កម្ពុជា-កូវីដ១៩

លោក​ស្រី ឱ វណ្ណឌីន ​ព្រមាន​ពី​គ្រោះ​មហន្តរាយ​នៃ​ការ​មើល​ស្រាល​លើ​វីរុស​កូវីដ​១៩បំប្លែង​ថ្មី

អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន © សហការី

ការ​មើល​ស្រាល​លើ​លទ្ធភាព​ចម្លង​ដ៏​លឿន​និង​សាហាវ​របស់​វីរុស​កូវីដ​១៩ អាច​ធ្វើ​ឲ្យ​បុគ្គល​និង​ក្រុម​គ្រួសារ ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​មហន្តរាយ​។ នេះ​គឺ​ជា​ការ​ព្រមាន​របស់​លោក​ស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា នា​ថ្ងៃ​សៅរ៍​ទី​១៩​មិថុនា​នេះ ស្រប​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​មិន​ទាន់​មាន​សភាព​ធូរ​ស្រាល។ មិន​ត្រឹម​តែ​មិន​ទាន់​ធូរ​ស្រាល តែ​កម្ពុជា​បាន​រកឃើញពពួក​វីរុស​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី Delta ដែលកើត​ចេញ​ពី​ប្រទេស​ឥណ្ឌា និង​កំពុង​តែ​រាត​ត្បាត​យ៉ាង​លឿន​រហ័ស​នៅ​ទូទាំង​ពិភពលោក​។ លោក​ស្រី ឱ វណ្ណឌីន បាន​ឆ្លៀត​ឱកាស​នេះ ក្រើន​រំឭក​ឲ្យ​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន គិតគូរ​ពី​សុខភាព​ផ្ទាល់​ខ្លួន និង​សុខមាលភាព​សង្គម ជាជាង​គិតគូរ​ពី​ការ​ជួបជុំ​គ្នា​។​

ផ្សាយពាណិជ្ជកម្ម

ការ​អនុវត្ត​វិធានការ «៣​កុំ និង​៣​ការពារ» ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ មិន​ទាន់​ទទួល​បាន​ការ​ចូល​រួម​យ៉ាង​ត្រឹម​ត្រូវ និង​ពេញ​លេញ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ឡើយ​។ លោក​ស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា កត់​សម្គាល់​យ៉ាង​ដូច្នេះ នៅ​ក្នុង​បទ​អត្ថាធិប្បាយ​កម្រាស់​ពីរ​ទំព័រ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៩​ខែ​មិថុនា​នេះ​។ ការ​ចេញ​ផ្សាយ​បទ​អត្ថាធិប្បាយ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​បន្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ចំនួន​រាប់​រយ​ករណី​នៅ​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​នេះ ក៏​នៅ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ​។

ជា​ទូទៅ លោក​ស្រី ឱ វណ្ណឌីន មើល​ឃើញ​ថា ពលរដ្ឋភាគ​ច្រើន​ខ្លាច​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​មិន​បាន​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ឆ្លង​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​របស់​ជំងឺ​នេះ​នៅ​ឡើយ​។ បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ ប្រជាពលរដ្ឋ​ខ្លះ នៅមិន​ទាន់​យល់​ច្បាស់​ពី​ជំងឺ​កូវីដ​១៩ ហើយ​មិន​បាន​ចូល​រួម​ការពារ​ខ្លួន​ពី​ការ​ចម្លង​ឲ្យ​បាន​ល្អ​នោះ​ទេ ដោយ​នៅ​តែ​គិត​ថា មិន​អី មិន​ពាក់​ម៉ាស់ មិន​រក្សា​គម្លាត​សុវត្ថិភាព ឬ​ចូល​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​បិទ​ជិត​មិន​មាន​ខ្យល់​ចេញ​ចូល​ជា​ដើម​។

ការ​មើល​ស្រាល​លើ​លទ្ធភាព​ចម្លង​ដ៏​លឿន​និង​សាហាវ​របស់​វីរុស​កូវីដ​១៩​ ជា​ពិសេស​ពពួក​បំប្លែង​ថ្មី បើ​តាម​លោក​ស្រី ឱ វណ្ណឌីន វាអាចធ្វើ​ឲ្យ​​បុគ្គល រួមទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​មហន្តរាយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ​នានា​នៅ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​លែង​បាន​ទៀត​ផង​។

លោក​ស្រី ឱ វណ្ណឌីន បាន​ឆ្លៀត​ឱកាស​នេះ ទទូច​ឲ្យ​ពលរដ្ឋ​រួម​គ្នា​អនុវត្ត​វិធាន «​៣​ការពារ និង​៣​កុំ» ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ចៀសវាង​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដែល​អាច​បង្ក​ឲ្យ​មាន​ផល​វិបាក​ធំធេង​ជាង​ពេល​នេះ​ទៅ​ទៀត​។ ការ​អនុវត្ត​វិធានការ​ការពារ​កូវីដ​១៩ គឺជា​​ការ​លំបាក​ក្នុង​ពេល​ខ្លី ដែល​អាច​ជួយ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ជ្រោះ​មហន្តរាយ​សាធារណៈ និង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ក្នុង​រយៈ​ពេល​យូរ​។ និង​ថា វា​ជា​ការ​ចាំ​បាច់​ណាស់​ក្នុង​ការ​គិតគូរ​ពី​សុខភាព​ផ្ទាល់​ខ្លួន ជា​ជាងគិត​គូរ​ពី​ការ​ជួបជុំ​គ្នា ការ​បើក​ដំណើរការ​ទីតាំង​ណាមួយ​ដោយ​ខ្វះ​ការ​ត្រៀម​រៀបចំ​បង្ការ​ហានិភ័យ និង​ការ​ធ្វើ​ដំណើរ​ចល័ត​ច្រើន​កុះករ នៅ​ក្នុង​បរិបទ​នៃ​ការ​រាត​ត្បាត​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​នេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI