កម្ពុជា-អប់រំ

លោក អឿម ឃឿម៖ខ្ញុំដាក់ទិសដៅធ្វើឲ្យនេតយ៉ងក្លាយជាសាលាគំរូលេខ១ទូទាំងប្រទេស

វិទ្យាល័យនេតយ៉ងក្រុងបាត់ដំបងនិងលោក អឿម​ឃឿម
វិទ្យាល័យនេតយ៉ងក្រុងបាត់ដំបងនិងលោក អឿម​ឃឿម © @Internet

«ការ​រៀបចំ​ផែនការ​បង្រៀន​រៀន​និងរៀន ការ​គ្រប់គ្រង​សាលារៀន ការ​ប្រើប្រាស់​ថវិកា​ដោយ​តម្លាភាព​និងការ​ធានា​បាន​សម្រាប់​សិស្ស​ទាំង​ពីរ​ភេទ​ទទួល​បាន​ការ​ប្រើប្រាស់​ទឹក​ស្អាត​និង​អនាម័យ​ស្មើ​គ្នា​ជាដើម»បាន​ស្ថិត​ក្នុង​ការ​វាយ​តម្លៃ​របស់​ក្រសួង​អប់រំ​លើ​វិទ្យាល័យ​នេតយ៉ង​ក្រុងបាត់​ដំបង នៅ​ក្នុង​វិញ្ញាសា​ស្វែង​រកនាយក​សាលា​ល្អ​ប្រចាំ។ បន្ទាប់​មក​វិទ្យា​ល័យ​នេតយ៉ង ដែល​មាន​អាយុ​កាល​៦៣​ឆ្នាំ​មក​ហើយ​នោះ ​បានក្លាយ​ជា​សាលាល្អ​និង​គំរូ​ប្រចាំ​ឆ្នាំ២០២០ ក្រោម​ការ​ដឹក​នាំ​របស់​លោក អឿម ឃឿម ក្នុង​នាម​ជា​នាយកសាលា។ លោក អឿម ឃឿម ដែល​ជា​អ្នក​បាត់​ដំបង​ស្រាប់​បាន​ចែក​រំលែក​ថា ជ័យ​លាភី​លេខ១​ប្រចាំ​ឆ្នាំនេះ​មិន​កើត​ឡើង​ដោយភាព​ចៃដន្យ​ទេ តែ​កើត​ឡើង​ពី​ការ​តាំង​ចិត្ត​ដើម្បី​ឲ្យ​សក្ដិ​សម​កេរ្តិ៍​ឈ្មោះ​សាលាដែល​ជា​ស្នាដៃ​បន្សល់​ទុក​របស់​ដូចតា។

ផ្សាយពាណិជ្ជកម្ម

មុន​ក្លាយ​ជា​នាយក​សាលា​នេត​យ៉ង លោកអឿម ឃឿម ធ្លាប់​ជា​នាយក​រង​នៃ​វិទ្យាល័យ​ពេជ្រ​ចិន្តាក្រុងបាត់ដំបង​ពី​ឆ្នាំ២០១៧-២០១៩ និង​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​លេខ​១​លើការ​ប្រកួត«សេវា​សាធារណៈ​គំរូ​លើ​វិស័យ​អប់​រំ»។ ដោយ​មើល​ឃើញ​ពី​សមត្ថភាព​របស់​លោក ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ក៏​សម្រេច​តែង​តាំងលោក អឿម ឃឿម ​ជា​នាយក​សាលា​នៅ​ឆ្នាំ​២០១៩​ដល់​ពេល​បច្ចុប្បន្ន។

ជា​អ្នក​ស្រុក​ឯក​ភ្នំ រស់​ខេត្ត​បាត់​ដំបង​ស្រាប់ និង​មាន​ចម្ងាយ​ផ្ទះ​១៥​គីឡូ​ម៉ែត្រ​ពី​វិទ្យាល័យ​នេត​យ៉ង​ក្រុងបាត់​ដំបង  លោកអឿម ឃឿម អះ​អាង​ថា ឈាន​ជើង​ចូល​សាលា​នេត​យ៉ង​ជំហ៊ាន​ដំបូង មានអារម្មណ៍ភ័យ​ខ្លាច​ការងារ​មិន​ទទួល​បាន​ជោគជ័យ។ តែ​ក្រោយ​មក​លោក​តាំង​ចិត្ត​ថា នឹង​ប្រែ​ក្លាយ​សាលា​នេតយ៉ង​ទៅ​ជា​វិទ្យាល័យ​គំរូ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។«មក​ទី​នេះ​ដំបូង​មាន​អារម្មណ៍​ភ័យ​ខ្លាច​មែនទែន ព្រោះ​នេតយ៉ង​ជា​សាលា​ធំ ដែល​មាន​សិស្ស​និង​បុគ្គលិក​អប់រំច្រើន ហើយ​អ្វី​ដែល​សំខាន់ ខ្ញុំ​មាន​បទពិសោធន៍​តិច​មែន​ទែន ប៉ុន្តែ​ដោយ​ខ្ញុំ​មាន​ការ​ប្ដេជ្ញា​ខ្ពស់ លើ​ចំណុច​មួយ​ចំនួន​គឺ ​ធ្វើ​ឲ្យ​វិទ្យាល័យ​នេត​យ៉ងក្លាយ​ជា​សាលា​បៃតង ធ្វើ​ឲ្យ​មាន​តម្លាភាព​លើ​គណនេយ្យភាព និង​តម្លាភាព​លើ​ការ​ប្រើប្រាស់​ថវិកា និងចុង​ក្រោយ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​សាលា​នេតយ៉ង​ជា​វិទ្យាល័យ​គំរូ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។»

 

ភាពបៃតងមួយផ្នែកនៅវិទ្យាល័យនេតយ៉ង
ភាពបៃតងមួយផ្នែកនៅវិទ្យាល័យនេតយ៉ង © អឿម ឃឿម

 

ការ​ប្ដេជ្ញា​ចិត្ត​ទាំង​នេះ​បាន​ក្លាយ​ជានា​វា​នាំ​លោក អឿម ឃឿម ​ទទួល​បាន​ជ័យ​លាភី​ជា​នាយក​សាលា​គំរូ​​ឈរ​នៅ​លេខ​រៀង​ទី​១​​​ទូទាំង​​ប្រទេស។ ជ័យលាភីនេះមិន​​មែន​​កើ​តឡើង​ដោយ​ភាព​ចៃ​ដន្យ​ឡើយ តែ​កើត​ឡើង​ដោយ​កិច្ច​ខិត​ប្រឹង​ប្រែង​បំពេញ​ការងារ។«ក្លាយ​ជា​នាយក​សាលា[ល្អ]ខ្ញុំ​ត្រូវ​បាន​វាយ​តម្លៃ​ទៅ​លើចំណុច​មួយ​ចំនួន​ជា​ច្រើន​ដូចជាៈការ​រៀបចំ​ផែនការ  បង្រៀន​រៀន​និងរៀន ការ​អភិវឌ្ឍ​សាលា ការគ្រប់គ្រង​សាលារៀន ការ​ធានា​នូវ​គណនេយ្យ​ភាព។ ហើយ​បន្ថែម​លើ​នេះ​ក្រសួង​អប់រំ​បាន​វាយ​តម្លៃ​លើ​បីចំណុច​ជា​សំខាន់​ទៀត​រួមមាន៖ការ​ផ្សា​ភ្ជាប់​សហគម​និង​សាលារៀន លទ្ធផល​នៃ​ការ​គ្រប់គ្រង និង​ការអភិវឌ្ឍ​យុវជន។» 

ក្នុង​ចំណោម​ការ​វាយ​តម្លៃ​ទាំង​នេះ​លោក អឿម ឃឿម ផ្ដល់​តម្លៃ​ជា​សំខាន់​លើ​ការ​រៀបចំ​ផែន​ការ​បង្រៀនរៀន​និង​រៀន​នៅ​ក្នុង​អាណិត្ត​របស់​លោក​ជា​នាយក​សាលា ដើម្បី​ឆ្លើយតប​ទិស​ដៅ​របស់​រដ្ឋាភិបាល​ចាត់ទុក​វិស័យ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដ៏​សំខាន់​នៅ​កម្ពុជា។«នៅ​ក្នុង​ការ​បង្រៀន​យើង​មាន​ក្រុមអធិការ​កិច្ច​ចុះទៅ​មើល​ការ​បង្រៀន​និង​រៀន​របស់​លោកគ្រូ អ្នកគ្រូ តាម​បន្ទប់ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ផែន​ការសកម្មភាព​ប្រចាំ​ថ្ងៃ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ត្រូវ​ស្វែង​រក​ថា តើ​សិស្ស​ប្រភេទ​ណា​ដែល​គាត់រៀន​យឺត សិស្ស​ប្រភេទ​ណា​ដែល​រៀន​ពូកែ តាម​រយៈ​ការ​ធ្វើ​តេស្ត​នៅ​រៀង​រាល់​ខែ។ បន្ថែម​លើ​នេះ​យើងតែង​តែ​ធ្វើ​តេស្ត​នៅ​ដើម​ឆ្នាំ​ដើម្បី​ស្វែង​រក​សិស្ស​រៀន​ខ្សោយ​ដើម្បី​បំប៉ន់​ពួក​គេ​ឲ្យ​ក្លាយ​ជា​សិស្ស​រៀន​ពូកែ​ដូចគេ។ មិន​តែប៉ុ​ណ្ណោះ​យើង​ពង្រឹង​លើ​មុខ​វិទ្យាសាស្ត្រ​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​ធ្វើ​រ៉ូបូត​និង​បង្កើត​បន្ទប់ពិសោធន៍។»

 

សិស្សវិទ្យាល័យនេតយ៉ង់
សិស្សវិទ្យាល័យនេតយ៉ង់ © អឿម ឃឿម

 

ក្រៅ​ពី​នេះ​បញ្ហា​បរិស្ថាន​នៅ​ក្នុង​សាលា ការ​ប្រើប្រាស់​ទឹកស្អាត​និង​អនាម័យ ក៏​ត្រូវ​បាន​វាយ​តម្លៃ​សម្រាប់ជ័យលាភី​ជា​នាយក​សាលា​ល្អ​ទូទាំង​ប្រទេស​ដែរ។«នៅ​ក្នុង​បរិបទ​កូវីដ១៩ យើង​មាន​បន្ទប់​ទឹក​ផ្សេង កន្លែង​លាង​ដៃ​ផ្សេង ជា​ពិសេស​នោះ​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន​សាលា​តែ​ម្ដង​ដោយ​មាន​សួន​ច្បារបៃតង​សម្រាប់​ឲ្យ​សិស្ស​គាត់​អង្គុយ​លេង​នៅ​ពេល​ដែល​គេ​ស្មុគស្មាញ ឬ​ស្ត្រេស។ ចំណែក​ការ​ប្រើប្រាស់បន្ទប់​ទឹក​សាលា​ចែក​វេន​សិស្ស​សម្អាត​ដើម្បី​អនាម័យ​ជា​ប្រចាំថ្ងៃ។ បន្ថែម​លើ​នេះ​យើង​ក៏​តាម​ដាន​រាល់​ការលក់​ចំណី​អាហារ​នៅ​ក្នុង​សាលារៀន​ពិសេស​ទប់ស្កាត់​រាល់​ចំណី​អាហារ​ដែល​ត្រូវបាន​ហាមឃាត់​ដោយក្រសួង​អប់រំ។»

បើតាម​លោក​នាយក​សាលា អឿម ឃឿម សុវត្ថិភាព​សិស្ស​ស្រី​ពេល​មក​រដូវ​ក៏​ជា​អ្វី​ដែល​សាលា​យក​ចិត្តទុក​ដាក់​កុំ​ឲ្យ​ជះឥទ្ធិពល​លើ​ការ​សិស្សា។«នេះ​ជា​ចំណុច​សំខាន់​ខ្ញុំ​បាន​គិត​រួច​ជា​ស្រេច​មក​មុន​មក​ធ្វើ​ជានាយក​សាលា​នៅ​ទីនេះ​អំពី​យេនឌ័រ​ជា​ពិសេស​សុខភាព​នារី​ដោយ​យើង​បែងចែក​ដាច់​រវាង​បន្ទប់​ទឹក​នារីនិង​បុរស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺ​ជា​យើង​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​សិស្ស​ស្រី​របស់​យើង​អំឡុង​ពេល​មក​រដូវ​នេះ។»

លោក​នាយក​សាលា​រូបនេះ បាន​បង្ហាញ​ភាព​រីករាយ​ទៀត​ថា នៅ​អំឡុង​ពេល​ប្រមាណ​ជាង​២​ឆ្នាំ​ដែលលោក​មក​ដឹក​នាំ​វិទ្យាល័យ​នេតយ៉ង បាន​ធ្វើ​ឲ្យ​ចំនួន​សិស្ស​ចូល​រៀន​មាន​ការ​កើន​ឡើង​ពី១៨​៥៥​នាក់ដល់​២៤២៤​នាក់ ដោយ​ក្នុង​នោះ​សិស្ស​ស្រី​មាន​ចំនួន​១០៣៣នាក់​ខណៈ​បុគ្គលិក​អប់រំ​មាន​ចំនួន១៥៣។

បរិវេណវិទ្យាល័យនេតយ៉ង់ និងអគារសិក្សាថ្មី
បរិវេណវិទ្យាល័យនេតយ៉ង់ និងអគារសិក្សាថ្មី © អឿមឃឿម

ជា​សិស្ស​ថ្នាក់​ទី១២​នៃ​វិទ្យាល័យ​នេត​យ៉ង កញ្ញា ប៉ូវ វីរីយ៉ា មាន​មោទន​ភាព​នៅ​ពេល​ដែល​សាលា​នាងក្លាយ​ជា​សាលា​គំរូ​លេខ១​នៅ​ទូទាំង​ប្រទេស​ក្រោម​ការ​ដឹក​នាំ​របស់​លោក អឿម ឃឿម។ លោក​នាយកសាលា អឿម ឃឿម ត្រូវ​បាន​រីយ៉ា​មើល​ឃើញ​ថា ជា​មនុស្ស​សាមញ្ញ​សម្រប​ខ្លួន​បាន​គ្រប់​ស្ថានការណ៍ទោះ​ស្ថិត​នៅ​ក្នុង​មុខ​តំណែង​ជា​នាយក​ក៏​ដោយ។«លោក​នាយក​គាត់​មិន​ប្រកាន់​ខ្លួន​ឡើយ ការងារ​អ្វី​ក៏គាត់​ធ្វើ​ដែរ ហើយ​ការ​ដោះស្រាយ​បញ្ហា​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​ជា​មនុស្ស​មាន​តម្លាភាព​មិន​ថា ជាមួយសិស្ស ឬ​លោកគ្រូ​អ្នក​គ្រូ​ឡើយ។ ពិសេស​ជាង​នេះ​ទៀត​នោះ​ពេល​គាត់​ទំនេរ​ពី​ការងារ​គាត់​តែង​ឆ្លៀតបង្រៀន​សិស្សា​នុសិស្ស​នូវ​មុខ​វិទ្យា​គណិត​ទោះ​មិនមែន​ជា​ការងារ​របស់​គាត់​ក៏​ដោយ។»

នៅ​ចំពោះ​មុខ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ដែល​ជះឥទ្ធិពល​ដល់​ដំណើការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិស្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​វីរីយ៉ា​អះអាង​ថា នាង​និង​សិស្ស​គ្រប់​គ្នា​ដែល​ត្រៀម​ប្រឡង​ទទួល​បាន​ការលើក​ទឹកចិត្ត​ពី​លោកនាយក​អឿម ឃឿម ថា​ គោលដៅ​អ្នក​រៀន​មិនមែន​ដើម្បី​តែ​ប្រឡង​ទេ តែ​ដើម្បី​អនាគត។ ជា​សិស្ស​ពូកែ​ម្នាក់​នៅ​ក្នុង​សាលា​វីរីយ៉ា​ខិតខំ​រៀនទ្វេ​ដង ទោះ​អនាគត​ដំណើការ​ប្រឡង​មាន​ការប្រែប្រួល​យ៉ាង​ណា​ក៏​ដោយ។

ក្នុង​នាម​ជា​សិស្ស​ស្រី​ម្នាក់​វីរីយ៉ា​មើល​ឃើញ​ការ​គិតគូ​លើក​កម្ពស់​ស្ត្រី​កើត​មាន​តាំង​ពី​ថ្នាក់​សិក្សា​រួច​ទៅ​ហើយ​តាមរយៈ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព​សិស្ស​ស្រី​ពេល​មក​រដូវ។«បន្ទប់​ទឹក​ធានា​នូវ​ផាសុខភាព​សម្រាប់​យើង​ជា​នារី​ព្រោះ​វា​មាន​អនាម័យ អនាម័យនេះ​កើត​ចេញ​ពី​ការ​បែងចែក​គ្នា​សម្អាត​បន្ទប់​ទឹក​ឬបង្គន់​នៅ​រៀង​រាល់​ថ្ងៃ​ក្រោម​ការ​ណែនាំ​របស់​លោក​នាយក។»

 

វិទ្យាល័យនេតយ៉ង់
វិទ្យាល័យនេតយ៉ង់ © Internet

 

នៅ​លើ​ផ្ទៃ​ដី​ទំហំ​ជិត​៦ម៉ឺន​ម៉ែត្រ​ការ៉េ វិទ្យាល័យ​នេត​យ៉ង ស្ថិត​នៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់​ដំបង ។ ឈរ​ជាមួយ​នឹង​ភាព​រឹង​មាំ​វិទ្យា​ល័យ​ប្រវត្តិ​សាស្ដ្រ​មួយ​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៥៨ ដែល​ឧបត្ថម្ភ​ថវិកា​សាងសង់​ដោយ​ឧបាសិកា​នេតយ៉ង​ដែល​ជា​ភរិយា​របស់​លោកឧកញា​បំរុ​ងរដ្ឋ សោ ហឺ ហើយ​ដំបូង​ឡើយ​ទីនេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សាលា​យុវតី​ដែល​មាន​ពីរ​ខ្នង​ស្មើនឹង​៨​បន្ទប់។ បន្ទាប់​មក​នៅ​ឆ្នាំ​១៩៦៥​ដោយ​សារ​មាន​ការ​ផ្ដួចផ្ដើម​គំនិត​ពី​សហគម​បាន​កសាង​អគារសិក្សា​មួយ​ខ្នង​៣ជាន់​ដែល​ស្មើ​១២​បន្ទប់។ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​សាងសង់​អគារ​សិស្សា២​ខ្នងប​ន្ថែម​ទៀត​ស្មើ​៤៨​បន្ទប់​និង​ទីចាត់​ការ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI