កម្ពុជា-ច្បាប់

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបដិសេធការស្នើសុំរបស់អ្នកបើកបររថយន្ត​ធុនធ្ងន់ ដែលតវ៉ា សុំដឹកលើសទំងន់កំណត់

ការតវ៉ាដ៏របស់ម្ចាស់ និងអ្នកបើកបររថយន្តដឹកជញ្ជូន និងដឹកខ្សាច់កាលពីម្សិលមិញនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវ៦០ម៉ែត្រ
ការតវ៉ាដ៏របស់ម្ចាស់ និងអ្នកបើកបររថយន្តដឹកជញ្ជូន និងដឹកខ្សាច់កាលពីម្សិលមិញនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវ៦០ម៉ែត្រ © សហការី

ក្រសួងសាធារណ​ការ និងដឹក​ជញ្ជូន​បានសម្រេច​យកសំណើ​សុំផ្ទុក​បន្ថែម​ទម្ងន់១៥តោន​ ពីលើទំងន់​កំណត់​ដោយច្បាប់ ​ របស់តំណាង​ក្រុមរថយន្ត​ដឹកជញ្ជូ​ន យកទៅពិនិត្យ ​ពិចារណា​។ ​ការទទួល​សំណើរនេះ ធ្វើឡើង​ ក្រោយមាន​ការតវ៉ា​ដ៏ធំមួយ​របស់ម្ចាស់​ និងអ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ និងដឹកខ្សាច់​កាលពីម្សិលមិញ​នៅលើផ្លូវ​ក្រវ៉ាត់ក្រុងទី២​ និងផ្លូវ៦០ម៉ែត្រ​។​ តែ​លោកទេស​រដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណកា​រ និងដឹកជញ្ជូន​ ថ្លែងបញ្ជាក់​នៅក្នុង​ពិធីបើកឱ្យ​ដំណើរការ​ជាផ្លូវជាការ​ មណ្ឌល​ផ្តល់សេវា​សាធារណៈ​ទី០៥​ រប​ស់ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ នៅផ្សារ​ទំនើប ​ហេរីថេក វ៉ក​ នៅខេត្តសៀមរាប​ នាព្រឹកថ្ងៃពុធ​នេះថា ​លោកនៅ​តែប្រកាន់​ជំហរ​អនុវ​ត្តតាមច្បាប់ ដែលមានជា​ធរមាន​។ ជាមួយគ្នានេះ ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ក៏បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅថ្ងៃ​នេះដែរ ​ដោយ​ច្រានចោល​ទាំងស្រុង​នូវ​សំណើរទាំង​៣​ចំណុច​របស់​ក្រុម​អ្នក​បើកបរ​រថយន្ត​ធុនធ្ងន់ ​ឬ​ម្ចាស់​រថយន្ត​ធុនធ្ងន់​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល៖

ទាក់ទងទៅនឹងបញ្ហាស្នើសុំផ្ទុកបន្ថែមទំងន់របស់ក្រុមអ្នកដឹកជញ្ជូនដូច្នេះ លោក គង់ សុវណ្ណ នាយកប្រតិបត្តិអង្គការខេមសេហ្វ ដែលជាអង្គការធ្វើការងារទាក់ទងទៅនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែរនោះ បានពិនិត្យមើលទាំងសងខាង ដោយលោកចាប់អារម្មណ៍ចំនួន២ចំណុច។ នោះគឺចំណុចអនុវត្តច្បាប់ ដែល​រួមមាន​យន្តការអប់រំផ្សព្វផ្សាយ​ផងដែរ និង​ចំណុចមួយទៀតគឺ ខាងអ្នកដឹកជញ្ជូនគួរពិចារណាសហការយ៉ាងណាអាចធ្វើអាជីវកម្ម ដោយមិនមានការខាតបង់ផ្លូវ ដែលជាទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរទាំងអស់គ្នា គឺធ្វើយ៉ាងណាអនុវត្តដូចជាប្រទេសជិតខាងរបស់កម្ពុជា។

 

សូមស្តាប់ការលើកឡើងរបស់លោក គង់ សុវណ្ណ៖

សូមរំលឹកថា ក្រុមអ្នកបើកបរ និងម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ កាលពីថ្ងៃម្សិលមិញបានស្នើសុំដំណោះស្រាយ ៣ចំណុច ដែលក្រសួងសាធារណការយល់ថា ខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមមាន៖

១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។

ទី២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា។ និង

ទី៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណា ដែលកំពុងឃាត់ទុក១ឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI