កម្ពុជា-សង្គម

អ្នកជាប់ឃុំជាង១ម៉ឺននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

អ្នកទោសជាប់ឃុំក្នុងពន្ធនាគារមួយកន្លែងនាពេលកន្លងមក
អ្នកទោសជាប់ឃុំក្នុងពន្ធនាគារមួយកន្លែងនាពេលកន្លងមក © Internet

គិត​មក​ដល់​ពេលនេះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​កំពុង​ប្រព្រឹត្ត​ទៅ​ ដោយ​សម្រេច​បាន​ប្រមាណ​៦៦% ​ឬជាង​៦​លាន​នាក់​នៃ​គោលដៅ​ចាក់​ឲ្យ​បាន​១០លាននាក់​ហើយ​។ ជាមួយគ្នានេះ ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ ក៏​បាន​ទទួល​វ៉ាក់សាំង​ដើម្បី​ការ​ឆ្លង​រាតត្បាត​នៅ​ក្នុង​ពន្ធនាគារ​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ នុត សាវនា ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៥​ខែ​កក្កដា​នេះ​។

ផ្សាយពាណិជ្ជកម្ម

អ្នកកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសចំនួន១១៤០០នាក់ក្នុងចំណោមអ្នកជាប់ឃុំសរុបប្រមាណ៣៨០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ បើតាមលោកនុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អ្នកជាប់ឃុំចំនួន១១៤០០នាក់នោះ បានទទួលវ៉ាក់សាំងគ្រប់ចំនួន២ដូសរួចរាល់ ខណៈដែលអ្នកកំពុងជាប់ឃុំចំនួន៨៣៦០នាក់ផ្សេងទៀត ទើបតែទទួលវ៉ាក់សាំងចំនួន១ដូស។ ចំនួន​នេះ បើ​គិត​ជា​ភាគរយ គឺ​អ្នកជាប់ឃុំប្រមាណជិត៣០%ទទួលបានវ៉ាក់សាំងចំនួន២ដូស ឯ២២%ទៀតទទួលបាន១ដូសនិងរៀបចំចាក់បន្ត។

ជាការកត់សម្គាល់ ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់អ្នកជាប់ឃុំក្នុងពន្ធនាគារពេលនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថារដ្ឋាភិបាលនាពេលកន្លងមក មិនបានគិតគូរពីសភាពចង្អៀតណែននៅក្នុងពន្ធនាគារ ដែលបណ្តាលឲ្យមានអ្នកជាប់ឃុំមួយចំនួនឆ្លងជំងឺកូវីដ១៩។ អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី៧ឧសភា បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​ដល់​អ្នក​ជាប់​ពន្ធនាគារ​ចំនួន​៣​ នៅ​រាជធានីភ្នំពេញ​ដែល​មាន​អ្នក​ជាប់​ឃុំ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​។ បើតាមការអះអាងបន្ថែមពីលោកនុត សាវនា ដដែល នៅរាជធានីភ្នំពេញ អ្នកជាប់ឃុំទាំងអស់សុទ្ធតែទទួលបានវ៉ាក់សាំងចំនួន២ដូសគ្រប់ៗគ្នា។

ដោយឡែកជុំវិញបញ្ហានៃចំនួនតួលេខអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារវិញ លោកអះអាងថា មានសភាពធូរស្បើយច្រើន ដោយមានការរកឃើញតែមួយទៅពីរករណីប៉ុណ្ណោះនៅតាមពន្ធនាគារទាំងអស់ទូទាំងប្រទេស ខណៈដែលកាលខែឧសភា និងខែមិថុនាកន្លងទៅនោះ មានការរាតត្បាតឆ្លងធ្ងន់ធ្ងរ។ តែយ៉ាងណាមិញ លោកសុំមិនបញ្ជាក់ពីចំនួនតួលេខនៃអ្នកជាប់ឃុំដែលបានឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ ដោយលោកថា នេះជាព័ត៌មានសន្តិសុខជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI