កម្ពុជា-សង្គម

សារមន្ទីរថ្មីមួយនៅជិតព្រំដែនចាប់ផ្តើមសង់ចំពេលខួប៤៤ឆ្នាំនៃការចេញតស៊ូរបស់ លោក ហ៊ុន សែន

សារមន្ទីរកោះថ្មី
សារមន្ទីរកោះថ្មី © សហការី

សារមន្ទីរថ្មី​មួយ​នៅជិត​ព្រំដែន​កម្ពុជា​-វៀតណាម​ ត្រូវបានបុកគ្រឹះសាងសង់ឡើង គឺចំពេល​ប្រារព្ធ​ខួប​៤៤​ឆ្នាំ​នៃ​​ការ​ចេញ​តស៊ូ​របស់​ លោក ហ៊ុន សែន ភៀសខ្លួនទៅកាន់​ប្រទេស​វៀតណាម កាលពីឆ្នាំ​១៩៧៧​ដើម្បី​វាយ​រំលំ​របប​ខ្មែរ​ក្រហម​។ សារមន្ទីរ​នេះ​ ត្រូវបាន​រដ្ឋាភិបាលកម្ពុជា​អះអាងថា​ សាងសង់​ឡើង​ដើម្បី​ដាក់​តាំង​ឯកសារ និង​វត្ថុ​ផ្សេងៗ​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួល​រំលំ​របប​ប្រ​ល័យ​ពូជសាសន៍​នៅថ្ងៃ២០​មិថុនា​១៩៧៧។

ផ្សាយពាណិជ្ជកម្ម

សារមន្ទីរ​ថ្មី​នេះ ត្រូវបាន​សាងសង់​ឡើង​ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មានពីព្រំដែន​កម្ពុជា-វៀតណាមនោះឡើយ។

បើតាម លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សារមន្ទីរកោះថ្ម ត្រូវបានសាងសង់ឡើងក្រោមរចនាបថខ្មែរដែលមានក្បូរក្បាច់គួរឱ្យទាក់ទាញ។ ភូមិកោះថ្ម នេះគឺជាអតីតទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាកន្លែងមូលដ្ឋានដែលសមមិត្ត ហ៊ុន សែន បានឈរជើងផងដែរ។

ក្នុងរយៈ​១ឆ្នាំ​គឺឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នេះតំបន់​កោះថ្ម ​(X16) ត្រូ​វ​បាន​សាងសង់​​ឡើង​នូវ​សមិទ្ធផល​ជាច្រើន ដើម្បីបម្រើ​ឲ្យ​វិស័យទេសចរណ៍ និង​វប្បធម៌។ ក្រៅពី​សារមន្ទីរនេះ ​ក៏មាន​ដែរ ​អាគារ​មិត្ត​ភាព​កម្ពុជា​-វៀត​ណាម​នៅតំបន់​នេះ។

នៅចំពេលខួប៤៤ឆ្នាំ​នៃថ្ងៃចេញតស៊ូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា​ ថ្ងៃ២០​មិថុនា​១៩៧៧​គឺជាថ្ងៃដែលលោក​សម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ទោះបីជាលោកធ្លាប់បានរៀបរាប់ពីប្រវត្តិនេះច្រើនដងហើយ តែនៅពេលនេះ លោក ហ៊ុន សែន បានចោទសួរថា ប្រសិនបើលោកមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេ នោះដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសកើតមានដែរឬទេ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI