កម្ពុជា-ច្បាប់

សកម្មជន​បរិស្ថាន​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ​ហើយ​នៅ​ព្រឹក​នេះ

សកម្មជនបរិស្ថាន​ទាំង​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២១។ ពី​ឆ្វេង​ទៅ​ស្ដាំ៖ កញ្ញា ស៊ុន រដ្ឋា, លោក យឹម លាងហ៊ី, និង លោក លី ចាន់ដារ៉ាវុត។
សកម្មជនបរិស្ថាន​ទាំង​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២១។ ពី​ឆ្វេង​ទៅ​ស្ដាំ៖ កញ្ញា ស៊ុន រដ្ឋា, លោក យឹម លាងហ៊ី, និង លោក លី ចាន់ដារ៉ាវុត។ © សហការី

សកម្មជន​បរិស្ថាន​ចំនួន​៣នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធនោះ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ​ហើយ​នៅព្រឹក​ថ្ងៃសៅរ៍នេះ។ នេះបើតាម​មន្ត្រី​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​គេនៅ​មិន​ទាន់​ដឹងថា តុលាការ​នឹង​សម្រេច​យ៉ាងណា​ចំពោះ​វាសនា​សកម្មជន​ទាំង៣នាក់​នេះនៅឡើយទេ ខណៈ​ព្រះរាជអាជ្ញា​កំពុង​តែ​ធ្វើ​ការសាកសួរ ​មុន​ពេល​បញ្ជូន​ទៅ​ខាង​ចៅក្រមដើម្បី​បន្ត​នីតិវិធី។

ផ្សាយពាណិជ្ជកម្ម

ស្រប​ពេល​ដែល​ព្រះរាជអាជ្ញា​កំពុង​សាកសួរ មេធាវី​ចំនួន​៤នាក់​របស់​អង្គការសង្គមស៊ីវិលក្នុង​ស្រុក ​បាន​ដាក់​ពាក្យសុំ​​ការពារ​ក្តី​ជូន​សកម្ម​ជន​ទាំងនោះ។ នេះ​បើ​តាម លោក អំ សំអាត នាយក​រង​អង្គការ​លីកាដូ។

បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល មាន​តែ​សកម្មជន​៣​នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ រួម​មាន៖ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុទ្ធ។ កញ្ញា ស៊ុន រដ្ឋា និង​លោក លី ចាន់ដារ៉ាវុធ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​ពួក​គេ​ចុះ​ថត​ទី​តាំង​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​ចូល​ទៅ​ក្នុង​ទន្លេ ក្បែរ​ព្រះ​បរមរាជវាំង។ ដោយ​ឡែក លោក យីម លាងហ៊ី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ស្រុក​កំណើត ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល​។ ចំណែក​ ​សកម្មជន​ម្នាក់​ទៀត គឺលោក សិដ្ឋ ឈីវលីម៉េង ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ ហើយ​ដោះ​លែង​វិញ​ក្រោយ​ពី​មិន​មាន​ដីកា​នាំខ្លួន​ពីតុលាការ​។

គួរ​បញ្ជាក់​ដែរ​ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​នេះ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ផ្តាច់​ជំនួយ​ជាង១០០​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ហេតុផល​ថា នៅ​តែ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​ដែល​ស្ថិត​ក្រោម​គម្រោង​បៃតង។ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បង្វែរ​ជំនួយ​ទាំង​នោះ​ឲ្យ​ទៅ​អង្គការ​សង្គមស៊ីវិល​ផ្នែក​បរិស្ថាន​ជំនួស​វិញ​។

ជា​ការ​កត់​សម្គាល់ ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ សកម្មជន​បរិស្ថាន​ចំនួន​៣​នាក់ ​រួម​មាន​៖ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ដែល​ជា​សមាជិក​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​យុទ្ធនាការ​ស្នើ​សុំ​បញ្ឈប់​ការ​លុប​បឹង​តាមោក​។ អ្នក​ទាំង​៣​នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ ទៅ​២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៤​លាន​រៀល កាលពី​ខែ​ឧសភា ឆ្នាំ​២០២១ ក្រោម​បទ​ចោទ​ញុះញង់​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្នើ​ទៅ​កាន់​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ទាំង​នោះ​វិញ ដោយ​លោក​ចាត់​ទុក​ថា សកម្មភាព​របស់​សកម្មជន​បរិស្ថាន​កន្លង​មក​គឺ​ជា​សេរីភាព​បញ្ចេញ​មតិ ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI