កម្ពុជា-វ៉ាក់សាំងកូវីដ១៩

ទូតអាមេរិក៖ការផ្តល់វ៉ាក់សាំងដល់កម្ពុជា គឺធ្វើឡើងដោយគ្មានលក្ខខណ្ឌ តែដើម្បីសង្គ្រោះជីវិត និងបញ្ចប់ជំងឺកូវីដ១៩

ការមកដល់នៃវ៉ាក់សាំងដែលជាជំនួយរបស់សហរដ្ឋអាមេរិក
ការមកដល់នៃវ៉ាក់សាំងដែលជាជំនួយរបស់សហរដ្ឋអាមេរិក AP - Heng Sinith

នៅព្រឹកថ្ងៃសុក្រនេះ​ ជំនួយ​វ៉ាក់សាំង​អាមេរិក​Johnson & Johnson​ តាមរយៈ​យន្តការ​COVAX​ ចំនួនជាង​៤៥ម៉ឺនដូស​ក្នុងចំណោម​ជាង១លានដូស​បានមកដល់​ប្រទេស​កម្ពុជា​ហើយ។​ ខុសពីរាល់ដង ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ មិនបានទៅ​ទទួលវ៉ាក់សាំង​ដំបូង​របស់អាមេរិក​នេះទេ ​ហើយឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា​ក៏មិនឃើញ​វត្តមាន​នោះដែរ​។​ ក៏ប៉ុន្តែ ​តំណាង​ស្ថានទូត​អាមេរិក​ដែលទៅជំនួស​បានអះអាងថា​ វ៉ាក់សាំង​អាមេរិក​ដែលផ្តល់ឱ្យ​កម្ពុជានេះ​ គឺមិនមានភ្ជាប់​លក្ខខណ្ឌ​ណាមួយទេ ​តែជាការ​សង្រ្គោះជីវិត​ និងបញ្ចប់​វិបត្តិ​កូវីដ១៩​នៅកម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

លោកBen Wohlauer ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំនៅកម្ពុជាបានអះអាងថា អាមេរិកមិនមែនផ្តល់វ៉ាក់សាំងដល់កម្ពុជានេះ ដើម្បីទទួលបានការអនុគ្រោះ ឬស្វែងរកសម្បទានទេ ហើយវ៉ាក់សាំងរបស់អាមេរិកក៏មិនមានភ្ជាប់នូវលក្ខខណ្ឌណាមួយឡើយដែរ។ ប៉ុន្តែ ការផ្តល់វ៉ាក់សាំងនេះ គឺ ក្នុងគោលបំណងជួយសង្គ្រោះជីវិត និងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ ចំណែក លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាត្បិតថាមិនបានទៅទទួលវ៉ាក់សាំង ប៉ុន្តែតាមរយៈបណ្តាញសង្គមធ្វីតទ័រនៅព្រឹកថ្ងៃសុក្រនេះបានសម្តែងនូវមោទនភាពចំពោះការមកដល់នៃវ៉ាក់សាំងអាមេរិកនេះ។ លោកថា អាមេរិកបានប្តេជ្ញាចិត្តចំពោះប្រជាពលរដ្ឋកម្ពុជា និងខិតខំរួមគ្នាបញ្ចប់ការរាតត្បាតជំងឺកូវីដ១៩។

ដោយឡែក លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន តាមរយៈទំព័រហ្វេសប៊ុកបានចាត់ទុកជំនួយវ៉ាក់សាំងរបស់អាមេរិកនេះថា គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់នៅក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរកូវីដ១៩នេះ។ សម្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ ដូច្នេះហើយ កម្ពុជាកំពុងបន្តស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អាមេរិកបានសម្រេចផ្តល់វ៉ាក់សាំង Johnson & Johnson តាមរយៈយន្តការCOVAXដល់កម្ពុជាចំនួនជាង១លានដូស។ នៅថ្ងៃទី៣០ ខែកក្កដានេះ វ៉ាក់សាំងនេះចំនួន៤៥ម៉ឺន៥ពាន់ដូសបានមកដល់ប្រទេសកម្ពុជាសម្រាប់ជើងទី១ ហើយជើងទី២ នឹងមកដល់ថ្ងៃទី០២ ខែសីហា ដើមសប្តាហ៍ក្រោយ។ វ៉ាក់សាំងអាមេរិកJohnson & Johnson​ គឺជាវ៉ាក់សាំងទី៣ហើយដែលបានមកដល់ដៃកម្ពុជា។

កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ វ៉ាក់សាំង AstraZenecaដែលផលិតនៅជប៉ុន និងជាជំនួយរបស់ជប៉ុនតាមយន្តCOVAXចំនួន៣៣ម៉ឺនដូសក្នុងចំណោម១លានដូសបានដល់ប្រទេសកម្ពុជា។ រីឯ ប្រទេសអង់គ្លេសក៏បានសម្រេចផ្តល់វ៉ាក់សាំងAstraZeneca ចំនួន៤១ម៉ឺន ៥ពាន់ដូសដល់កម្ពុជាផងដែរដោយរំពឹងថា នឹងមកដល់ពេលឆាប់ៗខាងមុខ។ កាលពីដំបូងគេបង្អស់ កម្ពុជាបានទទួលវ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌាចំនួនជាង៣២ម៉ឺនដូសដែលផ្តល់ដោយយន្តការCOVAX។ ក្រៅពីវ៉ាក់សាំងទាំងនេះ កម្ពុជាក៏ទទួលបានជំនួយវ៉ាក់សាំងជាលក្ខណៈទ្វេភាគីពីមហាយក្សចិនចំនួនជាង២លានដូស ខណៈវ៉ាក់សាំងទាំងប្រភេទSinopharm និង Sinovac ប្រមាណជាង១៤លានដូសទៀត គឺកម្ពុជាបញ្ជាទិញពីប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI