កម្ពុជា-សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ បើកឱ្យមានការនាំចូលសាច់បង្កក និងទំនិញបង្កកពីឥណ្ឌាឡើងវិញ

សាច់បង្កកដែលនាំចូលពីឥណ្ឌា
សាច់បង្កកដែលនាំចូលពីឥណ្ឌា © Internet

កម្ពុជានៅ​ថ្ងៃអង្គារទី២២ ​មិថុនានេះ​ បានសម្រេចដកចេញ​បម្រាមនាំចូលសាច់បង្កក​ និងទំនិញបង្កក​ពីប្រទេសឥណ្ឌា  ​នៅគ្រាដែល​ប្រទេស​ឥណ្ឌា​ មានស្ថាន​ភាពធូរស្រាល និងការធ្វើ​តេស្តលើ​សាច់​បង្កក​នាំចូល​ពី​ឥណ្ឌាទាំងនោះ​ លទ្ធផល​គឺ​មិនមានវីរុសកូវីដ​១៩​។ ​ការសម្រេចនេះធ្វើឡើង ​បន្ទាប់ពីបិទ​ការនាំចូល​សាច់បង្កក​ទាំងនេះ កាលពីដើមខែឧសភា​ ឆ្នាំ២០២១​កន្លងទៅ ​ដោយមានការ​សង្ស័យថា​ប្រភេទសាច់បង្កក​ និងទំនិញបង្កក​ពីឥណ្ឌា គឺមានហានិភ័យ​ក្នុង​ការ​ចម្លង​កូវីដ១៩​មកកម្ពុជា​ ស្របពេលដែល​ឥណ្ឌាមាន​អ្នកឆ្លងកូវីដ១៩ប្រមាណ​ពី ៣០ទៅ៤០ ​ម៉ឺន​នាក់​​ក្នុង​១ថ្ងៃៗ។

ផ្សាយពាណិជ្ជកម្ម

ការសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងទំនិញបង្កកពីប្រទេសឥណ្ឌានេះ ធ្វើឡើងបន្ទាប់ពីបាន​ពិនិត្យឃើញ​ថា ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា​ មានភាពធូរស្រាល និង​លទ្ធផលធ្វើ​តេស្តជាបន្តបន្ទាប់​លើ​សាច់​បង្កក និងទំនិញបង្កក​នាំចូល​ពី​ប្រទេសឥណ្ឌាទាំងនោះ គឺ​អវិជ្ជមានវីរុស​កូវីដ​១៩ទាំងអស់​។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២១។

ជាមួយគ្នានេះ ចំពោះវិធានការបណ្តោះអាសន្ន ដែលបានដាក់ចេញរបស់អង្គភាពជំនាញនេះនាពេលកន្លងមកដោយតម្រូវឱ្យមានវិញ្ញាបនប័ត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ១៩លើសាច់បង្កក នៅពេលទំនិញមកដល់  និងត្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុននឹងអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយនោះ។ ក៏នឹងត្រូវបន្ថូរបន្ថយ ឬដកចេញទាំងស្រុងដែរ ដោយយោងតាម​ពេលវេលា និង​ការវិវត្ត​ជាក់ស្តែង ដែល​ផ្អែកលើ​ស្ថានភាព​ធូរស្រាល​នៃ​ការរីករាលដាល​កូវីដ​ ១៩ នៅ​ប្រទេស​នាំចេញ និង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើ​សាច់​បង្កក ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាបានរកឃើញជាបន្តបន្ទាប់ថា គ្មានវីរុសកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងដដែល។

ជាការបញ្ជាក់បន្ថែម ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២១ មិថុនាតទៅរហូតដល់មានការណែនាំជាថ្មីម្តងទៀត។

គួររម្លឹកជូនថា ការសម្រេចដក​ចេញ​បម្រាម​នាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ពី​ប្រទេស​ឥណ្ឌាទាំងនេះ ​ក៏​ជា​ការឆ្លើយតប​នឹង​សំណើរ​បស់​លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នាជំនួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។ ដែលកាលពី​ថ្ងៃទី​៣ ខែមិថុនា​កន្លងទៅ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជារូបនេះ បានស្នើឱ្យកម្ពុជាដកចេញការហាមឃាត់លើការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងៗទៀតពីប្រទេសឥណ្ឌា  បន្ទាប់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រមូល និងធ្វើតេស្ដគំរូ លើសាច់បង្កកទាំងនោះថា គ្មានកូវីដ១៩ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI