កម្ពុជា-ច្បាប់

ផ្នែកអន្តោប្រវេសន៍កម្ពុជាស្នើសុំឲ្យទូតវៀតណាមបញ្ជូនជនជាតិវៀតណាមខុសច្បាប់ទៅស្រុកវិញឲ្យបានឆាប់

សកម្មភាពនៃការរុះរើផ្ទះលើទឹក
សកម្មភាពនៃការរុះរើផ្ទះលើទឹក AP - Heng Sinith

អគ្គនាយក ​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ លោក គៀត ច័ន្ទថារិទ្ធ​ បានជម្រុញឲ្យ​ភាគីវៀតណាម​ពន្លឿន​ការបញ្ជូន​ជនជាតិ​វៀតណាម ​ដែលរស់នៅ​ដោយខុសច្បាប់​ចេញពី​ប្រទេសកម្ពុជា​ឲ្យបានឆាប់​។​ ការលើកឡើង​របស់​ អគ្គនាយកអន្តោ​ប្រវេសន៍​ដូច្នេះ ​គឺធ្វើឡើងក្រោយពី​លោកមានជំនួប​ជាមួយ​ឯកអគ្គទូត​វៀតណាម​ប្រចាំនៅកម្ពុជា​ កាលពីថ្ងៃទី១៧​ ខែមិថុនា​ ម្សិលមិញ​ នៅទីក្រុងភ្នំពេញ​។

ផ្សាយពាណិជ្ជកម្ម

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាកាលពីម្សិលមិញ បានលើកឡើងថាប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺ មិនមែនជាការរើសអើងដល់ជនបរទេសឡើយ។ លោកស្នើដល់អ្នកការទូតវៀតណាមប្រចាំនៅកម្ពុជា គឺលោក Vu Quang Minh ឲ្យបន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិ​វៀតណាម​ខុសច្បាប់​ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។

ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ គឺជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួន ដែលបានលើកឡើងដោយឯកអគ្គរដ្ឋទូតវៀតណាម ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការជជែកគ្នាជុំវិញបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម តាមរយៈជំនួបដ៏សំខាន់នេះ ជួនគ្នានឹងហេតុការណ៍បច្ចុប្បន្នភាព ដែលសាលារាជធានីភ្នំពេញកំពុងបញ្ចប់បញ្ហាផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី នៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ  ដែលក្នុងនោះភាគច្រើនជាជនជាតិវៀតណាម ដោយសំអាង​លើ​ហេតុផលប៉ះពាល់បរិស្ថាន និងប៉ះពាល់សោភ័ណភាពទីក្រុង។

បញ្ហានេះបានក្លាយជាប្រធានបទក្តៅ ខណៈដែលកម្ពុជាត្រូវការរៀបចំសណ្តាប់ធ្នាប់ និងពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់របស់ខ្លួន តែភាគីវៀតណាម កន្លងមក បានអន្តរាគមន៍ សុំបញ្ឈប់ការបញ្ជូនជនជាតិរបស់ខ្លួនទៅវៀតណាមវិញ ដោយសំអាងលើហេតុផលកូវីដ-១៩។

កាលពីថ្ងៃអង្គារ ផ្ទះបណ្តែតទឹកជាង៨០០ខ្នង បែចិញ្ចឹមត្រីជាង៨០០ទីតាំង និងសំណង់មិនរៀបរយមួយចំនួនក្នុងខណ្ឌចំនួន៦ បានរើចេញរួចរាល់ពីផ្ទៃទឹកនៃដងទន្លេចតុមុខរាជធានីភ្នំពេញ។ ក៏ប៉ុន្តែក៏នៅមានផ្ទះបណ្តែតទឹកមួយចំនួនទៀត នៅមិនទាន់រុះរើរួចរាល់នៅឡើយ ហើយអ្វីដែលនៅសេសសល់នេះ នឹងត្រូវរុះរើជាបន្ទាប់។

តាម​ការ​ឲ្យដឹងពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ចាប់តាំង​ពី​ឆ្នាំ​២០១៤ ​រហូតមក​ដល់ ​៥​ខែដើម​ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​បាន​បណ្តេញ​ជន​បរទេស​ចេញពី​ប្រទេស​កម្ពុជា​សរុបចំនួន ​១៨ ៤៧០​នាក់ ​ក្នុងនោះ​មាន​ស្ត្រី​ចំនួន ​៣០៦០ ​និង​រួមមាន​១០៤​សញ្ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI