កម្ពុជា-កូវិដ១៩

ក្រសួងការងារ ព្រមានអនុវត្តច្បាប់លើអ្នកបំផុសពលករខ្មែរនៅថៃឱ្យត្រលប់មកស្រុកវិញ

ពលករធ្វើការនៅប្រទេសថៃដែលសម្រុកចូលមកប្រទេសខ្លួនវិញ
ពលករធ្វើការនៅប្រទេសថៃដែលសម្រុកចូលមកប្រទេសខ្លួនវិញ © FB

ក្រសួងការងារ ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ នៅថ្ងៃទី ៣០​ខែកក្កដានេះ បាន​អំពាវនាវ ​ដល់​ពលករខ្មែរដែល​កំពុង​ស្នាក់​នៅ​ប្រទេសថៃ ផ្អាក​ការធ្វើដំណើរ​ ឬ កុំ​ចល័តចេញ​ពីកន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​របស់ខ្លួន ឆ្ពោះមក​ព្រំដែន​កម្ពុជា-ថៃ ចំនួន ១៤​ថ្ងៃ។ ហើយ​បើ​មាន​ម្ចាស់រថយន្ត​ ឬ ​មេខ្យល់ ​ដែលបំផុស​ ឬ ដឹកជញ្ជូន​ពលករ​ គឺល្មើសនឹង​បម្រាម​របស់អាជ្ញាធរ​ថៃ ហើយ​ត្រូវ​ប្រឈម​នឹង​ចំណាត់ការ​តាម​ច្បាប់។ ការ​អំពាវនាវ​របស់​ក្រសួង​ការងារ​កម្ពុជា​នេះ គឺ​បន្ទាប់ពី​កម្ពុជា មាន​រក​ឃើញ​ករណីឆ្លង​មេរោគ​កូវីដបំប្លែងខ្លួន ដែល​តា កាន់តែច្រើន ​រហូត​ញុំាងឱ្យ​រដ្ឋាភិបាល ត្រូវ​បិទខ្ទប់​ការពារ​ការ​ឆ្លងចូល​ក្នុងសហគមន៍ ចំនួន​ ១៤ថ្ងៃសិន។

ផ្សាយពាណិជ្ជកម្ម

តាមសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងការងារកម្ពុជា បាន​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅ​ប្រទេសថៃ ត្រូវកុំ​ចល័ត ​ពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមក​ព្រំដែន​ កម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី ៣០ខែកក្កដានេះ រហូត​ដល់​ថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២១។ ហើយ​ប្រសិនបើ​មាន​ធុរៈចាំបាច់ ឬ ចប់ការងារត្រូវវិល​ត្រឡប់​មក​ប្រទេសកម្ពុជា ត្រូវតែ​រង់ចាំ​រហូត​ដល់​ក្រោយ​ថ្ងៃទី ១២ខែសីហា។​

ក្រសួងការងារ ក៏បាន​ដាក់​លេខ​ទូរស័ព្ទ ​ឱ្យ​ពលរដ្ឋ ឬ ពលករ​ ​ដែល​មានការ​លំបាក​ក្នុងរយៈពេល​ស្នាក់នៅ និង​ធ្វើការនៅប្រទេសថៃ ទាក់ទង​ទៅកាន់​ស្ថានឯកអគ្គរាជទូត​កម្ពុជា ប្រចាំថ្ងៃ រៀងរាល់​ម៉ោង​ធ្វើការ ឬ ក៏ទាក់ទងនឹង​ក្រុមការងារ​ស្ម័គ្រចិត្ត​នៃ «ក្រុម​ការងារ​ទឹកចិត្ត​ពលករនៅថៃ»។ (លេខទូរស័ព្ទ 092 8050 561 ឬ 094​ 0925 ​905​ ឬ 062 1414 009 ឬ 086 7999 957 ឬ តេឡេក្រាមឈ្មោះ «ជំនួយកូវីដ-១៩នៅថៃ»)​ 

ចំពោះ​ពលករ​ដែល​សង្ស័យ​ថាខ្លួន​មានវិជ្ជមាន​កូវីដ-១៩ ឬ មាន​វិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយ​មិនទាន់​ដឹងថាត្រូវទាក់ទងទៅណា ក៏អាច​ពិគ្រោះយោបល់​អំពីការ​ព្យាបាល​ជំងឺកូវីដ-១៩ តាមរយៈ ក្រុម​តេឡេក្រាម «ពិគ្រោះកូវីដ-១៩នៅថៃ» ដែល​មានក្រុមគ្រូពេទ្យ​ចាំផ្តល់​ប្រឹក្សា​យោបល់ និងមានក្រុម​ស្ម័គ្រចិត្ត ផ្តល់​កញ្ចប់ថ្នាំព្យាយាម​ជំងឺកូវីដ-១៩ កម្រិត​ស្រាល។

ជាមួយគ្នា ក្រសួងការងារ ក៏បញ្ជាក់ថា ប្រសិនបើ​មាន​ពលករ ឬ ពលរដ្ឋ​ នៅតែ​បង្ខំ​ចិត្ត​មក​ព្រំដែន​កម្ពុជា-ថៃ នោះ​អាជ្ញាធរ នឹង​តម្រូវឱ្យ​ធ្វើដំណើរ​វិល​ត្រលប់​ទៅកន្លែងដើម​វិញ។ ហើយ​ចំពោះម្ចាស់​រថយន្ត ឬ មេខ្យល់ ដែលបំផុស ឬ ដឹកជញ្ជូន​ពលករ គឺល្មើសនឹង​បម្រាម​របស់អាជ្ញាធរ​ថៃ ហើយ​ត្រូវ​ប្រឈម​នឹងការ​ចាត់វិធានការ​តាម​ច្បាប់។

តាមក្រសួងការងារកម្ពុជា ចំណាត់ការ​ហាម​ឃាត់​មិន​ឱ្យ​ពលករ ឬ ពលរដ្ឋខ្មែរដែល​នៅ​ប្រទេសថៃ ចូល​មក​កម្ពុជានេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាលក្នុង​សហគមន៍នៃមេរោគ​កូវីដ-១៩ ប្រភេទដែល​តា សម្តៅ​ការពារ​សុខភាព និង​អាយុជីវិត​ប្រជាជន ក៏ដូចជា​ដើម្បីឈាន​ឆ្ពោះទៅបើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ លើ​គ្រប់​វិស័យ​ និងដើម្បី​ចូលរួម​ក្នុងវិធានាការ​បិទខ្ទប់​ការធ្វើដំណើរ​ពីខេត្តមួយ​ទៅខេត្ត​មួយ របស់​អាជ្ញាធរ​ថៃផងដែរ។

គួរជម្រាបជូនថា ការអំពាវនាវ​របស់ក្រសួងការងារកម្ពុជានេះ ធ្វើឡើង​ក្រោយ​ពេល​រដ្ឋាភិបាលកម្ពុជា នៅពាក់កណ្តាល​សប្តាហ៍នេះ ទើប​បាន​ចេញ​សារាចរពង្រឹង​ការ​រឹត​បណ្តឹង​វិធានការ​ការពារ​កូវីដ-១៩ ប្រភេទ ដែលតា ចូលក្នុង​សហគមន៍។ រដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបិទខ្ទប់​ខេត្ត​ជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន ៨ខេត្ត ដើម្បីការពារការ​បន្ត​នាំចូល​មេរោគបំប្លែងខ្លួន ប្រភេទ ដែល​តា ពីប្រទេសថៃ មក​កម្ពុជា ខណៈមានការ​រក​ឃើញ​ជាង ១០០ករណី​មេរោគដែលតា ដែល​ឆ្លង​តាមរយៈពលករ​ខ្មែរមក​ពីប្រទេសថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI