កម្ពុជា-សេដ្ឋកិច្ច

អង្គការសហប្រជាជាតិ៖ កម្មករជាច្រើន ខ្វះលទ្ធភាពក្នុងការទទួលបានកញ្ចប់សុវត្ថិភាពសង្គម

សកម្មភាពនៃការធ្វើការរបស់កម្មករ កម្មការិនីរោងចក្រ
សកម្មភាពនៃការធ្វើការរបស់កម្មករ កម្មការិនីរោងចក្រ © សហការី

អង្គការសហប្រជាជាតិ​ប្រចាំនៅកម្ពុជា​តាមរយៈ​ឯកសារ​ព័ត៌មានទី៧​ ដែលចេញផ្សាយ​កាលពីថ្ងៃទី១៥​ ខែមិថុនា​ បានបង្ហាញពីការគាំទ្រ​របស់ខ្លួន​ដល់កម្មករ​កាត់ដេរ​ ក្នុងការឆ្លើយតប​ទៅនឹងជំងឺកូវីដ-១៩​។​ ការបង្ហាញការ​តាំងចិត្តរបស់អង្គការ​សហប្រជាជាតិ​ក្នុងការគាំទ្រ​ដល់កម្មករ​ ក្នុងវិស័យ​កាត់ដេរដូច្នេះ ​ធ្វើឡើងខណៈដែល​កម្មករខ្មែរ​ កំពុងប្រឈម​យ៉ាងខ្លាំង​ទៅនឹងការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩​ និងផលប៉ះពាល់សេ​ដ្ឋកិច្ចរបស់ពួកគេ​នៅក្នុងអំឡុងពេល​នៃវិបត្តិសកលមួយនេះ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងអត្ថបទដ៏វែង ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិប្រចាំកម្ពុជាកាលពីថ្ងៃអង្គារ ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មកាត់ដេរកម្ពុជា។ ការរាតត្បាតនៃជំងឺនេះ ធ្វើឲ្យរោងចក្រមួយចំនួន ឈានទៅដល់ការបិទទ្វារជាបណ្តោះអាសន្ន ការបញ្ឈប់ពីការងារ និងការដែលមិនទទួលបានប្រាក់ពេលឈប់សម្រាក បានប៉ះពាល់ដល់ការរស់នៅជាប្រចាំថ្ងៃរបស់កម្មករផ្នែកកាត់ដេរប្រមាណ ៩០០ ០០០នាក់។

អង្គការសហប្រជាជាតិឲ្យដឹងទៀតថា ស្រ្តីបានរួមចំណែកកម្លាំងរបស់ខ្លួនរហូតដល់៨០% នៅក្នុងវិស័យកាត់ដេរ ក៏ប៉ុន្តែដោយសារការរាលដាលនេះ បានធ្វើឲ្យពួកគេជួបប្រទះនឹងវិសមភាពកាន់តែខ្លាំងឡើង និងឈានទៅរកភាពក្រីក្រកាន់តែជ្រៅ។ ភាពកកកុញ ទំនាក់ទំនងជិតស្និទ្ធិ និងស្ថិតក្នុងទីតាំងបិទជិត គឺជាហានិភ័យមួយខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ កម្មករក្នុងវិស័យកាត់ដេរ កំពុងរស់នៅក្នុងសភាពបែបនេះ ដែលការរក្សាគម្លាតមិនអាចទៅរួចនោះ បានធ្វើឲ្យពួកគេប្រឈមខ្ពស់នឹងការឆ្លងជំងឺកូវីដ-១៩ ទាំងក្នុង និងក្រៅកន្លែងធ្វើការ។

ជាមួយគ្នានេះ កម្មករជាច្រើន ខ្វះលទ្ធភាពក្នុងការទទួលបានកញ្ចប់សុវត្ថិភាពសង្គម ដូចជាអត្ថប្រយោជន៍ពេលគ្មានការងារធ្វើ ដែលនេះបានធ្វើឲ្យពួកគេប្រឈមនឹងការធ្លាក់ទៅក្នុងភាពក្រីក្រ និងភាពអត់ឃ្លាន។ បញ្ហានេះបានជះឥទ្ធិពលដល់សមាជិកគ្រួសាររបស់ពួកគេ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជុំវិញរោងចក្រ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការសហប្រជាជាតិ។ អត្ថបទបន្ថែមថា ការបាត់បង់ការងារ និងការកាត់បន្ថយប្រាក់ចំណូល បានធ្វើឲ្យកម្មករមានការលំបាកក្នុងការបំពេញសេចក្តីត្រូវការចាំបាច់ជាមូលដ្ឋាន ហើយនាំឲ្យពួកគេទទួលយកប្រាក់កម្ចី ដើម្បីជាមធ្យោបាយដោះស្រាយ។

ទោះយ៉ាងណា ប្រព័ន្ធអង្គការសហប្រជាជាតិ ក៏បានស្វាគមន៍ផងដែរ នូវចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់អាទិភាពវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់វិស័យកាត់ដេរ ការផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ជាប្រចាំខែ ដល់កម្មករ ដែលត្រូវផ្អាកពីការងារ ព្រមទាំងផ្តល់ប្រាក់ជំនួយសង្គមក្រោយពេលបិទខ្ទប់ចំនួន១ដង ដល់កម្មករកាត់ដេរ។

តាមការឲ្យដឹងពីអង្គការសហប្រជាជាតិ ឧស្សាហកម្មកាត់ដេរកម្ពុជា នៅឆ្នាំ២០១៩ បានរួមចំណែក១១%ទៅក្នុងផលិតផលក្នុងស្រុកសរុប(GDP)។ ក៏ប៉ុន្តែបន្ទាប់ពីមានការរាលដាលជំងឺកូវីដ-១៩ ការនាំចេញផលិតផលកាត់ដេរ បានធ្លាក់ចុះក្នុងរង្វង់ ៩,៩% ដែលការណ៍នេះ បានរួមចំណែកតែ ៣,៤% ប៉ុណ្ណោះទៅក្នុងGDP នៅឆ្នាំ២០២០។ អង្គការសហប្រជាជាតិប្រចាំកម្ពុជាក៏មានការព្រួយបារម្ភចំពោះស្ថានភាពនៃការធ្វើចត្តាឡីស័ករបស់កម្មករកាត់ដេរនៅពេលដែលពួកគេរកឃើញថាវិជ្ជមានកូវីដ-១៩ ក្នុងនោះរួមមានកង្វះការទទួលបានព័ត៌មាន ការផ្គត់ផ្គង់អនាម័យ និងខ្វះសម្ភារៈការពារផ្ទាល់ខ្លួន(PPE)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI