កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

បញ្ហារដ្ឋប្រហារយោធាភូមានៅអង្គការសហប្រជាជាតិ៖ កម្ពុជាបោះឆ្នោតអនុប្បវាទ

មហាសន្និបាតនៃអង្គការសហប្រជាជាតិ
មហាសន្និបាតនៃអង្គការសហប្រជាជាតិ © Internet

កាល​ពី​ថ្ងៃ​សុក្រ ទី​១៨​មិថុនា អង្គការ​សហប្រជាជាតិ​បាន​បើក​មហាសន្និបាត​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​ថ្កោល​ទោស​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា​។ ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ កម្ពុជា​បាន​បោះឆ្នោតអនុប្បវាទ មិន​បញ្ចេញ​សំឡេង​របស់​ខ្លួន​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ទេ ដូច​គ្នា​នឹង​ប្រទេស​ចិន ឡាវ ថៃ និង​ព្រុយណេ​ដែរ​។ សម្រាប់​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ជំហរ​របស់​កម្ពុជា​នេះ​បង្ហាញ​សញ្ញាណ​ថា កម្ពុជា​លែង​អើពើ​ពី​បញ្ហា​ប្រជាធិបេតេយ្យ និង​បញ្ហា​សិទ្ធិ​មនុស្ស ទាក់​ទិន​នឹង​ការ​បង្រ្កាប​ពី​សំណាក់​របប​យោធា​នៅ​ភូមា។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​វិញ អះ​អាង​ថា កម្ពុជា​ចង់​ឃើញ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិវាទ​នៅ​ភូមា​នេះ។

ផ្សាយពាណិជ្ជកម្ម

សម្រាប់លោកបណ្ឌិត សេង សារី អ្នកឃ្លាំមើលបញ្ហានយោបាយនិងសង្គម កម្ពុជាបានបង្ហាញជំហរចាក់ខ្សែទៅលើស្ថានការណ៍វិវត្តនៅក្នុងប្រទេសភូមា។ បើតាមលោកបណ្ឌិត កម្ពុជាទំនងជាកំពុងបន្តអនុវត្តទៅតាមរដ្ឋធម្មនុញ្ញអាស៊ាន ដែលចែងអំពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិក។ ទន្ទឹម​គ្នា​នេះ វាក៏អាចឆ្លុះបង្ហាញឲ្យឃើញថា កម្ពុជាចាប់ផ្តើមឈប់អើពើលើបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស រួមនឹងការបង្រ្កាបដោយហិង្សាជាដើម។ និងថា កម្ពុជាហាក់មានទំនោរទ្រេតទៅរកចិន ដោយសារតែប្រទេសចិនក៏បានបោះឆ្នោតអនុប្បវាទលើបញ្ហាភូមានេះដូចគ្នា។

ជាការឆ្លើយតប លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យនេះថា មូលហេតុដែលកម្ពុជាបោះឆ្នោតអនុប្បវាទនេះ ក៏ព្រោះតែកម្ពុជាមិនឲ្យតម្លៃលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងការជំរុញឲ្យប្រទេសជាសមាជិករារាំងការនាំចូលអាវុធទៅកាន់ភូមា។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រជាធិបតេយ្យអាចរៀបចំបាន អាស្រ័យដោយមិនមានការជ្រែតជ្រែកកិច្ចការផ្ទៃក្នុងពីប្រទេសដទៃ។ ជារួម សម្រាប់កម្ពុជា គឺគាំទ្រលើជំហរអាស៊ាន ក្នុងការរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។ នេះបើតាមលោកផៃ ស៊ីផាន។ លោកបានបញ្ជាក់បន្ថែមដែរថា ការណ៍ដែលថាកម្ពុជាបោះឆ្នោតអនុប្បវាទស្របទៅតាមចិន ដើម្បីបានផលប្រយោជន៍នោះ ជាការចោទប្រកាន់ដែលមិនអាចទទួលបាន។ អ្វីដែលជាការសម្រេចរបស់កម្ពុជានេះ ជាការសម្រេចមួយដែលមានលក្ខណៈអព្យាក្រឹតសុទ្ធសាធ។

គួរកត់សម្គាល់ថា ក្រៅពីកម្ពុជា ប្រទេសអាស៊ានចំនួន៣ផ្សេងទៀតរួមមាន ថៃ ប្រ៊ុយណេ និងឡាវ ក៏បានបោះឆ្នោតអនុប្បវាទ មិនបញ្ចេញសំឡេងខ្លួន ចំពោះការរារាំងការនាំចូលអាវុធទៅក្នុងប្រទេសភូមាដែរ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា ប្រទេសទាំង៤ដែលជាសមាជិកអាស៊ាន ចាត់ទុកអ្វីដែលកើតឡើងនៅក្នុងប្រទេសភូមាថាជាកិច្ចការផ្ទៃក្នុង។ បើតាមលោកបណ្ឌិត គិន ភា ការបោះឆ្នោតអនុប្បវាទរបស់កម្ពុជាពេលនេះ ក៏មិនមែនជារឿងអ្វីថ្មីដែរ។ ម្យ៉ាងវិញទៀត លោកនាយរដ្ឋមន្រ្តីហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជាហើយថា កម្ពុជាមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសភូមានោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI