កម្ពុជា-នយោបាយ

លោកថាច់ សេដ្ឋា បដិសេដថា មិនបានចូលរួមបង្កើតគណបក្សថ្មីបេះដូងជាតិនោះទេ

ស្លាកសញ្ញារបស់គណបក្សបេះដូងជាតិ
ស្លាកសញ្ញារបស់គណបក្សបេះដូងជាតិ © FB

ថ្មីៗនេះ ​មានការលេចឡើង​នូវគណបក្ស​នយោបាយថ្មី​មួយទៀត​ គឺគណបក្ស​បេះដូងជាតិ​ដែលកំពុងរៀបចំ​ចុះបញ្ជី​ជាផ្លូវការ​នៅក្រសួង​មហាផ្ទៃ។​ មន្រ្តី ​និងសកម្មជន​អតីតគណបក្ស​សង្រ្គោះជាតិ ​បានបង្ហើប​ឱ្យដឹងថា ​គណបក្សនយោបាយថ្មីនេះ​ គឺបានផ្តួចផ្តើម​បង្កើតឡើង​ដោយលោក​ថាច់ សេដ្ឋា ​អតីត​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង និង​ជាប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និងអតីត​សកម្មជន​អតីតបក្ស​សង្រ្គោះជាតិ​ដទៃទៀត​។​ ប៉ុន្តែ ​លោកថាច់ សេដ្ឋា ​បានអះអាង​ប្រាប់វិទ្យុបារាំង​អន្តរជាតិថា ​រូបលោក​មិនជាប់ពាក់ព័ន្ធ​នឹងគណបក្ស​នយោបាយថ្មី​នេះឡើយ។

ផ្សាយពាណិជ្ជកម្ម

អតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំង និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោកថាច់ សេដ្ឋា បានបដិសេធថា លោកមិនបានចូលរួមបង្កើតគណបក្សនយោបាយថ្មីឈ្មោះថា បេះដូងជាតិនោះទេ។ ប៉ុន្តែ លោកបានអះអាងថា លោកបានដឹងពីគណបក្សនយោយថ្មីនេះដែលមានភ្ជាប់ជាមួយនឹងរូបលោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានផ្សេងៗតែប៉ុណ្ណោះ។

កាលពីថ្ងៃទី១៤ ខែមិថុនា លោកហ៊ុន កុសល សកម្មជនអតីតគណបក្សសង្រ្គោះជាតិបានបង្ហាញឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ក្រុមលោកថាច់ សេដ្ឋា និងកញ្ញាស៊ិន ចាន់ពៅរ៉ូស្សិត ដែលជាសកម្មជនអតីតបក្សប្រឆាំងនៅខេត្តបាត់ដំបងបានរួមគ្នាដំណើរការគណបក្សថ្មីបេះដូងជាតិ។ លោកហ៊ុន កុសល នៅថែមលើកឡើងទៀតថា ការបង្កើតគណបក្សនយោបាយថ្មីនេះ ប្រហែលជាមានការគាំទ្រពីសំណាក់លោកអេង ឆៃអ៊ាង និងលោកសម រង្ស៊ីពីខាងក្រៅប្រទេស។ រីឯ អតីតមន្រ្តីជាន់ខ្ពស់មួយរូបនៃអតីតបក្សប្រឆាំងក៏បានបង្ហើបឱ្យដឹងថា គណបក្សថ្មីនេះ គឺនៅក្រោមការរៀបចំរបស់ក្រុមលោកថាច់ សេដ្ឋាដែរ ពោល គឺតាំងពីរូបលោកបានស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយមកម្លេះ។

ប៉ុន្តែ លោកថាច់ សេដ្ឋា បានអះអាងថា មិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយថ្មីនេះឡើយ ហើយថា នៅពេលនេះ លោកកំពុងរវល់ដៃនឹងកិច្ចការសហគមន៍ខ្មែរកម្ពុជាក្រោមរបស់លោក។ ចំណែក លោកអេង ឆៃអ៊ាង អនុប្រធាន និងលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្កោះជាតិនៅក្រៅប្រទេស ក៏ដូចជាកញ្ញាស៊ិន ចាន់ពៅរ៉ូស្សិតវិញ គឺតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនមិនបានបដិសេធ ឬនិយាយអ្វីពាក់ព័ន្ធនឹងគណបក្សនយោបាយថ្មីនេះនោះទេ។

គណបក្សថ្មីបេះដូងជាតិ បានស្នើសុំចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែ នៅថ្ងៃទី០៩ ខែមិថុនា ក្រសួងមហាផ្ទៃបានប្រាប់ឱ្យគណបក្សនេះរៀបចំសញ្ញាសម្គាល់របស់គណបក្សដោយ​អនុលោម​តាម​ការកំណត់​ក្នុង​បញ្ញត្តិ​មាត្រា​១១​ថ្មី នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយនៅពេលរៀបចំរួច​រាល់ ​ត្រូវ​ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃជា​កំណត់។ តំណាងស្ថាបនិកបង្កើតគណបក្សបេះដូងជាតិនេះ គឺលោកសៀម ភ្លុក ប៉ុន្តែវិទ្យុបារាំងអន្តរជាតិមិនទាន់អាចស្វែងរកការទាក់ទងជាមួយរូបលោក ដើម្បីសួរបំភ្លឺបន្ថែមពីការបង្កើតគណបក្សថ្មីនេះបានឡើយទេនៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI