កម្ពុជា-នយោបាយ

លោក ហង់ជួន ណារ៉ុន៖ សំណើរសុំបើកសាលារៀនឡើងវិញ និង៦ចំណុចផ្សេងទៀត មិនទាន់មានការសម្រេចអ្វីទាំងអស់

កិច្ចប្រជុំជាមួយវិស័យឯកជនតាមអនឡាញ នៅល្ងាចថ្ងៃពុធនេះ
កិច្ចប្រជុំជាមួយវិស័យឯកជនតាមអនឡាញ នៅល្ងាចថ្ងៃពុធនេះ © សហការី

សំណើរសុំបើកដំណើរការ​សាលារៀនឡើងវិញ​របស់វិស័យឯកជន​ នៅមិនទាន់មានការ​ឆ្លើយតបយ៉ាងណានៅឡើយ​ពីក្រសួងអប់រំ ​យុវជ​ន និងកីឡា។​ រដ្ឋមន្ត្រីក្រសួងអប់រំ​ លោក ហង់ជួន ណារ៉ុន ​បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ​ ​RFI ក្រោយបញ្ចប់​កិច្ចប្រជុំជាមួយ​វិស័យឯកជន​តាមអនឡាញ​ នៅល្ងាចថ្ងៃពុធនេះថា ​សំណើររបស់វិស័យ​ឯកជន ​ដែលរួមមាន​៧ចំណុច ​ត្រូវបានក្រសួងអប់រំ​ ដាក់ជូនទៅលោកឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធមុនីរ័ត្ន​ ដែលជាប្រធានគណៈប្រចាំការ​ នៃគណៈកម្មការ​គ្រប់គ្រងកូវីដ-១៩​ ដើម្បីសម្រេច ហើយសំណើរនេះ​ក៏ត្រូវដាក់ជូនលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បីពិនិត្យ ​និងសម្រេចផងដែរ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោក ហង់ជួន ណារ៉ុន៖

សូមរំលឹកថា កាលពីថ្ងៃទី ១៦ ខែមិថុនា កន្លងទៅ វិស័យឯកជនផ្នែកអប់រំ បានដាក់លិខិតជួបពិភាក្សាតាមអនឡាញជាមួយក្រសួងអប់រំនៅថ្ងៃទី២៣ ខែមិថុនានេះ ដើម្បីស្នើសុំបើកសាលារៀនឯកជនឡើងវិញ រួមនឹងចំនុចពាក់ព័ន្ធចំនួន៦ផ្សេងទៀត។ ចំណុចទាំងនោះមានដូចជា សំណើរសុំបិទត្រឹមទីតាំងដែលកើតមានជំងឺកូវីដ-១៩ ឬទីតាំងដែលសង្ស័យដែលកើតមានជំងឺកូវីដ-១៩ ចំពោះតែថ្នាក់ ឬទីតាំងជាក់លាក់ណាមួយ ដែលមានកើតជំងឺកូវីដ១៩ ឬដែលសង្ស័យកើតជំងឺកូវីដ-១៩ ជាជាងការបិទសាលាទាំងមូល។ សំណើសុំចាក់វ៉ាក់សាំងឲ្យបានពេញលេញចំពោះសិស្ស និស្សិត និងបុគ្គលិកអប់រំផ្នែកឯកជន។ សំណើសុំធនាគារជាតិនៃកម្ពុជា បន្ថយអត្រាការប្រាក់ពិសេស ស្នើសុំបន្ថយអត្រាការប្រាក់កាតព្វកិច្ចចំពោះធនាគារឯកជន ដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជន និងស្នើសុំពន្យារពេលនៃការសងត្រឡប់វិញ។ល។ និងល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI