កម្ពុជា-នយោបាយ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៃអ្នកនយោបាយអតីតគណបក្សប្រឆាំង២រូប

លោកញឹម គឹមញ៉ុល (ឆ្វេង) និងលោកជូង ជូងី (ស្តាំ) ដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បដិសេធមិនផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ
លោកញឹម គឹមញ៉ុល (ឆ្វេង) និងលោកជូង ជូងី (ស្តាំ) ដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បដិសេធមិនផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ © FB

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​សៅរ៍​ទី​២៤​កក្កដា​នេះ​ បាន​ចេញ​មក​បដិសេធ​លើ​សំណើស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ​នៃ​អ្នក​នយោបាយ​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​២​រូប​ គឺ​លោក​ញឹម គឹមញ៉ុល​ និង​លោក​មេធាវី​ជូង ជូងី​។ ការ​បដិសេធ​នេះ​ ក៏​ព្រោះតែ​ក្នុង​រយៈពេល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ចំនួន​៥​ឆ្នាំ ​ពួកគេ​ទាំង​ពីរ​បាន​ប្រព្រឹត្ត​សកម្មភាព​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​។ ជុំវិញ​ការ​បដិសេធ​នេះ​ មេធាវី​ការពារ​ក្តី​អតីត​គណបក្ស​សង្គ្រោះជាតិ ​លោកជូង ជូងី ​អះអាង​ថា​ជា​ការ​រើសអើង​នយោបាយ​ចំពោះ​រូបលោក​។​

ផ្សាយពាណិជ្ជកម្ម

ការចេញមកបដិសេធលើសំណើរបស់សកម្មអតីតគណបក្សសង្រ្គោះជាតិចំនួន២រូបនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថាដោយសារពួកគេទាំងពីរពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។ បើតាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រាប់លោកជូង ជូងី គឺពាក់ព័ន្ធនឹងការធ្វើសកម្មភាពញុះញង់ រារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោតកាលពីឆ្នាំ២០១៨ តាមរយៈបណ្តាញសង្គម។ រីឯសម្រាប់ញឹម គឹមញ៉ុលវិញ គឺព្រោះតែលោកបានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពចលាចលក្នុងសង្គម ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

ការបដិសេធនេះគឺបន្ទាប់ពីលោកជូង ជូងី និងលោកញឹម គឹមញ៉ុល ក្នុងលិខិតចំនួន២ដាច់ឡែក កាលពីចុងខែឧសភា និងចុងខែមិថុនាកន្លងទៅ បានស្នើសុំទៅក្រសួងមហាផ្ទៃក្នុងការពិនិត្យផ្តល់នីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញចំពោះពួកគេ ដែលបានជាប់បម្រាមរបស់តុលាការកំពូលកម្ពុជាមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

ជុំវិញបញ្ហានេះ លោកមេធាវីជូង ជូងី បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍នេះថា ជាការរើសអើងនយោបាយ ដែលជាញឹកញាប់រូបលោករិះគន់អ្នកដែលកាន់អំណាចហើយធ្វើមិនត្រឹមត្រូវទៅតាមផ្លូវច្បាប់។ លោក បានអះអាងទៀតថា ការបដិសេធសំណើរបស់លោកនៅពេលនេះ បានធ្វើឲ្យប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈរបស់លោករូបមិនបានពេញលេញ។ មិនពេញលេញ ព្រោះកន្លងមក លោកតែងតែការពារក្តីឲ្យសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនដីធ្លីជាដើម ដែលចៀសមិនរួច ពីការជជែកវែកញែកជុំវិញបញ្ហានយោបាយនោះទេ។

បន្ថែមពីនេះ បើតាមលោកជូង ជូងី ការបដិសេធនេះក៏បានធ្វើឲ្យប៉ះពាល់ដល់គោលបំណងដែលលោកចង់ចូលរួមធ្វើនយោបាយឡើងវិញជាមួយគណបក្សណាមួយដែលលោកពេញចិត្ត ព្រមទាំងមិនអាចចូលរួមបោះឆ្នោតនាពេលខាងមុខ។ តែយ៉ាងណាលោកមិនបានបញ្ជាក់ថា គណបក្សណាមួយឡើយដែលលោកពេញចិត្ត ដោយលោកគ្រាន់តែបញ្ជាក់ថាជាគណបក្សដែលលោកយល់ថាជួយសង្គម យុត្តិធម៌ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យពិតប្រាកដ។

ជាការកត់សម្គាល់ នេះគឺជាការចេញមកបដិសេធលើសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ក្រុមសកម្មជននយោបាយនៃអតីតគណបក្សសង្រ្គោះជាតិជាលើកទី១ ពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ កាលពីពេលកន្លងមក មានអតីតថ្នាក់ដឹកនាំនិងសកម្មជននយោបាយមួយចំនួននៃអតីតគណបក្សប្រឆាំងមួយនេះ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងទទួលបានការឯកភាពពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

គិតមកដល់ពេលនេះ ពួកគេចំនួន២៤រូបក្នុងចំណោមសមាសភាពទាំង១២០រូប បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ដោយមានជាអាទិ៍ លោកប៉ុល ហំម លោកគង់ គាំ លោកគង់ បូរ៉ា លោករៀល ខេមរិន្ទ លោកជីវ កត្តា លោកអ៊ូ ច័ន្ទរ័ត្ន លោកយ៉ែម បុញ្ញឫទ្ធិ ជាដើម។ល។ ពួកគេខ្លះបានទៅចូលរួមជាមួយគណបក្សកាន់អំណាច ខ្លះបានទៅចូលរួមគណបក្សបង្កើតឡើងថ្មីដោយក្រុមអតីតអ្នកនយោបាយគណបក្សសង្គ្រោះជាតិ និងខ្លះទៀតបានបង្កើតគណបក្សថ្មីដោយខ្លួនឯង ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI