កម្ពុជា-នយោបាយ

ទូតអាមេរិកបង្ហាញការព្រួយបារម្ភខ្លាំងពីការចាប់ខ្លួន និងឃុំខ្លួនសកម្មជនការពារបរិស្ថាន៣នាក់បន្ថែមទៀត

សកម្មជនបរិស្ថានដែលត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ
សកម្មជនបរិស្ថានដែលត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ © FB

សកម្មជន​ការពារបរិស្ថាន៣រូបបន្ថែមទៀត​នៅល្ងាចថ្ងៃចន្ទម្សិលមិញ​ ត្រូវបានតុលាការ​សាលាដំបូងរាជធានី​ភ្នំពេញសម្រេចឃុំខ្លួននៅ​ក្នុងពន្ធនាគារព្រៃស​ ដោយចោទប្រកាន់ពីបទ​ រួមគំនិតក្បត់ ​និងប្រមាថអង្គ​ព្រះមហាក្សត្រ។ ក្រោយ​ការចោទប្រកាន់នេះ ​អង្គការស៊ីវិល​មួយចំនួនបានចេញមក​ប្រតិកម្ម​ដោយលើកឡើងថា​ បទចោទប្រកាន់នេះ ​គឺធ្ងន់ធ្ងរពេក​ហើយសម្រាប់ពួកគេ​។​​​​​​ ចំណែក ឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជា​វិញបានចេញមកសម្តែង​នូវការព្រួយបារម្ភ​យ៉ាងខ្លាំងជុំវិញការចាប់​ និងឃុំខ្លួនពួកគេនេះ​។

ផ្សាយពាណិជ្ជកម្ម

គឺតាមរយៈបណ្តាញសង្គមធ្វីតធ័រ(Twitter) លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានបង្ហាញពីទុកព្រួយមិនសប្បាយយ៉ាងខ្លាំងដែលបានដឹងពីការចាប់ខ្លួនសកម្មជនការពារបរិស្ថានបន្ថែមទៀតនៅកម្ពុជា។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតអាមេរិកបានអះអាងថា ការថតចងក្រងឯកសារអំពីការបំពុលបរិស្ថាន គឺជាកិច្ចការបម្រើសាធារណៈមិនមែនជាទម្រង់នៃអំពើភេរវកម្មនោះទេ។ ដូច្នេះហើយ លោក Patrick Murphy បានស្នើដល់អាជ្ញាធរកម្ពុជាឱ្យមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន មិនមែនមកបំបិទសំឡេងរបស់ពួកគេអ៊ីចឹងទេ។

ក៏ប៉ុន្តែ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានគូសបញ្ជាក់ថា ការចាប់ខ្លួន និងឃុំខ្លួនសកម្មជនការពារបរិស្ថានទាំង៣នាក់នេះ​មិនមែនដោយសារតែការថតវីដេអូពីបញ្ហាបំពុលបរិស្ថាននោះឡើយ ប៉ុន្តែ គឺបន្ទាប់ពីពួកគេបានធ្វើសកម្មភាពខុសច្បាប់ដែលមានអង្គការចាត់តែងច្បាស់លាស់ខុសច្បាប់។ លោកថា ទាំងនេះ គឺជាអ្វីដែលអាជ្ញាធរកម្ពុជាបានរកឃើញមុនឈានទៅធ្វើការឃាត់ខ្លួនពួកគេ។ បើតាមលោកជិន ម៉ាលីន ការចាប់ខ្លួននេះ គឺមិនមែនជាការបំបិទសំឡេង បំបិទសិទ្ធិ ឬគាប់សង្កត់ណាមួយទេ តែជាការអនុវត្តច្បាប់របស់កម្ពុជា។

តុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃចន្ទបានសម្រេចឃុំខ្លួនសកម្មជនការពារបរិស្ថាន៣នាក់នៅក្នុងពន្ធ​នាគារព្រៃស។ ពួកគេទាំង៣នាក់ គឺកញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៊ី ត្រូវបានចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ចំណែក លោក លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់។ ពួកគេទាំង៣នាក់ ត្រូវបានចាប់ខ្លួនក្រោយពីពួកគេបានថតវីដេអូនៅទីតាំងបង្ហូរទឹកស្អុយចូលទៅដងទន្លេ ក្បែរព្រះបរមរាជវាំងកាលពីសប្តាហ៍មុន។

ទាំងមេធាវីការពារក្តី និងអង្គការការពារសិទ្ធិមនុស្សផ្សេងទៀត បានសម្តែងនូវការសោកស្តាយដែលតុលាការសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ពួកគេបែបនេះ ហើយថា បទចោទនេះហាក់ដូចជាធ្ងន់ធ្ងរពេកហើយសម្រាប់ពួកគេដែលជាអ្នកការពារបរិស្ថាន។ ចំណែក លោក Alejandro gonzalez Davidson ដែលត្រូវអាជ្ញាធរអះអាងថាជាអ្នកនៅពីក្រោយសកម្មជនបរិស្ថានទាំង៣នាក់នេះបានចោទសួររកភស្តុតាង និងថា ទង្វើអ្វីខ្លះដែលបញ្ជាក់ថាពួកគេទាំង៣ប្រព្រឹត្តអំពើល្មើសទាំងនេះ។ សម្រាប់លោកAlejandro gonzalez Davidson នេះ គឺជាការចោទប្រកាន់តាមអំពើចិត្តទាំងស្រុងដោយគ្មានភស្តុតាងអ្វីទាំងអស់។

ប៉ុន្តែ​ នៅព្រឹកថ្ងៃអង្គារនេះ មានទំព័រហ្វេសប៊ុកមួយឈ្មោះថា កម្ចាត់ជនក្បត់ បានបង្ហោះបង្ហាញពីវីដេអូនៃកិច្ចប្រជុំតាមប្រព័ន្ធហ្សូមរវាងលោក Alejandro gonzalez Davidson និងក្រុមសកម្មជនទាំង៣នាក់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ កិច្ចប្រជុំនោះ គឺមានការបង្ហាញពីរូបថ្លុកជាច្រើននៃថ្នាក់ដឹកនាំកម្ពុជា រូបថ្លុកព្រះមហាក្សត្រ និងការប្រជុំសភាដែលមានការអត្ថាធិប្បាយពីលោក Alejandro gonzalez Davidson។ តាមរយៈកិច្ចប្រជុំនេះ ទំព័រហ្វេសប៊ុកនេះ​បានចាត់ទុកថាពួកគេបានរៀបចំផែនការក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រ។ វីដេអូស្តីពីកិច្ច​ប្រជុំនេះក៏ត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មានអនឡាញហ្វេ្រសញូវនៅព្រឹកថ្ងៃចន្ទនេះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI