កម្ពុជា-ទេសចរណ៍

ក្រសួងទេសចរណ៍៖ កញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ នឹងអនុវត្តនៅចុងឆ្នាំនេះ

តំបន់ទេសចរណ៍អង្គរនាខេត្តសៀមរាប (រូបតំណាង)
តំបន់ទេសចរណ៍អង្គរនាខេត្តសៀមរាប (រូបតំណាង) © Internet

តាមគម្រោងកម្ពុជា​ នឹងបើកទទួលភ្ញៀវទេសចរ​ចាក់វ៉ាក់សាំង​រួចនៅចុងឆ្នាំ​២០២១​។​ នេះគឺជាលទ្ធផល​នៃកិច្ចប្រជុំរវាង​ក្រសួងទេសចរណ៍ ​និងក្រសួង​សុខាភិបាល​ កាលពីថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២១​។​ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ​ គម្រោងនេះ​នៅមិនទាន់មានការ​ប្រកាស​ដាក់ចេញ​ឱ្យអនុវត្ត​ជាផ្លូវការនៅឡើយទេ ​ដោយរង់ចាំសេចក្តីសម្រេច​ពីប្រមុខ ​រដ្ឋាភិបាល​ និងរង់ចាំស្ថានភាពកូវីដ១៩​ធូរស្បើយ​។​ នេះបើតាមការ​គូសបញ្ជាក់​របស់លោក​ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ថ្ងៃនេះ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់ លោក ជុក ជំនោរ រៀបចំដោយ ហេង សុខនី ដូចតទៅ៖

ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ តាមវិធានសុវត្ថិភាពដែលជាធាតុចូលពីក្រសួងសុខាភិបាល គឺបានតម្រូវឱ្យក្រុមហ៊ុនទេសចរណ៍ដែលបានទទួលភ្ញៀវទាំងអស់ផ្តល់ព័ត៌មានលំអិតអំពីភ្ញៀវទេសចរណ៍ ដើម្បីឱ្យក្រសួងធ្វើការវាយតម្លៃពីហានិភ័យឆ្លងកូវីដ១៩ បើទោះជាពួកគេទទួលបានវ៉ាក់សាំងហើយក្តី។ លើសពីនេះ ក៏មានការកំណត់ជើងហោះហើរត្រង់មកកម្ពុជា និងការធ្វើតេស្តភា្លមៗរកវីរុសកូវីដ១៩ផងដែរ។ សូមរម្លឹកជូនថា កាល២០២០កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណតែ១,៣១លាននាក់ប៉ុ​ណ្ណោះ​ គឺបានថយចុះប្រមាណ៨០%  បើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិនេះ បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍កម្ពុជាបាត់បង់ចំណូលជាង៣ពាន់លានដុល្លារ។ ក្រសួងទេសចរណ៍អះអាងថា នឹងទ្រទ្រង់វិស័យនេះឱ្យបានល្អប្រសើរឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI