កម្ពុជា-នយោបាយ

អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជាអំពាវនាវឱ្យអាជ្ញាធរដោះលែងសកម្មជនការពារបរិស្ថាន៣រូបមកវិញ

សកម្មជនការពាបរិស្ថានដែលត្រូវបានចាប់ខ្លួន
សកម្មជនការពាបរិស្ថានដែលត្រូវបានចាប់ខ្លួន © FB

អាជ្ញាធរ​ក្រុងភ្នំពេញ​កាលពីថ្ងៃពុធ​បានចាប់ខ្លួន​សកម្មជន​ការពារបរិស្ថាន៣នាក់ ​គឺយុវជន​លី ចាន់ដារ៉ាវុត​ យុវជន​យឹម លាងហ៊ី ​និងកញ្ញាស៊ុន រដ្ឋា​។​ ការចាប់ខ្លួននេះ ​គឺបន្ទាប់ពី​ពួកគេបានថតវីដេអូ​នៅទីតាំង​បង្ហូរទឹកស្អុយ​ចូលទៅដងទន្លេ ​ក្បែរព្រះបរមរាជវាំង​។​ បើតាម​អាជ្ញាធរ​កម្ពុជា​ ការចាប់ខ្លួននេះ ​គឺធ្វើឡើង​តាមដីការ​បស់​តុលាការ​សាលាដំបូង​រាជធានីភ្នំពេញ​ក្រោមការ​ចោទប្រកាន់​បង្កឱ្យ​អសន្តិសុខ​សង្គម​ និងជាប់ពាក់ព័ន្ធ​នឹងអង្គការ​ខុសច្បាប់​។​ ក៏ប៉ុន្តែ​ អង្គការការពារ​សិទ្ធិមនុស្ស​នៅកម្ពុជា​បានលើកឡើងថា ​បទចោទនេះ ​គឺធ្ងន់ធ្ងរពេកហើយ​ និងបានស្នើឱ្យអាជ្ញាធរ​ដោះលែង​ពួកគេឱ្យមានសេរីភាព​ឡើងវិញ​។​

ផ្សាយពាណិជ្ជកម្ម

លោកអំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះថា ការចោទប្រកាន់មកលើពួកគេនេះ គឺធ្ងន់ធ្ងរពេកហើយដោយលោកថា ពួកគេទាំង៣នាក់មិនអាចមានលទ្ធភាពឯណាទៅបង្ក និងបង្កើតបទល្មើសទាំងនេះបានឡើយ។ ចំណែក លោកស៊ឹង សែនករុណា ដែលជាមន្រ្តី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកវិញបានលើកឡើងថា សកម្មជនទាំង៣នាក់នេះមិនគួរណាត្រូវបានចាប់ខ្លួនដោយសារសកម្មភាពការងារការពារបរិស្ថាននោះទេ។ ជាមួយគ្នានេះ លោកថា ការចាប់ខ្លួននេះ គឺជាការបង្ហាញរូបភាពមិនល្អ និងគំរាមកំហែងទៅសកម្មជនដទៃទៀត។ ដូច្នេះហើយ ទាំងលោកស៊ឹង សែនករុណា និងលោកអំ សំអាត សុទ្ធតែចង់ឱ្យអាជ្ញាធរកម្ពុជាដោះលែងពួកគេមកវិញ ដើម្បីបន្តកិច្ចការងារការពារបរិស្ថានតទៅទៀត។

កាលពីថ្ងៃពុធ សកម្មជនការពារបរិស្ថាន៣នាក់ គឺយុវជនលី ចាន់ដារ៉ាវុត យុវជន យឹម លាងហ៊ី និងកញ្ញាស៊ុន រដ្ឋា ត្រូវបានចាប់ខ្លួនក្រោយពីពួកគេបានថតវីដេអូនៅទីតាំងបង្ហូរទឹកស្អុយចូលទៅដងទន្លេ ក្បែរព្រះបរមរាជវាំង។ ប៉ុន្តែ លោកសាន់ ម៉ាឡា មន្ដ្រីតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជាហៅកាត់ថា CYN បានអះអាងថា មានការចាប់ខ្លួនសកម្មជនការពារបរិស្ថានដល់ទៅ៤នាក់ដែលម្នាក់ទៀតនៅក្នុងខេត្តកណ្តាល។ បើតាមអាជ្ញាធរកម្ពុជា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

លោកឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះថា  ការចាប់ខ្លួនពួកគេនេះ គឺដោយសារតែពួកគេធ្វើសកម្មភាពដោយមានអង្គការចាត់តាំងច្បាស់លាស់ខុសច្បាប់ និងធ្វើសកម្មភាពក្រោមបង្គាប់លោក Alejandro Gonzalez Davidsonពីក្រៅប្រទេស។ លោកបន្តទៀតថា ក្រុមយុវជនទាំងនេះបានធ្វើសកម្មភាពដោយទទួលបានហិរញ្ញប្បទានពីខាងក្រៅដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ។ លើសពីនេះទៅទៀត លោកអះអាងថា សកម្មភាពរបស់ពួកគេ គឺក្នុងគោលបំណងញុះញង់ដល់ប្រជាពលរដ្ឋឱ្យងើបឈរប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

ប៉ុន្តែ លោកAlejandro Gonzalez Davidson តាមរយៈទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃព្រហស្បតិ៍ បានចាត់ទុកការចោទប្រកាន់មកលើសកម្មជនទាំងនេះថា ជាបទចោទល្បីប្រចាំសម័យសន្តិភាព។ លោកAlejandro Gonzalez Davidsonនេះ គឺជាប្រធានអង្គការមាតាធម្មតាជាតិដែលត្រូវក្រសួងមហាផ្ទៃលុបចោលកាលពីឆ្នាំ២០១៧ ហើយរូបលោកផ្ទាល់ក៏ត្រូវបានបណ្តេញចេញ និងមិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០១៥កន្លងទៅ។ សម្រាប់លោក Alejandro Gonzalez Davidson នៅកម្ពុជា គឺអ្នកធ្វើការងារសង្គម អ្នកស្រឡាញ់បរិស្ថាន អ្នកស្រឡាញ់ជាតិទឹកដីខ្មែរ ត្រូវរងការចោទ ចាប់ ជាប់គុក ឬសម្លាប់។ ប៉ុន្តែ អ្នកកាប់បំផ្លាញព្រៃឈើ អ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិវិញត្រូវបានការពារ និងលើកស្ទួយជាឧកញ៉ាទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI