កម្ពុជា-កូវិដ១៩

លោកហ៊ុន សែន កំណត់យកថ្ងៃ ០១សីហា ចេញចាក់វ៉ាក់សាំងបង្ការកូវីដដល់កុមារអាយុ ១២-១៧ឆ្នាំ

លោក ហ៊ុន សែន និងចៅៗ
លោក ហ៊ុន សែន និងចៅៗ © Internet

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​បើកយុទ្ធនាកា​រចាក់វ៉ាក់សាំង​បង្ការកូវីដ១៩​ ដល់​កុមារ និងក្មេងជំទង់​ ដែលមាន​អាយុ​ចាប់ពី ១២ ដល់ ​១៧ឆ្នាំ ​ចាប់ពីថ្ងៃទី ​០១ ខែសីហា ​ឆ្នាំ ២០២១​ខាងមុខតទៅ​។​ ការប្រកាស​របស់​លោក​ហ៊ុន​ សែន ​យ៉ាងដូច្នេះ ​បានធ្វើឡើង​តាមរយៈសារព័ត៌មាន​ស្និទ្ធិនឹងរដ្ឋាភិបាល​ នៅរសៀល​ថ្ងៃសុក្រ ទី ២៣​ខែកក្កដានេះ​។

ផ្សាយពាណិជ្ជកម្ម

តាម​បណ្តាញ​ព័ត៌មាន Fresh News លោក​ប្រមុខរដ្ឋាភិបាល​កម្ពុជា ហ៊ុន សែន បាន​កំណត់យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់​កុមារ និង​ក្មេង​ជំទង់​ ដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែសីហា ខាងមុខ។​ ការ​កំណត់​នេះ គឺជាជម្រើស​ដំណើរការ​ស្របគ្នា ជាមួយការចាក់វ៉ាក់សាំងដល់​មនុស្សមានអាយុ​លើសពី ១៨ឆ្នាំ ដែល​ពេលនេះ អាចសម្រេចបាន​ជិត ៦៥ភាគរយ ឬ ស្មើនឹងចំនួនពលរដ្ឋជាង ៦ ៥០០ ០០០​នាក់។​  

ថ្លែងប្រាប់សារព័ត៌មាន​ស្និទ្ធិនឹងរដ្ឋាភិបាល​នេះដដែល លោក​ហ៊ុន សែន អះអាងថា លោក​នឹង​ធ្វើជាអធិបតី ក្នុងពិធីបើក​យុទ្ធនាការ​ចាក់វ៉ាក់សាំងដល់​កុមារ និងក្មេងជំទង់នេះ នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ រាជធានីភ្នំពេញ ដោយ​លោក​នឹង​នាំយក ចៅ​របស់លោក ដែលមាន​អាយុពី ១២ ដល់ ១៧​ឆ្នាំទាំងអស់ ទៅ​ចាក់នៅថ្ងៃបើក​ឆាកដំបូងតែម្តង។ បន្ទាប់មក កូន​ចៅ​របស់​ថ្នាក់ដឹកនាំ​សំខាន់ៗផ្សេងទៀត ក៏​នឹងទៅទទួលការ​ចាក់វ៉ាក់សាំងជាបន្ត​បន្ទាប់ដែរ។

សូម​បញ្ជាក់ថា នៅពាក់កណ្តាល​ខែកក្កដានេះ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ប្រកាសពីផែន​ការ​ចាក់វ៉ាក់សាំងដូសទី ៣ ដល់​ពលរដ្ឋទូទៅ និងចាក់វ៉ាក់សាំងដល់​ក្រុម​កុមារអាយុ​ក្រោម ១៨ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹង​រលក​ឆ្លងនៃជំងឺកូវីដ ១៩ ដែលហាក់មិន​មានសញ្ញាថម​ថយ។ មួយវិញទៀត ការចាក់វ៉ាក់សាំងដល់​ក្រុម​កុមារ និងក្មេងជំទង់នេះ ក៏ជាក្តីសង្ឃឹម ក្នុងការ​បើក​ដំណើរកា​រ​សាលារៀន​ឡើងវិញ ក្រោយ​ពេល​បាន​បិទដំណើរការ​អូសបន្លាយ​ដល់ជាង ២០០ថ្ងៃទៅហើយ។

សូម​បញ្ជាក់ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ការ​ចាក់វ៉ាក់សាំងការពារកូវីដ១៩ ត្រៀម​វ៉ាក់សាំង Sinovac របស់ចិនចំនួន ៥លាន​ដូស ដើម្បី​ចាក់​ដល់​ក្មេង​អាយុពី ១២ ដល់ ១៧​ឆ្នាំ ចំនួនជាង ២លាននាក់ ក្នុងប្រទេសកម្ពុជា។ នេះគឺជាការ​បញ្ជាក់​របស់លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួង​សុខាភិបាល នៅថ្ងៃទី ២២ខែកក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI