កម្ពុជា-កូវិដ១៩

ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដនៅកម្ពុជាកម្រិតធ្ងន់ធ្ងរមាន៥% សង្រ្គោះបន្ទាន់មាន១៥% និង៨០%កម្រិតស្រាល

ក្រុមគ្រូពេទ្យកំពុងដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាល (រូបតំណាង)
ក្រុមគ្រូពេទ្យកំពុងដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាល (រូបតំណាង) © សហការី

នៅថ្ងៃចន្ទនេះ​ ក្រសួងសុខាភិបាល​បានរកឃើញ​អ្នកឆ្លងជំងឺ​កូវីដ-១៩​ថ្មី ចំនួន ៧៣៥នាក់​បន្ថែមទៀត​ក្នុងនោះ ក​រណីឆ្លងក្នុងសហគមន៍​ មានចំនួន​ ៧០៨នាក់ ​និងករណី​នាំចូលមានចំនួន​ ២៧នាក់។​ ចំណែក ​អ្នកជាសះស្បើយ​បន្ថែមវិញ មានចំនួន ​៥២៤នាក់​ តែអ្នកជំងឺ​ចំនួន១០នាក់​ បានស្លាប់បន្ថែមទៀត​។​ ចំពោះ​ស្ថានភាព​អ្នកជំងឺកូវីដ-១៩ នៅកម្ពុជានា​ពេលបច្ចុប្បន្ននេះ ​ក្រសួង​សុខាភិបាល​កម្ពុជា​ បានបង្ហាញ​ឱ្យដឹងថា ​មាន៥% ​ជាអ្នកជំងឺ​កំពុងត្រូវ​បានសង្រ្គោះ​បន្ទាន់កម្រិត​ធ្ងន់ ១៥%កំពុង​សង្រ្គោះបន្ទាន់​ និង៨០%​ទៀតជាប្រភេទ​អ្នកជំងឺកូវីដ-១៩​ កម្រិតស្រាល​។

ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញឱ្យដឹងថា ការប៉ាន់ប្រមាណជាសាកល នាពេលបច្ចុប្បន្ននេះ គឺករណីស្លាប់ដោយជំងឺកូវីដ-១៩ មានស្ថិតក្នុងចន្លោះពី០,៦% ទៅ៣,៤%។ ប៉ុន្តែបើក្រឡេកមកមើលស្ថានភាពអ្នកស្លាប់ ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាវិញ គឺមានការកើនឡើងលឿនខ្លាំងគួរឱ្យកត់សម្គាល់មែនទែន ដោយគ្រាន់តែទិន្នន័យនៅថ្ងៃចន្ទនេះមានចំនួន១០នាក់ ខណៈកាលពីសប្តាហ៍មុនមានអ្នកស្លាប់ខ្ពស់បំផុតដល់ទៅ២០នាក់ ក្នុងមួយថ្ងៃ។ សរុបទៅ អ្នកស្លាប់ដោយកូវីដ១៩នៅកម្ពុជាបានកើនឡើងដល់ចំនួន ៤៤១នាក់។

បើយោងលើបទពិសោធជាក់ស្តែងនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ក្រសួងសុខាភិបាលកម្ពុជា បានរំលេចឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ត្រូវការសង្រ្គោះបន្ទាន់កម្រិតធ្ងន់(ICU) មានចំនួន៥% ខណៈអ្នកជំងឺត្រូវការសង្រ្គោះបន្ទាន់មានចំនួន១៥% និង អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលត្រូវការការតាមដាន និងត្រួតពិនិត្យសុខភាពមានដល់ ៨០%ឯណោះ។

ក្រសួងសុខាភិបាលកម្ពុជាបានប៉ាន់ស្មានថា អ្នកជំងឺកូវីដ-១៩ ចំនួន៨០% នេះស្ថិតក្នុងកម្រិតគ្មានរោគសញ្ញា និងកម្រិតស្រាល ដែលគ្មានកត្តាប្រឈមក្នុងការព្យាបាលឡើយ។

ហេតុដូច្នេះហើយ ក្រសួងសុខាភិបាលកម្ពុជា កំពុងរៀបចំឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចទទួលបានការព្យាបាលនៅតាមផ្ទះ តែស្ថិតក្រោមការគ្រប់គ្រង ថែទាំ និងព្យាបាលជាប់ជាប្រចាំដោយមន្រ្តី-បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្ត ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីអនុវត្តនៅតាមមូលដ្ឋាន និងតាមការវាយតម្លៃផ្ទះរបស់អ្នកជំងឺឱ្យបានហ្មត់ចត់ជាមុនពីមន្រ្តី-បុគ្គលិកពាក់ព័ន្ធ។

មកដល់ពេលនេះ ក្រសួងសុខាភិបាលមិនបានបង្ហាញឱ្យដឹងពីករណី ដែលបានអនុវត្តឱ្យសម្រាកព្យាបាលនៅតាមផ្ទះចំនួនប៉ុន្មាន ហើយ មានប្រសិទ្ធភាពកម្រិតណានៅឡើយទេ។

ក៏ប៉ុន្តែ ក្រសួងបានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យមានការទទួលព្យាបាលអ្នកជំងឺ កូវីដ-១៩នៅតាមផ្ទះនេះ គឺដើម្បីកាត់បន្ថយបន្ទុករបស់ប្រព័ន្ធសុខាភិបាល និងថា ការសម្រេចនេះ គឺធ្វើឡើងតាមការណែនាំរបស់អង្គការសុខភាពពិភពលោកផងដែរ។

ការអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះនេះ គឺសម្រាប់ទីតាំងក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ខណៈការអនុវត្តនៅតាមបណ្តាខេត្តផ្សេងៗ គឺអាស្រ័យទៅលើការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ នេះបើតាមខ្លឹមសារនៅក្នុងសៀវភៅនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រង់ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI