កម្ពុជា-វ៉ាក់សាំងកូវីដ១៩

រាជធានីភ្នំពេញ និងខេត្តបីផ្សេងទៀតត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ដល់កុមារដំណាលគ្នា

លោក ហ៊ុន សែន និងចៅៗ
លោក ហ៊ុន សែន និងចៅៗ © Internet

រាជធានី​ភ្នំពេញ​ និងខេត្តចំនួន៣ផ្សេង​ទៀត ​ត្រៀមចាក់វ៉ាក់​សាំងកូវីដ​១៩ ​លើកុមារ​ដែលមាន​អាយុ​ចាប់ពី​១២ឆ្នាំទៅ​ដល់១៧ឆ្នាំ​ ដំណាលគ្នា​នៅថ្ងៃទី១​សីហា​ខាងមុខនេះ។​ ការ​កំណត់នេះ ​គឺធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ហ៊ុន សែន ​នឹងដឹកនាំចៅ​របស់លោក​ចាប់ពីអាយុ១២ឆ្នាំ​ចាក់វ៉ាក់សាំង​ នៅថ្ងៃទី១សីហា​ខាងមុខនេះ ​នៅទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ លើកុមារដែលជាវ៉ាក់សាំងចិនប្រភេទ Sinovac នឹងចេញដំណើរព្រមគ្នារវាងរាជធានីភ្នំពេញ និងខេត្តចំនួន៣ផ្សេងទៀតដែលរួមមាន៖ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ចាប់ផ្តើមនៅថ្ងៃទី០១ សីហានេះរហូតដល់ថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ កក្កដាម្សិលមិញ។

ដំណើរការចាក់វ៉ាក់សាំងជាដំបូងនេះ ផ្ដើមពីកូនៗ និងចៅៗ របស់ឥស្សរជនដែលមានតួនាទីជាឧបនាយករដ្ឋមន្រ្តី ឬមានឋានៈស្មើ រហូតដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បម្រើការនៅថ្នាក់ជាតិ កូនចៅអ្នកឧកញ៉ា និងកូនចៅរបស់មន្រ្តីការទូត មន្រ្តីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងកូនចៅអ្នកសារព័ត៌មានជាដើម។

ចំពោះកូនៗ ចៅៗរបស់ឥស្សរជនដែលមានតួនាទីជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមានឋានៈស្មើ នឹងត្រូវចាក់ចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យកាល់ម៉ែត។ សម្រាប់កូន ចៅអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងអ្នកមានអ្នកឋានៈស្មើត្រូវចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យព្រះអង្គឌួង។ ចំពោះកូនចៅរបស់ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ បុគ្គលិក និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញម្តុំវត្តភ្នំ ហើយនៅមន្ទីរពេទ្យកុមារជាតិវិញ គឺសម្រាប់កូនចៅរបស់មន្រ្តីរាជការ និងអ្នកសារព័ត៌មាន។  សម្រាប់កូនចៅរបស់ប្រជាពលរដ្ឋ និងមន្រ្តីក្រោមឱវាទសាលារាជធានីភ្នំពេញនឹងទៅចាក់នៅតាមទីតាំងចាក់វ៉ាក់សាំងចំនួន ៤២ទីតាំង ដែលស្ថិតក្នុងខណ្ឌទាង១៤ និងកំណត់ដោយសាលារាជធានីភ្នំពេញ។

ជាមួយគ្នានេះ សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា ចំពោះកូនចៅរបស់ពលរដ្ឋដែលមិនទាន់ដល់វេនចាក់វ៉ាកើសាំងសូមអត់ធ្មត់រង់ចាំ ពីព្រោះថាវ៉ាក់សាំងមានចាក់ជូនជាបន្តបន្ទាប់ទៅគ្រប់ៗកុមារ និងក្មេងវ័យជំទង់ទាំងអស់ នៅទូទាំងប្រទេស ទៅតាមការកំណត់របស់គណៈចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។ ជាការគូសបញ្ជាក់បន្ថែមការចាក់វ៉ាក់សាំងដូសទី២ ដល់កុមារ និងវ័យជំទង់ ត្រូវមានគម្លាតរយៈពេល២១ថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដដែល។

សូមជម្រាបជូនថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​យប់​ថ្ងៃ​ទី​២៣ ​កក្កដា ​បាន​ប្តេជ្ញា​ចាក់​វ៉ាក់សាំង​កូវីដ១៩ឱ្យ​ពលរដ្ឋ​ ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ ​ដើម្បី​បង្កើន​ភាព​ស៊ាំ​នៅ​ក្នុង​សង្គម​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩​។ ជា​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ លោកហ៊ុនសែនថា នឹងធ្វើ​ឱ្យបាន​ ​១៣​លាន​នាក់​ ឬ​ស្មើជាង​ ​៨០%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុបដែលចំនួននេះជា​ចំនួន​លើស​ពី​ផែនការ​ចាក់​វ៉ាក់សាំង​បច្ចុប្បន្ន ​ដែលមាន​ត្រឹម១០លាននាក់ និងសម្រេចបានជិត៧០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI