កម្ពុជា-កូវិដ១៩

មន្រ្តីទូតកម្ពុជាជំរុញឱ្យមន្ទីរពេទ្យនៅថៃយកចិត្តទុកដាក់ព្យាបាលពលករខ្មែរដែលឆ្លងកូវីដ១៩

ពលករដែលទៅបម្រើការងារនៅប្រទេសថៃ
ពលករដែលទៅបម្រើការងារនៅប្រទេសថៃ AP - Gemunu Amarasinghe

ក្រសួងការ​បរទេស​កម្ពុជា​នៅព្រឹក​ថ្ងៃពុធនេះ​ បានចេញមក​បញ្ជាក់ឱ្យដឹងថា​ មន្រ្តី​ស្ថានទូត​កម្ពុជា​កំពុងធ្វើការ​ជាមួយអាជ្ញាធរ​ និងមន្ទីរពេទ្យ​នៅថៃ ​ដើម្បី​ជំរុញ​ឱ្យយកចិត្តទុកដាក់ថែទាំ​ និងព្យាបាលពលករ​ខ្មែរដែលបាន​ឆ្លងជំងឺ​កូវីដ១៩​។ ការបញ្ជាក់នេះ ​គឺធ្វើឡើង​បន្ទាប់ពី​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់ថា ​សង់ត្រាល់​បានបង្ហាញ​ថា ពលរដ្ឋខ្មែរ​នៅប្រទេសថៃ​ដែលបានឆ្លង​ជំងឺ​កូវីដ១៩​មិនទទួលបានថែទាំ​ និងព្យាបាល​ដោយយកចិត្ត​ទុកដាក់ឡើយ​។ តាមសង់ត្រាល់​ គឺពលករខ្មែរ​នៅទីនោះប្រមាណ​ជិត១ម៉ឺននាក់ហើយ បានឆ្លងជំងឺ កូវីដ១៩ ។

ផ្សាយពាណិជ្ជកម្ម

លោក​លឹង សុផុន​ មន្ត្រី​គម្រោង​នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់​ប្រចាំនៅ​ប្រទេសថៃបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីល្ងាចថ្ងៃអង្គារថា ពលករខ្មែរនៅក្នុងប្រទេសថៃប្រមាណ៩ពាន់នាក់ហើយបានឆ្លងជំងឺកូវីដ១៩ ។ ក្នុងនោះ ភាគច្រើននៅក្នុងទីក្រុងបាងកក និងខេត្តដែលជាតំបន់ក្រហមមួយចំនួនទៀតដូចជាខេត្តសាមុត ប្រាកាន ណាក់ខនប៉ាក់ធុម ប៉ាក់ធុមថានី ឈុនប៊ុរី និងខេត្តស្រះកែវជាដើម។

ចំពោះពលករខ្មែរដែលឆ្លងកូវីដ១៩ទាំងនេះ លោកលឹង សុផុន បានគូសបញ្ជាក់ថា ពួកគេទទួលបានព្យាបាលមិនដូចគ្នាឡើយ ពោល គឺពលករដែលមានលិខិតឆ្លងដែន មានទិដ្ឋាការ និងប័ណ្ណការងារត្រឹមត្រូវ ហើយមានការយកចិត្តទុកដាក់ពីថៅកែទៀតនោះ គឺពួកគេទទួលបានការព្យាបាលសមរម្យ។ ប៉ុន្តែ ចំពោះពលករដែលមិនទាន់បានប័ណ្ណការងារពេញលេញ អ្នកមានប័ណ្ណផុតសុពលភាព និងពលករខុសច្បាប់វិញ គឺមិនមានការយកទុកចិត្តទុកនាំពួកគេទៅមន្ទីរពេទ្យ និងមិនទទួលបានការព្យាបាលបានដិតដល់ឡើយ។

ជុំវិញបញ្ហានេះ វិទ្យុបារាំងអន្តរជាតិបានព្យាយាមទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដើម្បីសុំការបញ្ជាក់ និងបំភ្លឺដែរ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេមកដល់ពេលនេះ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានអះអាងជំនួសប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃកំពុងខិតខំសហការជាមួយអាជ្ញាធរ និងក្រុមហ៊ុនថៃ ដើម្បីជួយដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំង​នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ មន្រ្តីទូតកម្ពុជាក៏កំពុងខិតខំសហការជាមួយមន្ទីរពេទ្យឱ្យយកចិត្តទុកដាក់ព្យាបាលពលករខ្មែរដែលបានឆ្លងជំងឺCovid១៩ផងដែរ។

ចំណែក ចំនួនពលករខ្មែរឆ្លងជំងឺកូវីដ១៩នៅថៃវិញ  ក្រសួងការបរទេសកម្ពុជាបានអះអាងថា មិនទាន់មានព័ត៌មានផ្លូវការច្បាស់លាស់នៅឡើយទេ ដោយថា ស្ថានទូតកម្ពុជានៅថៃកំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីផ្ទៀងផ្ទាត់ចំនួន និងឈ្មោះពលករ ព្រោះអាចច្រឡំជាមួយពលករបរទេសផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ពលករខ្មែរជាច្រើនចង់វិលត្រឡប់ចូលប្រទេសកំណើតវិញ ដោយសារទី១.ពួកគេបារម្ភពីការឆ្លងជំងឺកូវីដ១៩ និងទី២. ខ្លាចទទួលការព្យាបាលមិនដិតដល់នៅក្នុងប្រទេសថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកលឹង សុផុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI