កម្ពុជា-សេដ្ឋកិច្ច

មេដឹកនាំសហជីព៖ ការតម្លើងប្រាក់ឈ្នួលកម្មករវិស័យកាត់ដេរឆ្នាំ២០២២ គួរតែប្រសើរជាងឆ្នាំចាស់

កម្មកររោងចក្រ
កម្មកររោងចក្រ © Internet

មេដឹកនាំ​សហជីព​ សង្ឃឹមថា​ការទទួល​បានប្រាក់ឈ្នួល​អប្បបរមា​នៃវិស័យ​វាយនភណ្ឌ ​កាត់ដេរ ​និងផលិតស្បែកជើង​សម្រាប់ឆ្នាំ​២០២២ ​នឹងទទួលបាន​សមរម្យ​ជាងអ្វី​ដែលពួកគេ​ទទួលបាន​កាលពី​ឆ្នាំចាស់។ ​ការលើកឡើង​របស់មេដឹកនាំ​សហជីព​ដូច្នេះ​ធ្វើឡើង​ ខណៈដែល​ក្រុមការងារ​សហជីព​កំពុងតែ​ពិភាក្សាគ្នា​ផ្ទៃក្នុង ​ជាមួយនឹង​អ្នកជំនាញ​ជាតិ​ និងអន្តរជាតិ​ ដើម្បីស្វែងរក​តួលេខ​រួមមួយ ដាក់ទៅ​ចរចាជាមួយ​និយោជក​។ ​លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែងប្រាប់​វិទ្យុបារាំង​ RFI​ នៅថ្ងៃពុធនេះថា ​ការនាំចេញ​នៃវិស័យ​វាយនភ័ណ្ឌ ​កាត់ដេរ​ និងផលិត​ស្បែកជើង​នៅដើមឆ្នាំ​២០២១​នេះ ​បង្ហាញថាវិស័យ​ឧស្សាហកម្ម​មួយនេះ ​នៅតែមានភាព​ល្អប្រសើរ​ បើទោះជា​ស្ថិតនៅក្នុងអំឡុងពេល​នៃវិបត្តិកូវីដ-១៩​ ក៏ដោយ។ ​កាលពីពេលថ្មីៗនេះ​ អគ្គនាយកដ្ឋាន​គយ និងរដ្ឋករកម្ពុជា ​បានបញ្ចេញ​តួលេខ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុងឆមាសទី១​ ឆ្នាំ២០២១ថា​ ការនាំចេញ​ផលិតផល​កាត់ដេរ​មានចំនួនជាង​ ៤ ៧០០លានដុល្លារ​ គឺកើនឡើងជាង ​៤០លានដុល្លារ​ ស្មើនឹង១%​ ធៀបនឹងរយៈពេល​ដូចគ្នាឆ្នាំ​ ២០២០​។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការលើកឡើងរបស់លោក អាត់ ធន់ រៀបចំដោយ ញឹម សុផល៖

សូមបញ្ជាក់ថា ការតម្លើងប្រាក់ឈ្នួលដល់កម្មករ និយោជិតនៃវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២១នេះ គឺមានការតម្លើងត្រឹម២ដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករម្នាក់ឆ្នាំ២០២១ កើនដល់១៩២ដុល្លារ ក្នុង១ខែ។ ជាគោលការណ៍ ការចរចាត្រីភាគី តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដែលត្រូវធ្វើឡើងប្រចាំឆ្នាំ គឺចាប់ពីខែកក្កដានេះ ដោយភាគីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមជជែកគ្នាផ្ទៃក្នុង ដើម្បីរកតួលេខរួម។ ជំហានបន្ទាប់ នៅខែសីហា ភាគីទាំងអស់ចាប់ផ្តើមជជែកស្ទាបស្ទង់ពីតួលេខគ្នា ដើម្បីស្វែងរកលទ្ធភាពពិតប្រាកដនៃការតម្លើងប្រាក់ឈ្នួលអប្បបរមា ហើយរវាងខែកញ្ញា និងខែតុលា នឹងមានជំនួបចរចាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលថ្មីនៃវិស័យកាត់ដេរសម្រាប់ឆ្នាំថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI