កម្ពុជា-កូវីដ១៩

ខេត្តរតនគិរីបារម្ភផ្ទុះកូវីដ១៩ទ្រង់ទ្រាយធំក្រោយរកឃើញករណីឆ្លងជាង១០០នាក់លើកដំបូង

អ្នកឆ្លងវីរុសកូវីដ១៩ទាំងជាង១០០នាក់ភាគច្រើនរកឃើញនៅ ក្រុងបានលុង
អ្នកឆ្លងវីរុសកូវីដ១៩ទាំងជាង១០០នាក់ភាគច្រើនរកឃើញនៅ ក្រុងបានលុង © FB

ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​បាន​រីកសាយភាយ​ទៅ​ដល់​ខេត្ត​ភូមិ​ភាគ​ឥសាន​ហើយ​ដោយ​មិន​ធ្លាប់​ជួប​ករណី​នេះ​ពី​មុន​មក​។ ជាក់ស្ដែង​ខេត្ត​រតនគិរី​នៅ​ថ្ងៃទី​១៩​មិថុនា​ម្សិលមិញ​នេះ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ១៩​ចំនួន​ជាង​១០០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ រដ្ឋបាល​ខេត្ត​រតនគិរី​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ដំបូង​ដែល​ខេត្ត​បាន​ជួប​ប្រទះ​រាប់​ចាប់​តាំង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មក​។

ផ្សាយពាណិជ្ជកម្ម

អ្នកឆ្លងវីរុសកូវីដ១៩ទាំងជាង១០០នាក់ភាគច្រើនរកឃើញនៅ ក្រុងបានលុង ស្រុកបរកែវ ស្រុកកូនមុំ ស្រុកអូរជុំ​នៃខេត្តរតនគិរី។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរីកូវីដ១៩ កំពុងមានវត្តមានផ្ទុះរាលដាលដល់សហគមន៍ទ្រង់ទ្រាយធំក្នុងភូមិសាស្ត្រខេត្ត និងអាចឆ្លងរាលដាលបន្តបន្ទាប់ទៀតដែលបង្កជាហានិភ័យដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគិរី។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២០មិថុនានេះ លោកថង សាវុន អភិបាលខេត្តរតនគិរីអះអាងថា មូលហេតុដែលនាំឲ្យខេត្តរតនគិរីរកឃើញអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទ្រង់ទ្រាយធំជាលើកដំបូងនេះ ដោយសារអ្នកដំណើរមិនច្បាស់ឡើយថាប៉ុន្មាននាក់ បានធ្វើដំណើរមកភ្នំពេញនិងបានត្រឡប់ទៅខេត្តរតនគិរីវិញក៏រកឃើញថា មានផ្ទុកវីរុសកូវីដ១៩និងមិនបានអនុវត្តវិធានការចត្តាឡីស័កតាមការកំណត់របស់ខេត្ត។

ដើម្បីគ្រប់គ្រងបញ្ហានេះលទ្ធភាពនៃការបិទខ្ទប់ការចេញចូលខេត្តមិនទាន់ស្ថិតនៅក្នុងការពិចារណារប​ស់រដ្ឋបាលខេត្តឡើយ ដោយជំនួសមកវិញអាជ្ញាធរខេត្តកំពុងស្រាក់ដៃគ្នាស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ទាំងជាង១០០នាក់។ នេះបើតាមការអះអាងរបស់លោក ថង សាវុន ។

ជាការកត់សម្គាល់តាមបណ្ដាខេត្តមួយចំនួនហាក់មិនមានសញ្ញាថមថយនៃការចម្លងវីរុសកូវីដ១៩សោះ​។ មិនត្រឹមតែមិនស្រាកស្រាន្តខេត្តសៀមរាបថ្មីៗនេះបានរកឃើញកូវីដ១៩ ឥណ្ឌាបំលែងខ្លួន២ករណី។ បន្ថែមលើនេះរដ្ឋបាលខេត្តចេញសេចក្តីសម្រេចកំណត់តំបន់លឿង ក្នុងភូមិសាស្ត្រភូមិអន្លង់ពីរនៃ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ គិតត្រឹមថ្ងៃទី១៩មិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧៦នាក់ កំពុងសម្រាកព្យាបាល៤០៥នាក់ ព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ស្លាប់៥នាក់។ ក្រៅពីសៀមរាបផ្អែកតាមរបាយការណ៍ប្រចាំថ្ងៃខេត្តព្រៃវែងក៏មិនមានសញ្ញាធូរស្រាលដែរដោយរកឃើ​ញ​​អ្នកឆ្លងសរុប១,១៦៦នាក់គិតត្រឹមថ្ងៃទី១៩មិថុនា ជាសះស្បើយ៦៩២ កំពុងព្យាបាល៤៦០នាក់និងស្លាប់១៤នាក់។ នេះនៅមិនទាន់រាប់បញ្ចូលបណ្ដាខេត្តមួយចំនួនទៀតដែលកំពុងតែរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ផងដូចជាៈ កំពង់ធំ បាត់ដំបង កំពង់ចាម ស្វាយរៀង​ បន្ទាយមានជ័យជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI