កម្ពុជា-កូវិដ១៩

ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញវីរុសកូវីដ១៩នៅក្នុងសាច់ក្របីបង្កកនាំចូលមកពីឥណ្ឌា

សាច់បង្កកដែលបាននាំចូលមកស្រុកខ្មែរពីប្រទេសឥណ្ឌា
សាច់បង្កកដែលបាននាំចូលមកស្រុកខ្មែរពីប្រទេសឥណ្ឌា © Internet

ក្រសួង​សុខាភិបាល​កម្ពុជា​បានប្រកាស​ពីការរកឃើញ​វីរុស​កូវីដ១៩​នៅក្នុងសាច់ក្របី​បង្កក​ចំនួន៣កុងតឺន័រ​ក្នុងចំណោម​៥កុងតឺន័រ​ដែលនាំចូល​មកពី​ប្រទេស​ឥណ្ឌា។​ នេះបើតាម​តារាង​លទ្ធផល​វិភាគ​រកវីរុស​កូវីដ១៩​លើសាច់ក្របី​បង្កក​ទាំងនេះ​របស់​ក្រសួង​សុខាភិបាល​កាលពីថ្ងៃទី​១៩ ​ខែកក្កដា ​តែទើបបង្ហាញ​ឱ្យដឹង​ជាសាធារណៈនៅ​ថ្ងៃទី២៧ ​ខែកក្កដា​ ឆ្នាំ២០២១នេះ​។​ អាជ្ញាធរ​គយកម្ពុជា​នឹងដុតកម្ទេច​ចោលសាច់​ក្របី​បង្កក​ទាំងនេះ​នៅថ្ងៃអង្គារ​នេះតែម្តង​ ដើម្បី​ជៀសវាង​ការឆ្លងរាលដាល​ទៅអ្នកបរិភោគ​។

ផ្សាយពាណិជ្ជកម្ម

សាច់ក្របីបង្កកដែលរកឃើញមានវីរុសកូវីដ១៩នេះ គឺ៣កុងតឺន័រក្នុងចំណោម៥កុងតឺន័រនាំចូលពីប្រទេសឥណ្ឌាដោយក្រុមហ៊ុនBovini Food Co.,LTD និងក្រុមហ៊ុន Ashary Investment & Construction Co.,LTD នៅទីលានផែស្ងួតត្រីកូដ ដ្រាយផត។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។ ក្នុងចំណោមសាច់ក្របីបង្កកដែលរកឃើញមានវីរុសកូវីដ១៩ទាំង៣កុងតឺន័រនេះ គឺ១កុងតឺន័ររបស់ក្រុមហ៊ុនBovini Food Co.,LTD និង២កុងតឺន័រទៀតជារបស់ក្រុមហ៊ុន Ashary Investment & Construction Co.,LTD។

ជាការកត់សម្គាល់ ការរកឃើញសាច់ក្របីបង្កកមានវីរុសកូវីដ១៩នេះ កើតឡើងបន្ទាប់ពីអាជ្ញាធរកម្ពុជាបានសម្រេចបើកឱ្យមាន​ការ​នាំ​ចូល​ទំនិញ ​និង​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា​វិញ​កាលពីថ្ងៃទី២២ ខែមិថុនា ក្រោយពីបិទមួយរយៈកាលពីថ្ងៃទី១ ខែឧសភា ដោយបារម្ភខ្លាចមានការនាំវីរុសកូវីដ១៩ពីឥណ្ឌាមកក្នុងប្រទេសកម្ពុជាតាមរយៈទំនិញ និងសាច់បង្កកទាំងនេះ។ ប៉ុន្តែ បើទោះជាបើកឡើងវិញក៏ដោយ គឺរាល់ទំនិញ និងសាច់បង្កកដែលមកពីប្រទេសឥណ្ឌាចាំ​បាច់​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ ​និង​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩​ជា​មុន​សិន​ ទើប​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​។

យ៉ាងណាក៏ដោយ កន្លងមក ក្រសួងសុខាភិបាលកម្ពុជានៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នជានិច្ចជាមួយនឹងសាច់បង្កក ជាពិសេស មកពីប្រទេសឥណ្ឌានេះ។ បើតាមក្រសួងសុខាភិបាលកម្ពុជា វីរុសកូវីដ១៩អាចនៅក្នុងសាច់បង្កកបាន បើពុំមានការសម្អាត ឬធ្វើអនាម័យបានត្រឹមត្រូវទៅលើសាច់ដែលបង្កកទាំងនោះ។

សូមបញ្ជាក់ថា កម្ពុជា គឺទីផ្សារសំខាន់មួយនៃការនាំចូលសាច់បង្កកមកពីប្រទេសឥណ្ឌា។ ក្នុងរយៈពេល២ខែដំបូងក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចូលសាច់បង្កកពីប្រទេសឥណ្ឌាក្នុងទឹកប្រាក់ចំនួន៩,៣២លានដុល្លារអាមេរិក។ ទឹកប្រាក់នេះ គឺមានចំនួនជាងពាក់កណ្តាលនៃការនាំចេញសាច់បង្កកកាលពីឆ្នាំ២០២០ដែលមានទំហំទឹកប្រាក់១៧,៧លានដុល្លារអាមេរិក។ ចំណែកកាលពីឆ្នាំ២០១៩វិញ  ប្រទេសកម្ពុជាបានចំណាយទឹកប្រាក់ចំនួន៦,៤ លានដុល្លារអាមេរិកក្នុងការនាំចូលសាច់បង្កកពីប្រទេសឥណ្ឌាមកបំពេញតម្រូវការនៅក្នុងស្រុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI