កម្ពុជា-នយោបាយ

តុលាការក្រុងភ្នំពេញបន្ថែមបទចោទ«រួមគំនិតក្បត់»មួយទៀតលើក្រុមយុវជនបរិស្ថានដែលកំពុងជាប់ទោសក្នុងពន្ធនាគារ

សកម្មជននៃចលនាមាតាធម្មជាតិដែលរងការចោទប្រកាន់ និងសម្រេចឲ្យជាប់ពន្ធធនាគារ
សកម្មជននៃចលនាមាតាធម្មជាតិដែលរងការចោទប្រកាន់ និងសម្រេចឲ្យជាប់ពន្ធធនាគារ © សហការី

តុលាការ​ក្រុងភ្នំពេញ​បានចំណាយពេល​២ថ្ងៃជាប់គ្នា​ គឺថ្ងៃទី២១​ និងថ្ងៃទី២២​ ខែកក្កដា ​ដើម្បីសាកសួរ​បន្ថែម​លើយុវជន ​ថុន រដ្ឋា​ យុវតី​ ឡុង គន្ធា​ និង យុវតី​ ភួន កែវរស្មី ​ដែលជា​សកម្មជន​នៃចលនា​មាតាធម្មជាតិ​។​ ក្រោយការ​សាកសួរ ​តុលាការ​បានសម្រេច​ចោទប្រកាន់​បន្ថែមលើ​ពួកគេ១បទល្មើស​ទៀត ​គឺបទ​ រួមគំនិតក្បត់​ ដូចសកម្មជន​បរិស្ថាន​៣នាក់​ដែលទើបចាប់ឃុំខ្លួន​នាពេលថ្មីៗ​នេះដែរ​។ ​បទល្មើសថ្មីនេះ​ គឺបន្ថែម​ទៅលើបទ​ល្មើស​ញុះញង់​បង្កឱ្យមាន​អសន្តិសុខ​សង្គម​ដែលតុលាការ​សម្រេចឱ្យពួកគេ​ជាប់ទោស​ក្នុងពន្ធនាគារ​២០និង១៨ខែ​រួចទៅហើយ​។

ផ្សាយពាណិជ្ជកម្ម

ការចោទប្រកាន់លើយុវជនថុន រដ្ឋា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី ពីបទរួមគំនិតក្បត់នេះ គឺដោយសារពួកគេទាំង៣ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបញ្ចូលទៅក្នុងសំណុំរឿងជាមួយក្រុមយុវជនការពារបរិសា្ថនកម្ពុជា៣នាក់ផ្សេងទៀតដែលទើបត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីពេលថ្មីៗកន្លងនេះ។ មានន័យថា ក្នុងសំណុំរឿងរួមគំនិតក្បត់នេះ គឺមានសកម្មជនការពារបរិស្ថានកម្ពុជា៦នាក់ និង លោកAlejandro Gonzalez Davidson ដែលជាប្រធានអង្គការមាតាធម្មជាតិមួយរូបផង។

លោកអំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​ដែលបានតាមដានយ៉ាងដិតដល់លើសំណុំរឿងនេះ បានអះអាងថា ការចោទប្រកាន់បន្ថែមពីបទរួមគំនិតក្បត់នេះ គឺមិនមានមូលដ្ឋាន និងមិនមានភស្តតាងច្បាស់លាស់ណាមួយជាសំអាងនោះទេ ហើយបទចោទនេះ គឺបន្ថែមភាពធ្ងន់ធ្ងរទៅលើសកម្មជនបរិស្ថានទាំង៣នាក់។ បើតាមលោកអំ សំអាត ពួកគេទាំង៣នាក់កំពុងអនុវត្តទោសនៅក្នុងពន្ធនាគារទៅហើយ ស្រាប់តែតុលាការមកបន្ថែមបទល្មើស​ឧក្រិដ្ឋមួយទៀត គឺរឹតតែធ្ងន់ធ្ងរណាស់សម្រាប់ពួកគេ។

តុលាការក្រុងភ្នំពេញកាលពីខែឧសភា ឆ្នាំ២០២១ បានសម្រេចផ្ទន្ទាទោសយុវជនថុន រដ្ឋា ឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ និងយុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ។ ពួកគេទាំង៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានអសន្តិសុខសង្គម ក្រោយពីពួកគេគ្រោងធ្វើដំណើរពីវត្តភ្នំទៅកាន់គេហ​ដ្ឋានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំអន្តរគមន៍បញ្ឈប់ការលុបបឹងតាមោក។ បន្ថែមពីនេះ គឺនៅក្នុងខែមិថុនា ឆ្នាំ២០២១ សកម្មជនការពារបរិស្ថាន៣នាក់ទៀត គឺកញ្ញា​ស៊ុន​ ​រដ្ឋា​ ​លោក​លី​ ​ដារ៉ា​វុ​ត​ ​និងលោក​យី​ម​ ​លាង​ហ៊ី ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួននៅក្នុងពន្ធនា​គារ។ ក្រោយមក ពួកគេទាំង៣ រួមទាំងលោក Alejandro Gonzalez Davidson ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ។

ប៉ុន្តែ ការមានវិធានការច្បាប់លើសកម្មជនបរិស្ថាទាំងនេះបានទទួលរងការរិះគន់យ៉ាងខ្លាំងជាបន្តបន្ទាប់ពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកការពារបរិស្ថានអន្តរជាតិ ព្រមទាំងទូតបរទេសមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ពួកគេបានលើកឡើងថា សកម្មភាពរបស់សកម្មជនបរិស្ថានកម្ពុជា គឺក្នុងន័យស្រឡាញ់ និងការពារបរិស្ថាន និងជាការបញ្ចេញមតិតែប៉ុណ្ណោះ។ ដូច្នេះហើយ ពួកគេអំពាវនាវដូចគ្នាឱ្យតុលាការកម្ពុជាពិចារណាទម្លាក់ចោលការចោទប្រកាន់ និងដោះលែងឱ្យពួកគេមានសេរីភាពមកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI