កម្ពុជា-នយោបាយ

រដ្ឋមន្រ្តីការបរទេសអង់គ្លេសលើកយកបញ្ហាសិទ្ធិមនុស្ស និងបញ្ហាភូមាមកជជែកជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងកម្ពុជានាឱកាសទស្សនៈកិច្ចប្រទេសកម្ពុជា
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងកម្ពុជានាឱកាសទស្សនៈកិច្ចប្រទេសកម្ពុជា Simon Dawson / No10 Downing Street - Simon Dawson / No10 Downing Street

រដ្ឋមន្រ្តីការបរទេស​ និងអភិវឌ្ឍន៍របស់អង់គ្លេស​ លោកដូមីនិក រ៉ាអាប់​ (Dominic Raab) ​បានជួបជជែកគ្នា​ជាមួយរដ្ឋមន្រ្តីការបរទេស​កម្ពុជា ​លោកប្រាក់ សុខុន ​នៅវេលាថ្ងៃត្រង់នៃថ្ងៃពុធនេះ​ក្នុងដំណើរ​ទស្សនកិច្ច​ជាលើកដំបូងនៅក្នុង​ប្រទេសកម្ពុជា​។​ នៅក្នុងជំនួបនេះ​ រដ្ឋមន្រ្តីការបរទេសទាំង២​បានជជែកពិភាក្សាគ្នា​ពីបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជា​និងបញ្ហានៅក្នុង​ប្រទេសភូមា​។ ប៉ុន្តែ លទ្ធផល​ ឬការសម្រេចយ៉ាងណានោះ​មិនត្រូវបានភាគី​កម្ពុជា-អង់គ្លេស​បង្ហើបបង្ហាញឱ្យដឹង​លម្អិតនោះទេ​។​

ផ្សាយពាណិជ្ជកម្ម

គឺនៅក្រោយជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងអង់គ្លេស ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានអះអាងឱ្យដឹងថា លោកដូមីនិក រ៉ាអាប់ (Dominic Raab) និងលោកប្រាក់ សុខុន បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិរវាងចក្រភពអង់គ្លេស និង ឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអាទិភាពរួម ដែលរួមមាន ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញពីស្ថានភាពកូវីដ បញ្ហាសិទ្ធិមនុស្ស និង បញ្ហាប្រទេសភូមា។ ជាមួយគ្នានេះ ទាំងលោកដូមីនិក រ៉ាអាប់ (Dominic Raab) និងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ដូចគ្នាថា ចក្រភពអង់គ្លេសទន្ទឹងរង់ចាំក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជានាពេលខាងមុខក្នុងអំឡុងពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២។

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍របស់អង់គ្លេស លោកដូមីនិក រ៉ាអាប់ (Dominic Raab) បានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃអង្គារ ដើម្បីបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ កម្ពុជា គឺជាប្រទេសទី២ បន្ទាប់ពីវៀតណាមដែលរដ្ឋមន្រ្តីការបរទេសរូបនេះបានមកដល់ មុនហួសទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃដូចគ្នា។ សម្រាប់ប្រទេសកម្ពុជា នេះ គឺជាដំណើរទស្សនកិច្ចលើកទី១ហើយនៃរដ្ឋមន្រ្តីការបរទេសអង់គ្លេស បន្ទាប់ពីបានបើកស្ថានទូតអង់គ្លេសនៅក្នុងរាជធានីភ្នំពេញឡើងវិញកាលពីឆ្នាំ១៩៩១មក។

មុនដំបូងលោកដូមីនិក រ៉ាអាប់ (Dominic Raab) គ្រោងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ប៉ុន្តែ ត្រូវខកខានទៅវិញ ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលុបចោល។ ការលុបចោលនេះ ដោយសារតែលោកហ៊ុន សែន ប្រកាសថា លោកបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ ដែលតម្រូវឱ្យរូបលោកត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមដានសុខភាពរយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។

បើទោះបីមិនបានជួបដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនក្តី ប៉ុន្តែ លោកដូមីនិក រ៉ាអាប់ (Dominic Raab)បានជួបជាមួយមន្រ្តីជាន់ខ្ពស់២រូបរបស់កម្ពុជា គឺលោកប្រាក់ សុខុន និងលោកសាយ សំអាល់ ដែលជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ (Dominic Raab) នៅក្នុងប្រទេសកម្ពុជានេះ បានជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI