កម្ពុជា-នយោបាយ

គណបក្សកែទម្រង់កម្ពុជាសម្រេចតែងតាំងលោកប៉ុល ហំម ជាប្រធាន និងយកថ្ងៃទី២៣ តុលា ធ្វើសមាជជាលើកដំបូង

ឡូហ្គូសម្គាល់គណបក្សកែទម្រង់កម្ពុជា
ឡូហ្គូសម្គាល់គណបក្សកែទម្រង់កម្ពុជា © Internet

លោកប៉ុល ហំម ​ដែលជា​អតីត​អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ ត្រូវបាន​ក្រុមស្ថាបនិក​គណបក្សកែ​ទម្រង់​កម្ពុជា​ សម្រេច​ជ្រើសរើស​ឱ្យធ្វើជា​ប្រធាន​ដឹកនាំ​គណបក្ស​។​ នេះបើតាម​លោក​អ៊ូ ច័ន្ទរ័ត្ន​ ស្ថាបនិកគណបក្ស​កែទម្រង់​កម្ពុជា ដែល​បានអះអាង​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅព្រឹកថ្ងៃ​ចន្ទនេះ​។​ ជាមួយគ្នានេះ ​គណបក្សកែទម្រង់​កម្ពុជា​ក៏បាន​សម្រេចជ្រើសយក​ថ្ងៃទី២៣ ​ខែតុលា ​ខាងមុខនេះ​ ដើម្បីធ្វើ​សមាជគណបក្ស​ជាលើកដំបូង​ផងដែរ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងសប្តាហ៍នេះ ក្រុមការងារគណបក្សកែទម្រង់កម្ពុជានឹងយកស្នាមមេដៃ លក្ខន្តិក និងឯកសារពាក់ព័ន្ធផ្សេងទៀត ដាក់នៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំចុះបញ្ជីគណបក្សជាផ្លូវការ ត្រៀមចូលរួមការបោះឆ្នោតនាពេលខាងមុខ។ ស្របពេលកំពុងរៀបចំឯកសារដាក់ទៅក្រសួងមហាផ្ទៃនេះ លោកអ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានអះអាងថា ក្រុមស្ថាបនិកបានសម្រេចជ្រើសរើសលោក ប៉ុល ហំម ឱ្យធ្វើជាប្រធានដឹកនាំគណបក្ស។

បើតាមលោកអ៊ូ ច័ន្ទរ័ត្ន ការសម្រេចជ្រើសរើសលោកប៉ុល ហំមនេះ គឺដោយសារតែលោកជាឥស្សរជននយោបាយលេចធ្លោរជាងគេ និងជាអ្នកនយោបាយស្អាតស្អំថែមទៀត។ ជាមួយគ្នានេះ លោកប៉ុល ហំម ក៏មានប្រវត្តិជាអ្នកតស៊ូក្នុងការបណ្តេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា និងបានចូលរួមជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

គណបក្សកែទម្រង់កម្ពុជា នឹងប្រកាសសមាសភាពលោក ប៉ុល ហំមនេះ រួមនឹងតំណែងថ្នាក់ដឹកនាំដទៃទៀតជាផ្លូវការនៅក្នុងថ្ងៃធ្វើសមាជជាលើកដំបូងដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។ ការជ្រើសរើសយកថ្ងៃទី២៣ ខែតុលានេះ គឺមិនមែនជារឿងចៃដន្យនោះទេសម្រាប់គណបក្សកែទម្រង់កម្ពុជា។ មិនចៃដន្យ ព្រោះវា គឺជាថ្ងៃរំឮកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

លោកអ៊ូ ច័ន្ទរ័ត្ន បានពន្យល់ពីរឿងនេះថា គណបក្សចង់ឱ្យមានការចងចាំនូវថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ព្រោះវាជាកាតាលីករសំខាន់ក្នុងការជំរុញឱ្យមានការបោះឆ្នោតក្រោយបញ្ចប់សង្គ្រាម។ ម្យ៉ាងវិញទៀត លោកថា ក៏ជាការពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋខ្មែរឱ្យយល់ពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យថែមទៀត។

សូមបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជានេះ មិនមែនជាគណបក្សនយោបាយបង្កើតថ្មីចុងក្រោយនៅកម្ពុជានោះទេ ពោលគឺនៅក្រោយវត្តមានគណបក្សនេះបន្តិច ក៏មានការបង្កើតនូវគណបក្សថ្មីបេះដូងជាតិ ដែលតំណាងដោយលោកសៀម ភ្លុក ផងដែរ។ គណបក្ស​បេះដូងជាតិបាន​ដាក់​ឯកសារពាក់ព័ន្ធទៅក្រសួងមហាផ្ទៃរួចហើយ ប៉ុន្តែក្រសួងមហាផ្ទៃបានប្រាប់ឱ្យគណបក្សនេះ កែសម្រួលលើឯកសារមួយចំនួន ហើយដាក់ត្រឡប់មកក្រសួងវិញ។

បន្ថែមពីលើគណបក្សបេះដូងជាតិ ក្រុម​យុវជន​អតីត​គណបក្ស​សង្រ្គោះជាតិមួយចំនួនក៏បានរួមគ្នាបង្កើតនូវគណបក្សនយោបាយថ្មីមួយទៀត គឺគណបក្សកម្ពុជានិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ គណបក្សកម្ពុជានិយមត្រូវបានក្រសួងមហាផ្ទៃកម្ពុជា បើកភ្លើងខៀវឱ្យបង្កើតហើយ កាលពីថ្ងៃទី២៣ ខែកក្កដា ហើយលោក យ៉ែម ប៉ុញ្ញឫទ្ធិ ដែលជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីតគណ​បក្ស​សង្រ្គោះ​ជាតិ និងជាមនុស្សស្និទ្ធនឹងលោកកឹម សុខាផង បានប្រកាសមកដឹកនាំគណបក្សថ្មីមួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI