កម្ពុជា-កូវីដ១៩

អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​ស្រាវ​ជ្រាវ​រក​ប្រភព​វ៉ាក់សាំង​កូវីដ​១៩​ដែល​រឹប​អូស​បាន​ពី​ជនជាតិ​ចិន

បុរស​ជនជាតិ​ចិន​ពីរ​នាក់ ដែល​ចែកចាយ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដោយ​គ្មាន​ការ​អនុញ្ញាត និង​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹប​អូស​បាន​។
បុរស​ជនជាតិ​ចិន​ពីរ​នាក់ ដែល​ចែកចាយ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដោយ​គ្មាន​ការ​អនុញ្ញាត និង​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹប​អូស​បាន​។ © កងរាជអាវុធហត្ថ

សមត្ថកិច្ច​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ពុធ​ទី​១៦​ខែ​មិថុនា បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ ក្រោយ​ទទួល​បាន​ការ​រាយការណ៍​ពី​ការ​នាំ​យក​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ ទៅ​ចាក់​ឲ្យ​ជនជាតិ​ចិន​ដូចគ្នា​នៅ​ក្នុង​ខេត្ត​។ លោក រស់ សារាំ ព្រះរាជអាជ្ញា​ខេត្ត​កោះកុង បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃសៅរ៍​ទី​១៩​មិថុនា​នេះថា ពេលនេះ ​ជន​ជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន ហើយ​មន្ត្រី​នគរបាល​យុត្តិធម៌​ខេត្ត​កំពុង​ស្រាវជ្រាវ​រក​ប្រភព​វ៉ាក់សាំង​ដែល​រឹប​អូស​បាន​ពី​ពួក​គេ​នោះ​។

ផ្សាយពាណិជ្ជកម្ម

លោក រស់ សារាំ ព្រះ​រាជ​អាជ្ញា​ខេត្ត​កោះកុង បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់​ដែល​រឹប​អូស​បាន​ពី​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ ជា​វ៉ាក់សាំង​ពិត​ប្រាកដ គ្រាន់​តែ​មិន​មាន​អាជ្ញាបណ្ណ​ទទួល​ស្គាល់​។ បើ​ទោះ​បី​យ៉ាង​ដូច្នេះ​ក្ដី សមត្ថកិច្ច​នឹង​បំផ្លាញ​វ៉ាក់សាំង​ទាំង​នោះ​ចោល ដោយ​សារ​តែ​វ៉ាក់សាំង​នោះ មិន​មាន​ប្រភព​ច្បាស់​លាស់​។ គួរ​កត់​សម្គាល់​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​សមត្ថកិច្ច​រក​ឃើញ​ករណី​នាំ​យក​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ទៅ​ចែក​ចាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ខុស​នឹង​ច្បាប់​។

បើ​តាម លោក រស់ សារាំ បច្ចុប្បន្ន មន្រ្តី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​សុខាភិបាល​ខេត្ត​កំពុង​ស្វែង​រក​ប្រភព​នៃ​ការ​នាំ​យក​វ៉ាក់សាំង​មក​នេះ ខណៈ​ជនជាតិ​ចិន​ទាំង​ពីរ​នោះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​នាំ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ប្រមាណ​៦០​ដូស​នោះ​ពី​រាជធានី​ភ្នំពេញ។ តែ​យ៉ាង​ណា​ព្រះរាជអាជ្ញា​ខេត្ត​កោះកុង​រូប​នេះ​ថា ការ​ស្រាវ​ជ្រាវ​រក​ប្រភព​នៃ​វ៉ាក់សាំង​នេះ អាច​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច ដោយ​សារ​តែ​សម្តី​របស់​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ មិន​មាន​ភាព​ច្បាស់​លាស់​។

នៅ​ចំពោះ​មុខ​ករណី​នេះ ជន​ជាតិ​ចិន​ទាំង​ពីរ​នាក់ នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចែក​ចាយ​ឱសថ​ខុស​ច្បាប់  ដោយ​ត្រូវ​រង​ការ​ពិន័យ​ជា​សាច់​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន​៥​លាន​រៀល និង​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្ត។ បើ​តាម​ព្រះ​រាជ​អាជ្ញា លោក រស់ សារាំ ករណី​នេះ​មិន​មែន​ជា​ករណី​ជួញ​ដូរ​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​ណា​មួយ​ឡើយ ដោយ​សារ​វ៉ាក់សាំង​ដែល​រឹប​អូស​បាន​មាន​ចំនួន​តិច ហើយ​ជន​ជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ គ្រាន់​តែ​នាំ​យក​វ៉ាក់សាំង​ទៅ​ចាក់​ឲ្យ​ជនជាតិ​ចិន​ដូចគ្នា​ប៉ុណ្ណោះ​។

គួរ​ជ្រាប​ដែរ​ថា ខេត្ត​កោះកុង​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​អាទិត្យ​ទី​២០​មិថុនា​ស្អែក​នេះ ដោយ​ផ្តើម​ចេញ​ពី​ក្រុង​ខេមរភូមិន្ទ។ ជា​ផែនការ​អាទិភាព ដំណើរការ​ចាក់វ៉ាក់សាំង​នឹង​ចាក់​ជូន​កម្មករ កម្មការិនី អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ។ ដោយ​ឡែក ចំពោះ​ករណី​កូវីដ-១៩​វិញ សាលា​ខេត្ត​កោះកុង​បាន​ជូន​ដំណឹង​ពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ-១៩ ប្រមាណ​ជា​៦០​នាក់​ជា​ប្រចាំ ហើយ​កាល​ពី​ថ្ងៃ​ទី​១៧​មិថុនា​កន្លង​ទៅ​នេះ ខេត្ត​កោះកុង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​៦៥​នាក់ និង​អ្នក​ជា​សះ​ស្បើយ​ចំនួន​៣​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI