កម្ពុជា-កូវិដ១៩

កម្ពុជាតៀមវ៉ាក់សាំង Sinovac របស់ចិន៥លានដូស សម្រាប់ចាក់ឲ្យកុមារអាយុពី១២ ដល់១៧ឆ្នាំ

វ៉ាក់សាំងកូវីដ១៩
វ៉ាក់សាំងកូវីដ១៩ © Internet

នៅក្នុងឱកាស​នៃការទទួល​វ៉ាក់សាំង ​Sinofarm ​ចំនួន១លានដូស​ ដែលទើប​ដឹកមក​ពីប្រទេសចិន ​នាព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ​លោកស្រី​ យក់ សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ បានថ្លែងប្រាប់​អ្នកកាសែត​នៅព្រលានយន្តហោះ​ភ្នំពេញថា ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានណែនាំ​ឲ្យត្រៀម​វ៉ាក់សាំង ​Sinovac​ របស់ចិន​ចំនួន៥លានដូស​ សម្រាប់ចាក់​ឲ្យកុមារ​កម្ពុជា ​ដែលមានអាយុ​ចាប់ពី​ ១២ ​ដល់១៧ឆ្នាំ​។​ តាមលោកស្រី ​យក់ សម្បត្តិ​ គណៈកម្មការ​ចំពោះកិច្ច​នៃការ​ចាក់វ៉ាក់សាំង​ កំពុងធ្វើផែនការ​ និងពិភាក្សាគ្នា​យ៉ាងសកម្ម​ ដើម្បីកំណត់​ពេលវេលា​ និងការងារ​ជាក់លាក់​ក្នុងការដំណើរ​ការចាក់វ៉ាក់សាំង​ដល់កុមារ​អាយុក្រោម១៨ឆ្នាំ​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោកស្រី យក់ សម្បត្តិ រៀបចំដោយ ញឹម សុផល៖

សូមរំលឹកថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកថ្លែងថាជម្រើសនៃការចាក់វ៉ាក់សាំងដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានប្រមាណជិត ២លាននាក់ នឹងត្រូវសម្រេចធ្វើឡើងតាមជម្រើសចំនួន២។ ទី១ អាចនឹងចាប់ផ្តើមចាក់ដំណាលគ្នា នឹងការប្រព្រឹត្តទៅនៃការចាក់វ៉ាក់សាំងឲ្យមនុស្សចាស់ និងទី២ អាចរង់ចាំចាក់ឲ្យមនុស្សចាស់ចំនួន១០លាននាក់រួចរាល់ ទើបដំណើរការចាក់ដល់កុមារ។ ក៏ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បញ្ជាក់ថានឹងជ្រើសរើសយកជម្រើសមួយណានៅឡើយ។

 

សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១៦លានដូសហើយ ស្ទើរតែទាំងអស់ផលិតនៅប្រទេសចិន។  នៅចុងខែកក្កដានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុបតាមផែនការចំនួន ២០លានដូស។ គិតត្រឹមថ្ងៃទី២១ ខែកក្កដានេះ កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦,៣ លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI