កម្ពុជា-សង្គម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាសម្រេចការចាក់វ៉ាក់សាំងកូវីដអោយពលរដ្ឋ ទោះបីក្នុងតម្លៃណាក៏ដោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃសុក្រទី២៣កក្កដា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃសុក្រទី២៣កក្កដា © សហការី

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នា​យប់​ថ្ងៃ​ទី​២៣​កក្កដា ​បាន​ប្តេជ្ញា​ចាក់​វ៉ាក់សាំង​កូវីដ១៩​​អោយ​ពលរដ្ឋ​ ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ចុះ​ដើម្បី​បង្កើន​ភាព​ស៊ាំ​នៅ​ក្នុង​សង្គម​ទប់ទល់​ជាមួយ​នឹង​ជំងឺ​កូវីដ១៩​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ ​ថែម​ទាំង​អះអាង​ទៀត​ថា​ ខ្លួន​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឲ្យ​បាន​ ​១៣​លាន​នាក់​ ឬ​ស្មើជាង​ ​៨០%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ ជា​ចំនួន​លើស​ពី​ផែនការ​ចាក់​វ៉ាក់សាំង​បច្ចុប្បន្ន​ដែលមាន​ត្រឹម​ ១០លាននាក់។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុងឱកាសទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជើងដំបូង​របស់ប្រទេស​ជប៉ុន នាយប់ថ្ងៃទី២៣កក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា ទោះដោយតម្លៃណាក៏ដោយ ខ្លួន​នឹងតាំងចិត្តរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលដល់អាយុត្រូវចាក់ ហើយដែលគ្រូ​ពេទ្យអនុញ្ញាតអោយ​ចាក់។

ស្ថិតក្នុងបរិបទកូវីដ១៩កំពុងរាលដាលខ្លាំងនេះ​ លោក ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាល​កំពុង​មានគោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋអោយ​បាន១៣លាននាក់ ឬស្មើជាង៨១.២៥​% នៃចំនួនប្រជាជនកម្ពុជា​សរុប។ ចំនួននេះ ជាចំនួនលើសពីផែនការបច្ចុប្បន្នសម្រាប់​ពលរដ្ឋ​ ១០លាននាក់ ដែល​គិតមកត្រឹមពេលនេះ ​ ការចាក់នៅ​ទូទាំងប្រទេស សម្រេចបាន​ជាង​៦.៥លាន​នាក់ ឬស្មើនឹង​៦៤.៥៥%។

គួរជម្រាបជូនថា ដើម្បីបង្កើនភាពស៊ាំនៅក្នុងសង្គមទប់ទល់ជាមួយនឹងការរាតត្បាតជំងឺកូវីដ១៩ នាថ្ងៃ​ទី​២៣កក្កដា លោក ហ៊ុន សែន ក៏បានបន្ថែមផែនការ​​​​ចាក់វ៉ាក់សាំងដល់​ពលរដ្ឋវ័យជំទង់អាយុ​ចាប់ពី ១២ដល់​១៧ឆ្នាំ ​ចាប់ពីថ្ងៃទី​១សីហា តទៅផងដែរ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងទេថាតើនឹងត្រូវ​ចាប់ផ្តើមចាក់ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទណា។​

ដ្បិតកម្ពុជា​បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅទូទាំងប្រទេស​ ក៏ប៉ុន្តែ​អាត្រាឆ្លងនិងស្លាប់ប្រចាំថ្ងៃ ហាក់មិនបានថមថយនៅឡើយ។ ហើយកម្ពុជាបានរកឃើញវត្តមាន​ប្រភេទ​វីរុសកូវីដបំប្លែងថ្មីៗ ​ខ្ទង់រយករណី។ ទាំងនេះ ​ជា​សញ្ញានៃគ្រោះថ្នាក់មួយដែល​ពលរដ្ឋគ្រប់រូបមិនត្រូវធ្វេសប្រហែស។ ចំពោះក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងបង្ការកូវីដតែមួយមុខមិនអាចបញ្ចៀស​បាននូវ​ជ្រោះមហន្តរាយ ​និង​សោដ​កម្មនៃ​​វិស័យសុខភាព​សាធារណៈនោះទេ ពោលគឺមានតែការរួមគ្នា​​​ប្រុងប្រយ័ត្នអោយ​បានខ្ពស់បំផុត ទើបកម្ពុជាអាច​បិទបញ្ចប់ការឆ្លងកូវីដ១៩ក្នុងសហគមន៍បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI