កម្ពុជា-សង្គម

ដោយសារកូវីដ កម្ពុជាប្រកាសផ្លូវការរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប តាមអនឡាញនៅខែវិច្ឆិកាឆ្នាំនេះ

កិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុបកាលពីឆ្នាំកន្លងទៅ
កិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុបកាលពីឆ្នាំកន្លងទៅ © Internet

ក្រសួងការបរទេស​កម្ពុជា​នៅថ្ងៃទី​១២ ​ខែកក្កដា​ ម្សិលមិញ ​បានប្រកាស​ជាផ្លូវការថា​ នឹងរៀបចំ​កិច្ចប្រជុំកំពូល​ អាស៊ី-អឺរ៉ុប​ លើកទី១៣ ​(ASEM 13) ​នៅថ្ងៃទី​ ២៥ ​និង២៦ ​ខែវិច្ឆិកា​ ឆ្នាំ២០២១​នេះ តាមប្រព័ន្ធ​ Vidéo Conférence។ ​ការប្រកាស​ជាផ្លូវការនេះ ​ធ្វើឡើង​ក្រោយមាន​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ អាស៊ី-អឺរ៉ុប ​កាលពីថ្ងៃ​ទី៧ ​និងថ្ងៃទី៩ ​ខែកក្កដា ​កន្លងទៅ ​តាមប្រព័ន្ធ​អនឡាញ។​ ក្រសួងការបរទេស​កម្ពុជា ​អះអាងថា​ ការសម្រេច​របស់​កម្ពុជា​ដូច្នេះ ​ស្របតាម​ការណែនាំ​របស់​គណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ-១៩ ​ដោយបញ្ជាក់ថា​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ ជាលក្ខណៈ​រូបវ័ន្ត​ នឹងមិនមាន​សុវត្ថិភាព​ដល់ថ្នាក់ដឹកនាំ​នៃប្រទេស​ដៃគូ ​ASEM ​ដែលនឹងត្រូវ​មកចូលរួម​កិច្ចប្រជុំ​នោះឡើយ​។​ វាក៏នឹងមិនអាច​ប្រព្រឹត្តទៅ​បានដែរ​ ព្រោះជំងឺ​រាតត្បាតនេះ​ បាន និងកំពុង​បន្តរីករាលដាល​ខ្លាំង​ ស្របពេល​ដែលបណ្តា​ប្រទេសលើពិភពលោក​បានដាក់ចេញនូវ​ការរឹតត្បិតលើការ​ធ្វើដំណើរជាថ្មី​។​ ជុំវិញបញ្ហានេះ ​លោកបណ្ឌិត​ គិន ភា នាយកវិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត​សភាក​ម្ពុជាមើលឃើញថា​ កម្ពុជាមានបំណង​ចង់រៀបចំ​កិច្ចប្រជុំ​ដ៏សំខាន់នេះ​ដោយផ្ទាល់​ ក៏ប៉ុន្តែហេតុផល​ជំងឺកូវីដ-១៩​ គឺជាឧបសគ្គដ៏ធំ​ ដែលធ្វើឲ្យកិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ នេះបង្វែរទៅជា​កិច្ចប្រជុំ​តាមអនឡាញវិញ​។​ លោកបណ្ឌិត​បញ្ជាក់ថា​ លទ្ធផលនៃកិច្ចប្រជុំ​នឹងមិនខុសគ្នា​ពីកិច្ចប្រជុំ​ដោយផ្ទាល់នោះទេ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោកបណ្ឌិត គិន ភា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI