ឋ​ឡើងវិញនេះ ​នៅមិនទាន់មាន​សកម្មភាព​លក់ដូរ​ អ៊ូអរនៅឡើយ​។

ផ្សាយពាណិជ្ជកម្ម

អាជីវករនានា ដែលលក់ទំនិញមិនចាំបាច់ មិនមែនជាគ្រឿងឧបភោគបរិភោគ ដូចជារបស់របរប្រើប្រាស់ផ្សេងៗ បានចាប់ផ្តើមចូលទៅក្នុងផ្សារធំ តូច របស់រដ្ឋ ចំនួន២៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារ ដើម្បីបើកទ្វារតូបរបស់ពួកគេរៀងៗខ្លួនឡើងវិញ។

កាលពីយប់ថ្ងៃចន្ទម្សិលមិញ សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តទៅ។ ក៏ប៉ុន្តែគ្រប់អាជីវកម្ម ការលក់ដូរ ដែលត្រូវបានអនុញ្ញាតនេះ ត្រូវអនុវត្តតាមវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដូចជាកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ការវាស់កំដៅ ស្គេនQR Code ជាដើម។

ទោះយ៉ាងណា នៅថ្ងៃដំបូងនៃការបើកឲ្យដំណើរការផ្សាររដ្ឋឡើងវិញនេះ អាជីវករមួយចំនួន នៅមិនទាន់ចូលទៅបើកទ្វារតូបរបស់ខ្លួនទេ អ្នកទិញក៏មិនសូវមានដែរ ខណៈអាជីវករខ្លះបានបោសសម្អាតអនាម័យតូបរបស់ខ្លួនផង ត្អូញត្អែរផងថា ពួកគេបានបាត់បង់ប្រាក់ចំណូលអស់ជាច្រើនពីការខកខានមិនបានលក់ដូរជិត២ខែកន្លងទៅ។

សូមរំលឹកថាសាលា​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៣ ខែ​មេសាកន្លងទៅ បានប្រកាស​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំង​អស់ នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រោយអាជ្ញាធររកឃើញថា មានប្រជាពលរដ្ឋ និងអាជីវករកាន់តែច្រើនទៅៗ បានឆ្លងជំងឺកូវីដ-១៩។

ក៏ប៉ុន្តែក្រោយមក កាលពីថ្ងៃទី២៤ ខែឧសភា ផ្សាររដ្ឋទាំងអស់ត្រូវបានអនុញ្ញាតិឲ្យអាជីវករចូលលក់ដូរ ទំនិញណាដែលចាំបាច់ ដូចជាគ្រឿងឧបភោគបរិភោគជាដើម។ ដោយឡែក ផ្សារក្រមួន និងផ្សារមិនរៀបរយទាំងអស់មិនត្រូវបានបញ្ជាក់ដោយអាជ្ញាធរថាត្រូវអនុញ្ញាតឲ្យបើកឡើងវិញនៅពេលណានោះទេ។

សូមបញ្ជាក់ថាមកទល់ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៩ ៤៦៤នាក់ ជាសះស្បើយចំនួន ៣៣ ៥៧១នាក់ និងមានអ្នកស្លាប់សរុប ៣៦១នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI