កម្ពុជា-នយោបាយ

អតីតមន្រ្តីបក្សប្រឆាំងបង្ហើបថាកូនស្រីលោកកឹម សុខា និងលោកសុន ឆ័យ នឹងបង្កើតបក្សថ្មីផ្សេងគ្នានៅចុងឆ្នាំនេះ

របស់លោកមេធាវីផាន់ ច័ន្ទសាក់ ដែលជាអតីតសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិ
របស់លោកមេធាវីផាន់ ច័ន្ទសាក់ ដែលជាអតីតសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិ © សហការី

កញ្ញាកឹម មនោវិទ្យា​ កូនស្រីលោក​កឹម សុខា ​និងលោកស៊ុន ឆ័យ ​នឹងបង្កើត​គណបក្ស​នយោបាយ​ថ្មី២ផ្សេងគ្នា​នៅចុងឆ្នាំ​២០២១​ និងនៅក្នុង​ឆ្នាំ២០២២​។​ នេះបើតាម​ការបង្ហើបឱ្យដឹង​របស់លោក​មេធាវី​ផាន់ ច័ន្ទសាក់​ ដែលជាអតីត​សមាជិកនៃ​អតីតគណបក្ស​សង្រ្គោះជាតិ​នៅព្រឹកថ្ងៃពុធ​នេះ​។ ជាមួយគ្នានេះ​ លោកផាន់ ច័ន្ទសាក់​ ក៏បានអះអាងថា​ លោកគួច ប៊ុនរឿន​ នឹងឡើងមក​ធ្វើជា​ប្រធាន​ដឹកនាំ​គណបក្ស​បេះដូងជាតិ។​ ប៉ុន្តែ ​ស្ថាបនិក​គណបក្ស​នេះបាន​បដិសេធ​ ដោយអះ​អាងថា​ នេះ គឺគ្រាន់តែ​ជាការលើកឡើង​បែបស្មានៗ​តែប៉ុណ្ណោះ​។

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះ លោកផាន់ ច័ន្ទសាក់ អតីតមេធាវីរបស់លោកកឹម សុខា និងជាអតីតសមា​ជិកនៃអតីតគណបក្សប្រឆាំងបានលើកឡើងថា នៅចុងឆ្នាំ២០២១នេះ កញ្ញាកឹម មនោវិទ្យា ដែលជាកូនស្រីរបស់លោកកឹម សុខា អាចនឹងសរសេរលិខិតសុំទោសទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចំពោះសកម្មភាពនយោបាយការទូតរបស់កញ្ញានាពេលកន្លងមកដែលបំពានទៅនឹងបម្រាមរបស់តុលាការកំពូលកម្ពុជា។ លោកបន្តថា កញ្ញាកឹម មនោវិទ្យា មិនមានជម្រើសអ្វីផ្សេងក្រៅពីសុំទោសលោកហ៊ុន សែន ឡើយ ដើម្បីអាចមានឱកាសចូលប្រឡូកក្នុងនយោ​បា​យបានឡើងវិញ ដូចករណីលោកយ៉ែម បុញ្ញរិទ្ធ ដែលនឹងមកដឹកនាំគណបក្សថ្មីកម្ពុជានិយម។

បើពុំដូច្នោះទេ កញ្ញាកឹម មនោវិទ្យា នឹងមិនត្រូវបានផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដូចករណីលោកជួង ជូងី និងលោកញឹម គឹមញ៉ុលអ៊ីចឹងដែរ។ បើតាមលោកផាន់ ច័ន្ទសាក់ ការធ្វើបែបនេះរបស់កញ្ញាកឹម មនោវិទ្យា គឺដើម្បីឈានទៅបង្កើតគណបក្សនយោបាយថ្មី។ លោកផាន់ ច័ន្ទ​សាក់ ដែលបច្ចុប្បន្នបានទៅចូលជាមួយគណបក្សថ្មីកែទម្រង់កម្ពុជាហ៊ានអះអាងយ៉ាងដូច្នេះដោយសំអាងទៅលើការប្រកាស និងការរ៉ៃអង្គាសថវិការបស់កញ្ញាកឹម មនោវិទ្យានៅអាមេរិកនាពេលកន្លងមក ដើម្បីចូលមកប្រទេសកម្ពុជាធ្វើនយោបាយឡើងវិញ។

ក្រៅពីកញ្ញាកឹម មនោវិទ្យា លោកផាន់ ច័ន្ទសាក់ ក៏បានអះអាងដែរថា លោកសុន ឆ័យ ដែលទទួលបានសិទ្ធិធ្វើនយោ​បាយឡើងវិញក៏នឹងបង្កើតគណបក្សនយោបាយថ្មីមួយដែរនៅក្នុងឆ្នាំ២០២២ខាងមុខ។ មិនតែប៉ុណ្ណោះ លោកថែមទាំងថា គណបក្សបេះដូងជាតិ គឺមិនមែនដឹកនាំដោយលោកថាច់ សេដ្ឋា នោះទេ ប៉ុន្តែនឹងដឹកនាំដោយលោកគួយ ប៊ុនរឿន ដែលអតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជុំវិញការលើកឡើងរបស់លោកផាន់ ច័ន្ទសាក់នេះ ទាំងកញ្ញាកឹម មនោវិទ្យា និងទាំងលោកសុន ឆ័យ មិនទាន់អាចទាក់​ទង​សុំការបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃពុធនេះ។ ប៉ុន្តែ ចំពោះករណីគណបក្សបេះដូងជាតិវិញ លោកសៀម ភ្លុក ដែលជាតំណាងស្ថាបនិកគណបក្សនេះបានចេញមកច្រានចោល។ តាមរយៈវិទ្យុបារាំងអន្តរជាតិ លោកសៀម ភ្លុក ចាត់ទុកការលើកឡើងរបស់លោកផាន់ ច័ន្ទសាក់ ថា គ្រាន់តែជាការនិយាយស្មានៗបែបស្រមើស្រមៃ និងមិនប្រាកដនិយមក្នុងចេតនាវាយប្រហារទៅលើអ្នកនយោបាយដទៃតែប៉ុណ្ណោះ។ 

សូមបញ្ជាក់ថា គិតមកពេលនេះ អតីតសមាជិកគណបក្សប្រឆាំងមួយចំនួនហើយបានចេញមកបង្កើតគណបក្សនយោបាយថ្មី។ ក្នុងនោះ មានជាអាទិ៍ លោករៀល ខេមរិន្ទ ប្រធានគណបក្សខ្មែរអភិរក្ស លោកជីវ កត្តា មកដឹកនាំគណបក្សស្រឡាញ់ជាតិ លោកប៉ុល ហំម និងលោកអ៊ូ ច័ន្ទរ័ត្ន មកដឹកនាំគណបក្សកែទម្រង់កម្ពុជា និងលោកយ៉ែម បុញ្ញរិទ្ធ នឹងមកដឹកនាំគណបក្សទើបបង្កើតថ្មីកម្ពុជានិយម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI