កម្ពុជា-នយោបាយ

គណបក្សនយោបាយចំនួន៣ ដែលគេមិនសូវស្គាល់ ត្រូវបានរំលាយចោល

ក្លោងទ្វារក្រសួងមហាផ្ទៃ
ក្លោងទ្វារក្រសួងមហាផ្ទៃ © Internet

គណបក្ស​នយោបាយ​ចំនួន៣ ​ដែលគេមិនសូវស្គាល់​ ត្រូវបាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ​២០២១​ ទៅតាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​។​ ក្រសួងមហាផ្ទៃ​ ដែលបាន​ប្តឹង​ចោទ​ប្រកាន់​គណបក្ស​ទាំង៣នោះថា ​មិនបាន​ធ្វើ​របាយការណ៍​ជូន​ក្រសួង​មហាផ្ទៃ​ទៅតាម​កាលកំណត់ ​និងអសកម្ម​ជាយូរឆ្នាំ​មកហើយ។

ផ្សាយពាណិជ្ជកម្ម

គណបក្សទាំង៣​ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោលនោះ គឺគណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក ហោ ម៉េងហ៊ាង គណបក្សវង្គត ខេមរៈ មហានគរ របស់ លោក ផាន់ ស៊ីណា និងគណបក្សសង្គមប្រជាធិបតេយ្យរបស់ លោក ថោង សុវណ្ណារ៉ា។ គណបក្សទាំង៣នេះ ត្រូវបានតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ទៅតាមបណ្តឹង​របស់​ក្រសួងមហាផ្ទៃ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សទាំង៣​នេះ មិនបាន​ធ្វើ​របាយការណ៏ប្រចាំឆ្នាំ​ជូនក្រសួងមហាផ្ទៃទៅតាម​ច្បាប់​កំណត់ទេ បើទោះបីជាក្រសួងបានរំឭកចំនួន ៣ដងហើយក៏ដោយ។ ម៉្យាងទៀតគណបក្សទាំង៣នេះ​ ក៏មិនបានធ្វើសកម្មភាពអ្វីទាំងអស់រយៈពេលច្រើនឆ្នាំមកហើយដែរ។

យោងតាម​សាលដីកា​របស់​តុលាការ​កំពូល គណបក្សប្រជាធិបតេយ្យខ្មែរ និងគណបក្សសង្គមប្រជាធិបតេយ្យ គឺបាន​ល្មើស​​នឹង​មាត្រា៣១ ស្តីពី​គណបក្សនយោបាយ និង​ល្មើស​នឹងមាត្រា២៦​ថ្មី និង​មាត្រា៤៨​ថ្មី ​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដោយ​ខកខានរាយការណ៍ពីសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុជូនក្រសួងមហាផ្ទៃ។

ចំណែកគណបក្សវង្គត ខេមរៈ មហានគរ ត្រូវបាន​តុលាការ​ជាន់ខ្ពស់ដដែលនេះ​ ចោទ​ប្រកាន់ថា​បានល្មើស​នឹង​មាត្រា​២៦​ថ្មី និង​មាត្រា៤៨​ថ្មី​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដោយ​ខកខានរាយការណ៍ពីសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុជូនក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួង​មហា​ផ្ទៃ​បានជូនដំណឹងចំនួន៤លើករួចមក។

គិតចាប់តាំងពីឆ្នាំ២០១៧មក គឺមានគណបក្សនយោបាយយ៉ាងតិច៤ហើយ ត្រូវបានតុលាការកំពូលរំលាយចោល រាប់ទាំងគណបក្សសង្គ្រោះជាតិ។

បើតាម​លោក ខៀវ សុភ័គ បច្ចុប្បន្ន គឺមានគណបក្សនយោបាយជាង៤០​ ត្រូវបានទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ ហើយគណបក្សមួយចំនួនកំពុង​ធ្វើ​សកម្មភាព​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI