កម្ពុជា-សង្គម

ឃុំខ្លួនមនុស្ស៤នាក់ក្រោយរកឃើញថា ល្មើសវិធានការសុខាភិបាលក្នុងខេត្តសៀមរាប

មនុស្ស៤នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
មនុស្ស៤នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ © សហការី

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ ពីប​ទ​មិនគោរព​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​។ នេះ​បើ​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​សាលាដំបូង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​២៤​កក្កដា​។ បើ​តាម​អាជ្ញាធរ​ខេត្ត​សៀមរាប​ អាជីវកម្ម​របស់​ពួកគេ​ទាំង​៤​នាក់​ជា​ប្រភព​ដែល​នាំ​ឲ្យ​ការ​ចម្លង​វីរុស​កូវីដ១៩​ដំបូង​ នៅ​ក្នុង​ខេត្ត​សៀមរាប​ចាប់​តាំង​ពី​ព្រឹត្តការណ៍​សហគមន៍​​២០​កុម្ភៈ​មក​។

ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​២៤​កក្កដា​បាន​អះអាង​ថា សេចក្ដី​របស់​សាលា​ដំបូង​ខេត្តសៀមរាបដែលចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន៤នាក់ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រកមុខសញ្ញាដែលជាដើមហេតុបង្កឱ្យឆ្លងជំងឺកូវីដ-១៩រាលដាលធ្ងន់ធ្ងរក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម និងក្រុងសៀមរាប ព្រមទាំងស្រុកមួយចំនួនទៀតកាលពីដើមខែមិថុនាឆ្នាំ២០២១ កន្លងមក។

 

បើតាមរដ្ឋបាលខេត្តសៀមរាបពួកគេទាំង៤នាក់នេះ បានដើរផ្ទុយពីការដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយក្នុងនោះមានដូចជាៈ បិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នា ហូបគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។

បន្ទាប់មកជនត្រូវចោទទាំង៤រកឃើញជាប់ចោទពីបទបើកកន្លែងផឹកស៊ី នៅចំណុចហាងពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ និងហាង សប្បាយ សប្បាយ ស្ថិតនៅភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ បើតាមអាជ្ញាធរមានមនុស្សយ៉ាងហោចណាស់១៥នាក់ផ្សេងទៀតមានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះដែលពេលនេះនរគបាលយុត្តិធម៌និងតុលាការកំពុងធ្វើការងាររួមគ្នាលើនិតិវិធីបន្ត។

សូមជម្រាបជូនថា ពួកគេទាំង៤នាក់អាចជាប់ពន្ធនាគារកម្រិតអតិបរមា ១០ ឆ្នាំ ឬរហូតដល់ ២០ ឆ្នាំ បើសិនជាជនទាំងនេះមាន «ចេតនា» ចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ «តាមគ្រប់មធ្យោបាយ»។  នេះបើផ្អែកតាមមាត្រា៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។

ក្រៅពីមនុស្សទាំង៤នាក់គេនៅចាំបានថា ករណីកូវីដ១៩ក៏បានផ្ទុះឡើងបន្ទាប់ពីមានកម្មវិធីជួបជុំមួយនៅផ្ទះអធិការនគរបាលស្រុកសូទ្រនិគម។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី៥មិថុនាអះអាងថា  លោក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងមន្ត្រីនគរបាលស្រុកសូទ្រនិគមជាង១០ទៀតបានឆ្លងកូវីដ-១៩។

នៅក្នុងសំណុំរឿងលោកអធិការស្រុកសូទ្រនិគមនេះ កំពុងស្ថិតនៅក្នុងដៃតុលាការ។​​ នេះបើតាម លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាមដោយបានគូសបញ្ជាក់ទៀតថា ស្ថានភាពកូវីដ១៩នៅក្នុងខេត្តសៀមរាមបមិនសញ្ញាថមទាល់តែសោះពោលគឺស្ថានភាពទ្រឹង ដោយក្នុងមួយថ្ងៃខេត្តរកឃើញអ្នកឆ្លងក្នុងរង្វង់៩០ទៅ១០០នាក់។ គិតត្រឹមថ្ងៃទី២៤កក្កដាខេត្តសៀមរាប រកឃើញអ្នកឆ្លងសរុប៣៦២០នាក់ជាសះស្បើយ១៨៥០ ស្លាប់៣៧នាក់និងកំពុងសម្រាកព្យាបាល១៧៣៣នាក់។ ចំណែកឯល្បឿនចាក់វ៉ាក់សាំងនៅក្នុងខេត្តទេសចរណ៍មួយនេះវិញចាប់តាំងពីថ្ងៃទី១០ដល់២៤កក្កដាសម្រេចបានជាង៣៦ម៉ឺននាក់ក្នុងចំណោមពលរដ្ឋសរុបជាង១លាននាក់នៅទូទាំងខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI