កម្ពុជា-នយោបាយ

លោក ឆាយ គឹមខឿន៖ការចាប់ខ្លួន កញ្ញា កឹម តុលា គឺជាការអនុវត្តន៍សាលដីកាស្ថាពររបស់តុលាការ

កញ្ញា កឹម តុលា អតីតមេឃុំត្រែងត្រយឹង
កញ្ញា កឹម តុលា អតីតមេឃុំត្រែងត្រយឹង © សហការី

សកម្មជន​អតីត​បក្សប្រឆាំង​១រូបទៀត​ ត្រូវបាន​ចាប់​ខ្លួន​កាលពី​ម្សិលមិញ​ បន្ទាប់ពីលោក ​សម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រៀម​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​ ដើម្បី​ប្រឆាំង​របប​ផ្តាច់​ការ​ដូចនៅភូមា។ ​ពីខាង​សមត្ថកិច្ចវិញ ​ការ​ចាប់​ខ្លួនស្ត្រីម្នាក់​ជាអតីត​មេឃុំ​ត្រែងត្រយឹង​នោះ គឺជាការ​អនុវត្តន៍​សាលដីកា​ស្ថាពរ​របស់​តុលាការជុំវិញ​សំណុំរឿង​វិលចូលស្រុក​របស់​លោក​ សម រង្ស៊ី កាលពី​ចុងឆ្នាំ​២០១៩​។

ផ្សាយពាណិជ្ជកម្ម

លោក ​ឆាយ គឹមខឿន ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ បានថ្លែងប្រាប់វិទ្យុបារាំង​អន្តរជាតិ RFI នៅព្រឹកថ្ងៃសុក្រនេះថា ការចាប់ខ្លួន​កញ្ញា កឹម តុលា គឺជាការអនុវត្តន៍ទៅ​តាម​សាលដីកាស្ថាពររបស់​តុលាការ​ពាក់ព័ន្ធនឹងសំណុំរឿង"រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍"។ ជាសំណុំរឿង ដូច​ករណី​សកម្មជនអតីត​គណបក្ស​សង្គ្រោះ​ជាតិជា​ច្រើន​រូប​ទៀត ​ដែលត្រូវបាន​ចាប់ខ្លួន​​ដោយ​ចោទប្រកាន់បន្ទាប់ពីពួកគេប្រកាសគាំទ្រ​ផែនការ​វិល​ចូល​ស្រុក​របស់ ​លោក សម រង្ស៊ី​កាលពីឆ្នាំ២០១៩។

ជាការកត់សំគាល់ ការ​ចាប់​ខ្លួន កញ្ញា កឹម តុលា នៅថ្ងៃទី២២ ខែកក្កដានោះ គឺធ្វើឡើង​តែ៣ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​លោក សម រង្ស៊ី បានអំពាវនាវឲ្យ​ពលរដ្ឋ ​និង​កងកម្លាំង​ប្រដាប់​អាវុធត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ នៅ​កម្ពុជា ដូច​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ នៅ​ប្រទេស​ភូមា​ ដើម្បី​ប្រឆាំង​នឹង​របប​ផ្ដាច់​ការ។

នៅពេលសួរថា តើការ​ចាប់ខ្លួនកញ្ញា កឹម តុលា ជាប់ពាក់ព័ន្ធ​នឹង​ករណី​អំពាវនាវនេះទេ លោក ឆាយ គឹមខឿន សុំមិនធ្វើ​ការ​អត្ថាធិប្បាយឡើយ ដោយគ្រាន់តែ​បញ្ជាក់ថា ការ​ចាប់​ខ្លួន​នេះ​គឺជាការអនុវត្តន៍​ទៅ​​តាម​សាលដីកា​របស់​តុលាការ។

បើតាម​មន្ត្រីអតីតបក្សប្រឆាំង ការ​ចាប់​ខ្លួន​កញ្ញា កឹម តុលា ​គឺជារឿងនយោបាយ ខណៈការ​ចាប់​ខ្លួន​នេះ ធ្វើឡើងនៅពេលដែលសកម្មជនរូបនេះកំពុងតែ​លក់ដូរ​ឥវ៉ាន់​ចាប់ហួយ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ក្នុង​ឃុំ​ត្រែង​ត្រយឹង។​

គួរឲ្យដឹងដែរថា កញ្ញា កឹម តុលា​ គឺជាអតីតមេឃុំ​ត្រែង​ត្រយឹង មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ សកម្មជនរូបនេះធ្លាប់​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃអស់​មួយ​រយៈ ក្រោយពី​តុលាការ​ខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​បង្ហោះ​សារ​គាំទ្រ​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​មនុស្ស​តែមួយ​ និង​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩។

ក្រោយមក តុលាការ​ខេត្ត​កំពង់ស្ពឺ ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួនស្ត្រីរូបនេះ​ ដោយ​ចោទ​ពី​បទ "រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍" ​ ពាក់ព័ន្ធ​នឹង​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ កញ្ញា កឹម តុលា បាន​សម្រេច​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញក្រោយពេល ​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​រត់​គេច​ខ្លួន​ទាំង​អស់ ត្រឡប់​មក​ផ្ទះ​វិញ ដោយ​សន្យា​បញ្ឈប់​ការចាប់​ខ្លួន។ នេះបើតាមមន្ត្រីសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI