កម្ពុជា-កូវិដ១៩

អាជ្ញាធររាជធានីភ្នំពេញអះអាងថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងរោងចក្រកាត់ដេរបានថយចុះ

កម្មកររោងចក្រជិះឡានប្រជ្រៀតគ្នា
កម្មកររោងចក្រជិះឡានប្រជ្រៀតគ្នា AP - Heng Sinith

នៅថ្ងៃអង្គារនេះ ​ក្រសួង​សុខាភិបាល​កម្ពុជា​បានប្រកាស​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ថ្មីចំនួន​៨២៥នាក់ ​ខណៈអ្នកជា​សះស្បើយ​មានចំនួន​១,០២២នាក់​ ហើយអ្នកស្លាប់ថ្មី​បន្ថែមវិញ​មានចំនួន​២១នាក់​ ​។ ក្នុងនោះ ​ករណីឆ្លង​ក្នុងសហគម​ន៍មាន៤០៤នាក់ ​និងករណីនាំចូល​មាន៤២១នាក់​​។ ដូចរាល់ដ​ងដែរ​ ចំនួនអ្នកឆ្លងថ្មី​នៅរាជធានី​ភ្នំពេញ ​មិនត្រូវបាន​បង្ហាញ​ឱ្យដឹង​ដូចពេលមុនៗ​នោះឡើយ​។ ​បើទោះជាបែបនេះក្តី ​អាជ្ញាធររាជធានី​ភ្នំពេញ​បានអះអាងឱ្យដឹងថា ​អត្រាឆ្លងជំងឺកូវីដ១៩​នៅក្នុងបណ្តា​រោងចក្រ​នានា​នៅភ្នំពេញ​បានថយចុះ​គួរឱ្យកត់សម្គាល់​។

ផ្សាយពាណិជ្ជកម្ម

«នៅក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ករណីឆ្លងតាមបណ្តារោងចក្រនានាមានការថយចុះ» នេះ គឺជាការគូសប​ញ្ជាក់ឱ្យដឹងរបស់លោកនួន ផារ័ត្ន ដែលជាអភិបាលរងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ឱ្យដឹងដូច្នេះនៅក្រោយកិច្ចប្រជុំដកពិ​សោ​ធន៍ និងពិគ្រោះយោបល់លើករណីទប់ស្កាត់ការឆ្លងតាមរោងចក្រ-សហគ្រាសជាមួយតំណាងក្រសួងការងារ តំ​ណាងក្រសួងសុខាភិបាល និងតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោហៅកាត់ថា TYDA កាលពីថ្ងៃចន្ទ។ ប៉ុន្តែអភិ​បាលរងរូបនេះ មិនបានបង្ហាញឱ្យដឹងលម្អិតឡើយថា ការថយចុះការឆ្លងជំងឺកូវីដ១៩នៅក្នុងរោងចក្រនេះកម្រិតណា និងដោយហេតុផលអ្វីនោះឡើយ ដោយលោកគ្រាន់តែអះអាងខ្លីថា ការថយចុះនេះ គឺជាសញ្ញាណវិជ្ជមានមួយ។

ត្បិតថា នៅតាមរោងចក្រមានការថយចុះការឆ្លងជំងឺកូវីដ១៩មែន ប៉ុន្តែការឆ្លងរាលដាលកូវីដ១៩នៅក្នុងរាជធានីភ្នំពេញនៅតែបន្តកើតមាននៅកន្លែងផ្សេង។ ជាក់ស្តែង បើតាមរបាយការណ៍ជាបន្តបន្ទាប់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ គឺថា ការឆ្លងនៅបន្តមាននៅតាមផ្សារ វត្តអារាម ក្រុមហ៊ុនឯកជន ជាពិសេសនៅតាមបណ្តាធនាគារមួយចំនួន។ ថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញទើបអនុញ្ញាតឱ្យបើកដំណើរការផ្សារ២ឡើងវិញ គឺផ្សារបឹងកេងកង និងផ្សារអូឡាំពិក។ ប៉ុន្តែ បានបិទបណ្តោះអាសន្ននូវផ្សារកណ្តាលរយៈពេល១៤ថ្ងៃចាប់ថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ជាការកត់សម្គាល់ ការបន្តឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញនេះបានកើតឡើងស្របពេលដែលប្រជាពល​រដ្ឋជាច្រើនលើសលប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់។ អាជ្ញាធររាជធានីភ្នំពេញបានបិទបញ្ចប់ការចាក់វ៉ាក់សាំងនេះកាលពីថ្ងៃទី០៨ ខែកក្កដា ដោយប្រជាពលរដ្ឋ​ប្រមាណជាង​១,៧លាននាក់ ​បានថ្នាំវ៉ាក់សាំងរួចរាល់​ទាំង២ដូស។ ប៉ុន្តែសម្រាប់អ្នកដែលចាក់វ៉ាក់សាំងដូសទី១រួចរាល់ គឺអាជ្ញាធរប្រកាសឱ្យពួកគេទៅចាក់ដូសទី២នៅទីតាំងដដែលឱ្យអស់ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ជាកំហិត។

ដោយឡែក នៅក្របខណ្ឌទូទាំងប្រទេសវិញ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១រួចរាល់មានចំនួនជាង៦លាននាក់ហើយ ឬប្រមាណ៦០,៦១% ក្នុងនោះជាង៣លាននាក់ គឺជាមនុស្សស្រី។ រីឯ អ្នកចាក់រួចរាល់ទាំង២ដូសមានចំនួនជាង៤លាននាក់គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងគិតគូរចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេងពីអាយុ១២ ដល់១៧ឆ្នាំដែលមានចំនួនប្រមាណជិត២លាននាក់បន្ថែមទៀតផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI