កម្ពុជា-ការជួញដូរមនុស្ស

ក្រសួងមហាផ្ទៃ៖ ៦ខែដើមឆ្នាំ២០២១ អំពើជួញដូរមនុស្សកើនឡើង១៣៥ករណី បើធៀបនឹងឆ្នាំ២០២០

រូបភាពនៃការជួញដូរ និងរំលោភសិទ្ទិមនុស្ស (រូបតំណាង)
រូបភាពនៃការជួញដូរ និងរំលោភសិទ្ទិមនុស្ស (រូបតំណាង) © Internet

គិតត្រឹម​ថ្ងៃអង្គារ​ ទី២៧ ​កក្កដានេះ ​ក្រសួង​មហាផ្ទៃ​បានបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ចំនួន​ជិត ​២០០​ករណី ​ដែលចំនួននេះ​បានកើនឡើង​ប្រមាណ​ជាង១៣៥​ករណី ​បើធៀប​នឹងឆ្នាំ២០២០។​ បើទោះជា​ករណីការ​ជួញដូរ​មនុស្ស​ក្នុងអំឡុង​ពេលកូវីដ១៩​ មានការកើនឡើង​ក្តី តែលោក​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ស ខេង ​បានកត់សម្គាល់​ឃើញថា​ ក្រុមការងារ​បានធ្វើ​សកម្មភាព​បង្ក្រាប​ និងទប់ស្កាត់​បានទាន់ពេលវេលា​។​ នេះបើតាម​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរ​មនុស្ស​ក្នុងរយៈពេល​ ៦ខែ​ដើមឆ្នាំ​២០២១​ របស់ក្រសួងមហាផ្ទៃ​។

ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរកឃើញ និងបង្ក្រាបអំពើជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទសរុបបានចំនួន ១៩៨ករណី ដែលចំនួននេះបានកើនឡើងចំនួន១៣៥ករណី បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ថ្វីបើអំពើជួញដូរមនុស្សមានការកើនឡើងក្តី តែជាការកត់សម្គាល់របស់ក្រសួងមហាផ្ទៃថា បានបង្ក្រាបទាន់ពេលវេលា ដោយមានកិច្ចសហការពីពលរដ្ឋ និងអាជ្ញាធរ មន្រ្តីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅតាមមូលដ្ឋាន។

តាមក្រសួងមហាផ្ទៃដដែល ការបំពេញភារកិច្ចក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាសម្រេចបាន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយក្នុងនោះ បានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ និងបានបញ្ជូនទៅសាលាដំបូងចំនួនប្រមាណជិត ៣០០ករណី  និងបានសង្គ្រោះជនរងគ្រោះបានចំនួនជាង ៧២០នាក់។ នេះបើតាមលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។

ជាការបញ្ជាក់បន្ថែមពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះថា មានកុមាររងគ្រោះអាយុក្រោម ៥ឆ្នាំចំនួន ៨៨នាក់ ជនរងគ្រោះអាយុពី១៥ឆ្នាំ ដល់១៧ឆ្នាំមានចំនួន ៦៣នាក់ និងអ្នករងគ្រោះដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន ៥៧០នាក់។ ហើយជនរងគ្រោះទាំងនោះបានបញ្ចូន និងប្រគល់ទៅឱ្យបន្ទីរសង្គមកិច្ចចំនួន ២៥នាក់ និងគ្រួសាររបស់ពួកគេចំនួន ៦៩៦នាក់។

ជាមួយគ្នានេះ ក្រុមការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដដែល ក៏បានតាមដានលើករណីសង្ស័យមួយចំនួនទៀត ដែលកើតចេញពីការជួញដូរមនុស្សតាមការរៀបអាពាហ៍ពិពាហ៍ចំនួន២១១គូ ដោយបានតាមដានពីស្ថានភាពការរស់នៅរបស់នារីខ្មែរជាមួយស្វាមីនៅក្រៅប្រទេស និង ផ្នែកផ្លូវច្បាប់នៃការរៀបអាពាហ៍ពិពាហ៍ទាំងនោះ ដើម្បីបង្ការ និងបង្រ្កាបការជួញដូរមនុស្សតាមគ្រប់រូបភាព។

គួររឭកជូនថា នៅក្នុងរយៈពេលមួយឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅសង្ស័យដែលមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួនជាង១ពាន់លើកលើគោលដៅប្រមាណ៣១៨គោលដៅ ក្នុងនោះមានស្រ្តីជាង១ពាន់នាក់។ ការធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទតាមគោលដៅបម្រើសេវាកំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI