កម្ពុជា-នយោបាយ

តុលាការក្រុងភ្នំពេញបង្គាប់ឲ្យអ្នកនយោបាយអតីតគណបក្សប្រឆាំង៤រូបចូលបំភ្លឺសំណុំរឿង«ផ្តើមគំនិតញុះញង់ឲ្យមានភាពវឹកវរសង្គម»

អតីតគណបក្សប្រឆាំង៤រូបដែលត្រូវ​ចូលបំភ្លឺសំណុំរឿង
អតីតគណបក្សប្រឆាំង៤រូបដែលត្រូវ​ចូលបំភ្លឺសំណុំរឿង © សហការី

សាលា​ដំបូងរាជធានី​ភ្នំពេញ បានចេញដីកា​កោះហៅ​អ្នកនយោបាយ​នៃអតីតគណបក្ស​សង្រ្គោះជាតិ​ចំនួន១រូប​ ឲ្យចូលខ្លួន​បំភ្លឺជុំវិញ​ករណី​ជាប់ចោទ​ពីបទ«ផ្តើមគំនិតញុះញង់​ឲ្យមានភាព​វឹកវ​រដល់សន្តិសុខ​សង្គម​» នៅថ្ងៃអង្គារ​ទី២៧កក្កដា​ស្អែកនេះ ​និង៣រូបផ្សេងទៀត​នាពេលបន្ទាប់។​ ​ដីកា​បង្គាប់​ឲ្យអ្នកនយោបាយ​នៃអតីត​គណបក្ស​ប្រឆាំង​ចំនួន៤រូប​ចូលខ្លួនស្រាយ​បំភ្លឺ​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នសាកសួរក្រុមយុវជ​នខ្មែរថាវរៈ​ ជុំវិញ​បទល្មើស​ដែលបាន​ប្រព្រឹត្តកាលពីខែ​សីហា ឆ្នាំ​២០២០​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងដីកាកោះហៅឲ្យចូលខ្លួន ចុះហត្ថលេខាដោយព្រះរាជអាជ្ញារងលោក សឹម ឫទ្ធីវាសនា នៅថ្ងៃទី២៤ ខែមិថុនា បានបង្គាប់ឲ្យអ្នកនយោបាយអតីតគណបក្សសង្រ្គោះជាតិចំនួន​៤រូប រួមមាន លោកហូរ វ៉ាន់ លោកគង់ សភា លោកហុង លឹម និងលោកអ៊ូ ច័ន្ទឫទ្ធិ ឲ្យចូលខ្លួនស្រាយបំភ្លឺពីបទ«ផ្តើមគំនិតញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តកាលពីខែសីហា ឆ្នាំ២០២០។

លោកប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះថា តាមដីការបង្គាប់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យលោកអ៊ូ ច័ន្ទឫទ្ធិ អ្នកនយោបាយនៃអតីតគណបក្សសង្រ្គោះជាតិ ចូលខ្លួនបំភ្លឺបទចោទ នៅថ្ងៃអង្គារ ទី២៧ ខែកក្កដាស្អែកនេះ។ ដោយឡែកសម្រាប់អ្នកនយោបាយ៣រូបផ្សេងទៀត ក្នុងនោះមានលោក ហុង លឹម ដែលជាតំណាងរាស្រ្តអូស្រា្តលីដើមកំណើតខ្មែរ ត្រូវបានអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា នឹងធ្វើឡើងនាពេលក្រោយ។

សូមបញ្ជាក់ថា ដីកាកោះហៅអ្នកនយោបាយ៤រូបនៃអតីតគណបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានជំនុំជម្រះសំណុំរឿងលើក្រុមយុវជនខ្មែរថាវរៈ រួមមានលោកទុំ វុទ្ធី លោកឈូ ផេង លោកហ៊ុន វណ្ណៈ លោកមាន ព្រហ្មមុនី លោក ថា ឡាវី ព្រះតេជគុណកើត សារ៉ាយ ជាដើម។ អ្នកទាំងអស់នេះត្រូវបានចោទពីបទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម កាលពីឆ្នាំ២០២០។

ក្រុមយុវជនខ្មែរថាវរៈ ដែលកាលពីខែសីហា ឆ្នាំ២០២០ បានធ្វើសកម្មភាពតវ៉ាឲ្យដោះលែងប្រធានសហជីពកម្មករកម្ពុជា គឺលោករ៉ុង ឈុន និងតែងតែធ្វើការតវ៉ាបញ្ហាអយុត្តិធម៌ក្នុងសង្គម។

ក៏ប៉ុន្តែក្រសួងមហាផ្ទៃបានចាត់ទុកថាក្រុមពួកគេទាំងនោះសុទ្ធតែមានអង្គការចាត់តាំងឲ្យធ្វើសកម្មភាពខុសច្បាប់ ក្នុងចេតនាបង្កភាពវឹកវរនៅក្នុងសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI