កម្ពុជា-សេដ្ឋកិច្ច

World Bank៖ សេដ្ឋកិច្ចកម្ពុជាកំពុងរើបឡើងវិញក្នុងកំណើនជិត៤% ឆ្នាំ២០២១ តែនៅមានភាពមិនប្រាកដប្រជា

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © សហការី

ធនាគារពិភពលោក​(World Bank)​ នៅថ្ងៃទី១៧ ​ខែមិថុនានេះ ​បានព្យាករ​ថាសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា​កំពុងរើឡើងវិញ​បន្តិចម្តងៗ ​ដោយមានការព្យាករណ៍​ទុកថា​នឹងទទួលបានកំណើន​ជិត ៤% ក្នុងឆ្នាំ២០២១ ​បន្ទាប់ពីរួញ​ទំហំអស់ ​៣,១%​ កាលពីឆ្នាំ២០២០​។​ តែកំណើននេះ ​ត្រូវ World Bank ​ឲ្យដឹងថា ​វាមានភាពមិនប្រាកដ​ប្រជាផងដែ​រ។​ នេះបើតាមរបាយការណ៍​ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ក្រោមចំណងជើងថា​ «ដំណើរឆ្ពោះ​ទៅការ​រើបឡើងវិញ»។

ផ្សាយពាណិជ្ជកម្ម

ទោះជាសេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញក៏ដោយ ក៏ធនាគារពិភពលោក មើលឃើញថា សេដ្ឋកិច្ចអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ នៅតែស្ថិតក្នុងភាពផុយស្រួយនៅឡើយ ដោយសារតែមួយផ្នែក វិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

របាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ World Bank បានលើកឡើងថា វិស័យមួយចំនួនរបស់ប្រទេសមានការរីកចំរើន ដូចជាវិស័យកសិកម្ម ត្រូវបានបញ្ជាក់ថានៅរក្សាភាពធន់បានគួរសម ដោយសារតែមានតម្រូវការខ្លាំង និងមានការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន។ ជាមួយគ្នានេះ ផ្នែកឧស្សាហកម្មផលិត ក៏មានការរើបឡើងវិញជាបណ្តើរដែរ សម្របតាមលក្ខខណ្ឌប្រែប្រួលពីខាងក្រៅ ហើយអាជីវកម្មបោះដុំ និងលក់រាយបានប្រឹងរើបឡើងវិញយឺតៗដែរ។

ក៏ប៉ុន្តែ ផ្នែកមួយចំនួនទៀត ដូចជាវិស័យសេវា ផ្នែកស្នាក់នៅ ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងផលប៉ះពាល់ខ្លាំងពីការធ្លាប់ចុះនៃទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ។ នេះបើតាម World Bank។

ដោយមានការសន្យាថានឹងបន្តធ្វើការជាមួយកម្ពុជាទៅមុខទៀត លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា ឲ្យដឹងថា ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជា​បាន​រងការប៉ះទង្គិច​ខ្លាំង​ពីការធ្លាក់ចុះនៃតម្រូវការ​លើសកលលោកដោយ​សារ​តែ​កូវីដ-១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំងឱ្យមនុស្ស​ក្នុង​ប្រទេស​បាន​ជាង ៣លាននាក់ រួច​ហើយ ដែល​ជា​អត្រា​ខ្ពស់មួយនៅក្នុងតំបន់។

ទោះយ៉ាងណា ចក្ខុវិស័យនៃរបាយការណ៍របស់ធនាគាពិភពលោក ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថា​កម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់ និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច​ តាមការព្យាករណ៍ នឹងមានកំណើន​តែ​ ១% ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២១។

របាយការណ៍របស់ World Bank ក៏មាន​ជំពូកពិសេសមួយដែលគួររៀនសូត្រ​​បាន​ពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែល​កម្ពុជាមិន​ត្រឹម​តែ​​ដាក់​ចេញ​យ៉ាង​រហ័សប៉ុណ្ណោះទេ តែថែម​ទាំង​ពង្រីក និងធ្វើ​ឲ្យកាន់​តែស៊ីជម្រៅ​ថែមទៀត​ ជា​ពិសេស​កម្មវិធី​ផ្ទេរសាច់ប្រាក់ទៅឲ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវ​បាន​បង្កើតឡើងនៅខែមិថុនា ឆ្នាំ​២០២០ ហើយ​គិតត្រឹមខែកុម្ភៈ​ ឆ្នាំ​២០២១ មាន​គ្រួសារ​ក្រីក្រ​ជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥% នៃ​ចំនួនផ្ទះគ្រួសារសរុបទូទាំងប្រទេស​ ទទួល​បាន​សាច់​ប្រាក់ផ្ទេរពីរដ្ឋាភិបាល។

សូមរំលឹកថា មូលនិធិ​រូបិយវត្ថុអន្តរជាតិ(IMF) កាលពីខែឧសភាកន្លងទៅនេះ  ​បានព្យាករថា​សេដ្ឋកិច្ច​កម្ពុជា​នៅក្នុងឆ្នាំ២០២១ នឹង​កើនឡើងដល់៤,%​និងកើន ៦%នៅ​២០២២។​ ដោយឡែក ​ធនាគារអភិវឌ្ឍន៍អាស៊ី(​ADB)​វិញក៏បានព្យាករកាលពីពេលថ្មីៗនេះដែរថាសេដ្ឋកិច្ច​កម្ពុជា​នឹងមានកំណើន​៤% នៅឆ្នាំ២០២១និង,% ក្នុងឆ្នាំ២០២២ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI