កម្ពុជា-សង្គម

លោក ស៊ុន ចាន់ថុល៖ ពលរដ្ឋខ្មែរពុំទាន់មានលទ្ធភាពបង់តម្លៃ១០សេន ក្នុង១គីឡូម៉ែត្រលើផ្លូវល្បឿនលឿនទេ

ទិដ្ឋភាពនៃការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ
ទិដ្ឋភាពនៃការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុ © សហការី

ការ​សាងសង់​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ​ដែលមាន​ប្រវែង​សរុប​ជាង ​១៩០​គីឡូម៉ែត្រ​ ពេលនេះ​សម្រេច​ ៥៥​% ​ហើយ​។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ លោក ​ស៊ុន ចាន់ថុល ​អមដោយ​សមាជិក​សភា​មួយ​ក្រុម ​មកពី​គណៈកម្មការ​ទី​៩ ​នៃ​រដ្ឋសភា ​បាន​ថ្លែង​អំឡុងពេល​ចុះទៅ​ពិនិត្យ​មើល​ការងារ​សាងសង់​ផ្លូវ​ល្បឿនលឿន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​បាន​ស្នើសុំ​ទៅ​ក្រុមហ៊ុន​សាងសង់​ឲ្យបាន​ចប់​មុន​គម្រោង​រយៈពេល​៦​ខែ​។ តាម​កម្រោង ​ការ​សាងសង់​ផ្លូវ​ល្បឿនលឿន ​ភ្នំពេញ-​ខេត្ត​ព្រះសីហនុ ​នឹង​ត្រូវប្រើពេល​៤៨​ខែ ​គឺ​បញ្ចប់​នៅ​ខែ​មីនា ​ឆ្នាំ​២០២៣ ​ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រី ​ស្នើសុំ​ឲ្យចប់​ត្រឹម​ខែ​កញ្ញា ​ឆ្នាំ​២០២២​។ ជាមួយគ្នា​នេះ ​លោក ​ស៊ុន ចាន់ថុល ​ក៏បាន​ស្នើសុំ​ទៅ​ក្រុមហ៊ុន​សាងសង់​ផងដែរ ​ដោយ​អនុញ្ញាតឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​សាកល្បង​រយៈពេល​ពី​១​សប្តាហ៍​ទៅ​១​ខែ ​ដោយ​មិនបង់ប្រាក់ ​ដើម្បី​ឲ្យ​ប្រជាជន​បាន​ស្វែងយល់​ពីផ្លូវ​នេះ​។ ​ដោយឡែក​ចំពោះ​ការបង់​ប្រាក់​វិញ ​លោក​ថា ​ពលរដ្ឋ​ខ្មែរ​មិនមាន​លទ្ធភាព​បង់ប្រាក់​ពី ​១០​ទៅ ​១៥​សេន ​ក្នុង​១​គីឡូម៉ែត្រ ​ដូច​តម្លៃ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន​នៅលើ​ពិភពលោក​ទេ​។ ទោះយ៉ាងណា ​ក្រុមហ៊ុន​សាងសង់ ​ក៏បាន​យក​សំណើរ​ទាំងអស់​នេះ​ទៅ​ពិចារណា​ផងដែរ​។ នេះ​បើតាម​លោក ​ស៊ុន ចាន់ថុល​។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់លោក ស៊ុន ចាន់ថុល៖

សូម​បញ្ជាក់​ថា ផ្លូវ​ល្បឿនលឿន ពី​ភ្នំពេញ ​ទៅ​ខេត្ត​ព្រះសីហនុ ​ដែលមាន​ប្រវែង​សរុប​ជាង ​១៩០​គីឡូម៉ែត្រ​មាន​៤​គន្លង​(២​គន្លង​ទៅ ២​គន្លង​មក) ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ​និង​ថ្នល់​ចិន(CRBC) ​តាមរយៈ​ក្រុមហ៊ុន ​Cambodian PPSHV ​Expressway ​Co., Ltd។ ​ផ្លូវនេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​កំពង់ស្ពឺ ​កោះកុង ​និង​ខេត្ត​ព្រះសីហនុ ​ចំណាយ​ថវិកា​សរុប​អស់ ​២ ០០០ ​លានដុល្លារ​។ ​ផ្លូវ​ល្បឿនលឿន​ដំបូង​នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បើកបរ​ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ​ ក្នុង​១​ម៉ោង ​ឬ​លើស​ពី​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI