កម្ពុជា-សង្គម

ធនាគារជាតិ៖ ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុងកម្រិតខ្ពស់ និងប្រព័ន្ធ​ធនាគារ​នៅ​បន្ត​មាន​ភាព​ធន់​នៅ​ឆមាស​ទី​១ ​ឆ្នាំ​២០២១

រូបិយប័ណ្ណខ្មែរ
រូបិយប័ណ្ណខ្មែរ © សហការី

នៅក្នុងសន្និបាត​ពាក់កណ្តាល​ឆ្នាំ ​កាលពីថ្ងៃទី២២​ ខែកក្កដា​ម្សិលមិញ​ ធនាគារជាតិ​កម្ពុជា ​បានបញ្ជាក់ថា​នៅឆមាសទី១​ឆ្នាំ២០២១នេះ ​សេដ្ឋកិច្ច​កម្ពុជា​បន្តទទួលរង​ឥទ្ធិពល​ពីការរាលដាល​នៃជំងឺ​កូវីដ-១៩​ ទាំងក្នុងស្រុក​និងតំបន់​ ដែលធ្វើឲ្យប៉ះពាល់​ដល់វិស័យ​ចម្បងៗ​ដូចជា​ វិស័យ​ទេសចរណ៍​ កម្មន្តសាល ​និងវិស័យសំណង់ ​តែកសិកម្ម​បន្តមាន​វឌ្ឍនភាពល្អ។​ ជាមួយគ្នានេះ ​ធនាគារ​ជាតិកម្ពុជា​ក៏បានលើកឡើង​ ពីការចូលរួម​របស់​ធនាគារ​កណ្តាលនេះ ​ក្នុងការរក្សា​ស្ថិរភាព​សំខាន់ៗ​មួយចំនួន​ដើម្បី​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ចផងដែរ​។

ផ្សាយពាណិជ្ជកម្ម

ធនាគារជាតិកម្ពុជាបានឲ្យដឹងថា អត្រាប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជាបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៨៥រៀល ក្នុង១ដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាអតិផរណាឲ្យមានកំរិតទាប ដែលអាចគ្រប់គ្រងបានគឺ ២,៥%។

ទន្ទឹមនឹងនេះ ទុនបំរុងអន្តរជាតិរបស់កម្ពុជាគឺ បន្តស្ថិតក្នុងកម្រិតខ្ពស់ ២០,៨ ប៊ីលានដុល្លារ ដែលធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ១០ខែ ព្រមទាំងបានពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ។

ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ គឺនៅបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធានាគារបានកើនឡើង ១៨% ឥណទានអតិថិជនមានកំណើន ២៣,៤% និងប្រាក់បញ្ញើអតិថិជនកើន ២០,៧%។ ជាមួយគ្នានេះស្ថានភាពដើមទុនក៏មានភាព​រឹងមាំ ដោយអនុបាតសាធនភាពមានកម្រិតខ្ពស់ ១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧២,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

ដោយឡែកអនុបាតឥណទានមិនដំណើរការ មានកម្រិតទាប គឺ២,៤% សម្រាប់វិស័យធនាគារ និង ២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយមានការរៀបចំឥណទានឡើងវិញចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង ៥,៥ ប៊ីលានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI