កម្ពុជា-កូវិដ១៩

រដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ជំហានទី១ចំនួន ១១លានដុល្លារ ដល់កម្មករដែលរងការបិទខ្ទប់ជាង ២៧ម៉ឺននាក់

កម្មករ កម្មការិនីរោងចក្រ (រូបតំណាង)
កម្មករ កម្មការិនីរោងចក្រ (រូបតំណាង) © Internet

ក្រសួងការងារ​ នៅថ្ងៃទី២២ ​ខែមិថុនានេះ ​បានជូនដំណឹងដល់កម្មករ​ និយោជិតក្នុងវិស័យ​កាត់ដេរ​សម្លៀកបំពាក់ ​ស្បែកជើង ​និងកាបូប​ ដែលស្ថិតនៅ​តំបន់បិទខ្ទប់​ជាលក្ខណៈទ្រង់ទ្រាយធំ​ នៃរាជធានីភ្នំពេញ​ ក្រុងតាខ្មៅនៃខេត្តកណ្តាល​ និងខេត្តព្រះសីហនុ​ពីការបើកផ្តល់ប្រាក់ឧបត្ថម្ភ​ម្នាក់ៗចំនួន៤០ដុល្លារ​។​ មេដឹកនាំសហជីព ​បានសាទរចំពោះ​ ការឧបត្ថម្ភ​របស់រដ្ឋទៅលើកម្មករ ​និយោជិតផ្នែកកាត់ដេរ​ ដែលបានជាប់គាំងនៅក្នុងតំបន់បិទខ្ទប់​ ក៏ប៉ុន្តែចង់ឲ្យមានការគិតគូរ​ដល់កម្មករ ​និយោជិតនៃវិស័យផ្សេង​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

កម្មករ និយោជិតនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបចំនួន ២៧៥ ៧៤៧នាក់ នៃចក្រចំនួន៥១៣  ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលម្នាក់ៗចំនួន ១៦០ ០០០រៀល(៤០ដុល្លារ)។ គឺជាការបើកតែម្តងគត់ តាមធនាគារឯកទេសវីង ស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រដ្ឋាភិបាល។

ក៏ប៉ុន្តេទឹកប្រាក់ឧបត្ថម្ភនេះ នឹងបង្វិលទៅរដ្ឋាភិបាលវិញ ប្រសិនជាកម្មករ និយោជិតណា ខកខានមិនបានទៅបើកក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលមានចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី អ៊ិត សំហេង។

ពាក់ព័ន្ធទៅនឹងការឧបត្ថម្ភរបស់រដ្ឋាភិបាលដល់កម្មករ និយោជិតនៃវិស័យកាត់ដេរ ដេរស្បែកជើង និងកាបូបនៅពេលនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មើលឃើញថាថវិកា១៦ម៉ឺនរៀល ឬ៤០ដុល្លារនេះ វាជាផ្នែកមួយសម្រាលដល់ការលំបាករបស់កម្មករ និយោជិតដែរ។ ក៏ប៉ុន្តែប្រសិនបើទទួលបានប្រចាំខែ ច្រើនខែជាងនេះ ជាការល្អ។ ទោះយ៉ាងណា មេដឹកនាំសហជីពរូបនេះ ក៏ចង់ឲ្យកម្មករ និយោជិត ដែលបំរើការងារនៅវិស័យផ្សេងពីកាត់ដេរ និងដេរស្បែកជើង ទទួលបានប្រាក់ឧបត្ថម្ភដែរ ដោយហេតុថា ពួកគេក៏មានការលំបាកខាងជីវភាពធ្ងន់ធ្ងរដូចគ្នា អំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។

នៅមិនទាន់មានការពន្យល់បន្ថែម ឬឆ្លើយតបណាមួយពីក្រសួងការងារទាក់ទងទៅនឹងការចង់បានរបស់អ្នកសហជីពទេ។ ក៏ប៉ុន្តែការឧបត្ថម្ភសាច់ប្រាក់សរុបជិត ១១លានដុល្លារពេលនេះ គឺជាជំហានទី១ ដែលត្រូវផ្តល់ទៅដល់កម្មករ និយោជិតនៃវិស័យកាត់ដេរ និងដេរស្បែកជើងចំនួន ៥១៣រោងចក្រ។ ជំហានបន្ត ក្រសួងការងារនឹងធ្វើទៅលើរោងចក្រផ្សេងទៀតនៃវិស័យដូចគ្នានេះ ពោលគឺខុសគ្នាពីការណីរោងចក្រព្យួរ។ រោងចក្រព្យួរ គឺរដ្ឋត្រូវបើកជា២ដំណាក់កាលដល់កម្មករ និយោជិត តែករណីនេះ គឺរដ្ឋបើកជូនតែ១ដងប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI