កម្ពុជា-សេដ្ឋកិច្ច

ចំណូលពន្ធគយធ្លាក់ចុះជិត៩% នៅឆមាសទី១ ឆ្នាំ២០២១នេះ

ការប្រមូលខ្ចប់ទុកនៃស្រូវដែលច្រូតបានរបស់កសិករ
ការប្រមូលខ្ចប់ទុកនៃស្រូវដែលច្រូតបានរបស់កសិករ © សហការី

អគ្គនាយកដ្ឋាន​គយ និងរដ្ឋករ​ នៅឆមាសទី១​ ឆ្នាំ២០២១នេះ​ ប្រមូលពន្ធ​បានចំនួន​ ៤,៦៩៥.៨​ប៊ីលានរៀល​ ស្មើនឹង​ ១ ១៥៩,៥​លានដុល្លារ​ មានការធ្លាក់ចុះ ​៨,៩% ​ធៀបទៅនឹង​ឆមាសទី១​ ឆ្នាំ២០២០​។​ ពោលគឺ​នៅឆមាសទី១​ ឆ្នាំ២០២១នេះ ​គយសម្រេច​បាន ៤៩% ​នៃផែនការ​ឆ្នាំ ​ដែលកំណត់​ដោយច្បាប់ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១​។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយដ្ឋាន​គយ និងរដ្ឋករ​ កាលពីថ្ងៃទី១៤​ ខែកក្កដា ​កន្លងទៅ។​

ផ្សាយពាណិជ្ជកម្ម

នៅក្នុងចំណូលពន្ធគយសរុប ដែលប្រមូលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋករ បានលម្អិតបន្ថែម ដោយគិតតាមប្រភេទពន្ធ និងអាករ និងគិតតាមក្រុមទំនិញ។ ចំពោះការគិត​តាមក្រុមទំនិញ អគ្គនាយកដ្ឋានគយ និងរដ្ឋករ ឲ្យដឹងថាចំណូលបានមកពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល ​គ្របដណ្តប់ ៤២.៣% នៃចំណូលសរុប ទំនិញចម្រុះមានចំនួន ១,៣១៦.៣ ប៊ីលានរៀល ត្រូវជា២៨%នៃចំណូលសរុប ផលិតផលតេលសិលាមានចំនួន ១,១០១.៩ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារៈសំណង់ រួម​នឹងកម្រៃផ្សេងៗ មានចំនួន ២៩២.២ ប៊ីលានរៀល ស្មើនឹង ៦.២%នៃចំណូលសរុប។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋករ ក៏បានរំលេចពីតួលេខនៃទំហំពាណិជ្ជកម្ម​អន្តរជាតិក្នុង​ឆមាសទី១ ឆ្នាំ​២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ​២០២០ ដែរ ដោយក្នុងនោះ ការនាំចេញផលិតផល​កាត់​ដេរមានចំនួន ៤,៧២១.៤ លានដុល្លារ កើនឡើង​ប្រមាណ ៤០.១ លានដុល្លារ ស្មើនឹង ០.៩%។

ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិច​ត្រូនិក បង្គុំខ្សែភ្លើង គ្រឿង​បន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗ​ទៀត) មានចំនួន ១,៨៩៩.៧​ លានដុល្លារ កើនឡើង​ប្រមាណ ៦៣២.៥ លានដុល្លារ ស្មើនឹង ៤៩.៩%។

ដោយឡែក ការនាំចេញផលិតផលកសិកម្មវិញ ក៏មានការកើនឡើងដែរគឺ មានចំនួន ១,៥៨០.៦ លានដុល្លារ កើន៦៤.១៣% ក្នុងនោះការនាំចេញស្រូវកើនជាង ១៥១% កៅស៊ូកើន៨០% និងកសិផលមួយចំនួនទៀតកើនសរុប ៦៣% ក៏ប៉ុន្តែការនាំចេញអង្ករថយចុះជាង ២១%។ 

យ៉ាងណាក៏ដោយ ហេតុផលដែលធ្វើឲ្យការប្រមូលពន្ធនៅឆមាសទី១ ឆ្នាំ២០២១នេះ មានការធ្លាក់ចុះ មិនត្រូវបានបញ្ជាក់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋករនោះទេ។ ក៏ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចនានា បានយល់ឃើញថា ការថយចុះចំណូលពន្ធ៦ខែឆ្នាំ ២០២១នេះ ទំនងជាត្រូវបានរំខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI